Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់ UN ថា បើចង់​ឲ្យខ្លួនសង​លុយ ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​សិន!

បានផុស

នៅ

រឿងរ៉ាវដ៏ក្តៅគគុកមួយបានផ្ទុះឡើងនៅក្នុងស្ថាប័នកំពូលរបស់ពិភពលោក គឺអង្គការសហប្រជាជាតិ បន្ទាប់ពីសហរដ្ឋ​អាមេរិក បានប្រកាសផ្អាកការផ្តល់ថវិកាចំនួនរាប់ពាន់លានដុល្លារ ដែលខ្លួនជំពាក់ ដោយដាក់ជំនួសមកវិញនូវលក្ខខណ្ឌកំណែទម្រង់មួយចំនួន។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Devex និង​ត្រូវ​បាន​ចុះផ្សាយ​បន្ត​ដោយ Reuters នា​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៦ អាមេរិកបានផ្ញើសារ​សំខាន់ៗចំនួនពីរ ដោយបញ្ជាក់យ៉ាងច្បាស់ថា បើចង់ឲ្យ​អាមេរិកបញ្ចេញកញ្ចប់ថវិកានេះ លុះត្រាតែអង្គការសហប្រជាជាតិព្រមធ្វើតាមការទាមទារចំនួន ៩ចំណុច ដែលសុទ្ធសឹងតែជាការកាត់បន្ថយការចំណាយខ្ជះខ្ជាយ និងការទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិន។

នៅក្នុងចំណោមលក្ខខណ្ឌទាំងនោះ អាមេរិកបានសង្កត់ធ្ងន់ទៅលើការរៀបចំប្រព័ន្ធប្រាក់សោធននិវត្តន៍ឡើងវិញ និងការបញ្ឈប់ការធ្វើដំណើរតាមយន្តហោះថ្នាក់អាជីវកម្ម (Business Class) សម្រាប់មន្ត្រីជាន់ខ្ពស់ និងមធ្យម ដែលធ្លាប់តែចាយវាយប្រាក់យ៉ាងច្រើន លើការធ្វើដំណើរឆ្ងាយៗ។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិកក៏ចង់ឲ្យមានការកាត់បន្ថយចំនួនមន្ត្រីជាន់ខ្ពស់ ដែលលើសតម្រូវការ និងកាត់បន្ថយថវិកាចំនួន ១០ភាគរយ លើបេសកកម្មរក្សាសន្តិភាពណា ដែលយូរឆ្នាំហើយតែមិនមានប្រសិទ្ធភាព។ បន្ថែម​ពី​នោះ គឺអាមេរិកចង់រារាំងមិនឲ្យ​ប្រទេសចិនបញ្ចូលលុយរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ ទៅក្នុងមូលនិធិពិសេសមួយ នៅក្នុងការិយាល័យអគ្គលេខាធិការ ដែលអាមេរិកមើលឃើញថាជាយុទ្ធសាស្ត្រពង្រីកអំណាចរបស់ចិននៅក្នុងស្ថាប័ននេះ។

ទោះបីជាយ៉ាងណាក៏ដោយ ខាងភាគីអង្គការសហប្រជាជាតិ បានចេញមកឆ្លើយតបវិញ តាមរយៈអ្នកនាំពាក្យលោក Stephane Dujarric ដោយបញ្ជាក់ថា ការបង់វិភាគទានរបស់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសសមាជិកដទៃទៀត គឺជាកាតព្វកិច្ច ដែលត្រូវធ្វើតាមសន្ធិសញ្ញាអន្តរជាតិ។ លោកបានបន្ថែមថា អគ្គលេខាធិការលោក Antonio Guterres កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើកំណែទម្រង់ស្ថាប័ននេះ​ ឲ្យ​កាន់តែមានប្រសិទ្ធភាពរួចទៅហើយ ប៉ុន្តែរឿងនេះក៏ត្រូវការការចូលរួមសម្រេចចិត្ត ពីប្រទេសសមាជិកទាំងអស់ផងដែរ ដើម្បីឲ្យ​ការប្រើប្រាស់ធនធានបានចំគោលដៅបំផុត។

ស្ថានភាពហិរញ្ញវត្ថុ របស់អង្គការសហប្រជាជាតិនៅពេលនេះ កំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ដោយលោក Guterres កាលពីដើមឆ្នាំ ធ្លាប់បានព្រមានថា ស្ថាប័ននេះអាចនឹងប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុ ដោយសារតែសមាជិកមិនព្រមបង់ថ្លៃសេវា។ គិតត្រឹមដើមខែកុម្ភៈ សហរដ្ឋអាមេរិកជំពាក់ប្រាក់ក្នុងកញ្ចប់ថវិកាធម្មតាចំនួនជាង ២ពាន់លានដុល្លារ ដែលស្មើនឹង ៩៥ភាគរយនៃបំណុលសរុប ដែលប្រទេសជុំវិញពិភពលោកជំពាក់អង្គការនេះ។ ក្រៅពីនេះ នៅមានបំណុលសម្រាប់បេសកកម្មរក្សាសន្តិភាព និងតុលាការអន្តរជាតិជិត ២,៥ពាន់លានដុល្លារទៀត ខណៈដែលរហូតមកដល់ពេលនេះ អាមេរិកទើបតែបានបង់ប្រាក់ប្រហែល ១៦០លានដុល្លារប៉ុណ្ណោះ ក្នុងចំណោមបំណុលសរុបជាង ៤ពាន់លានដុល្លារ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម