Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រកាសថា សង្គ្រាម​មិនទាន់ចប់ទេ គ្រាន់តែស្ងប់ស្ងាត់មួយរយៈ​ប៉ុណ្ណោះ

បានផុស

នៅ

ស្របពេលដែលស្ថានភាពរវាងមហាអំណាចទាំងពីរហាក់មានភាពស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akraminia បានចេញមកអះអាងកាលពីថ្ងៃអង្គារ ទី​២៨ ខែមេសា ថា ប្រទេសអ៊ីរ៉ង់ នៅតែចាត់ទុកខ្លួនឯង ស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយសហរដ្ឋអាមេរិកដដែល។

លោក Mohammad Akraminia (រូបថត៖ IRNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន CGTN លោក Akraminia បានបញ្ជាក់ថា អ៊ីរ៉ង់មិនដែលទុកចិត្តអាមេរិក និងសត្រូវឯទៀតឡើយ ហើយរាល់ថ្ងៃនេះ កងទ័ពអ៊ីរ៉ង់នៅតែបន្តកំណត់គោលដៅវាយប្រហារ និងត្រៀមលក្ខណៈឲ្យបានហ្មត់ចត់បំផុត ហាក់បីដូចជាកំពុងស្ថិតក្នុងសមរភូមិពិតៗអ៊ីចឹង​ដែរ ដោយលោកសង្កត់ធ្ងន់ថា ការឈប់បាញ់នាពេលកន្លងមក គ្រាន់តែជាការផ្អាកសំឡេង​​គ្រាប់​កាំភ្លើងបណ្ដោះអាសន្នតែប៉ុណ្ណោះ។

នៅថ្ងៃដដែលនោះដែរ ខាងភាគីសហរដ្ឋអាមេរិកក៏មិនបានថយដៃនោះទេ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យ​មន្ត្រីក្រោមឱវាទត្រៀមលក្ខណៈសម្រាប់ការបិទខ្ទប់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែងថែម​ទៀត​ ខណៈដែលការចរចាសន្តិភាពកំពុងជួបភាពទាល់ច្រក។ មូលហេតុចម្បងគឺដោយសារលោក ត្រាំ មិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់។ តាមរបាយការណ៍ពីសារព័ត៌មាន CNN ដោយសារតែសម្ពាធនេះ អ៊ីរ៉ង់ទំនងជានឹងត្រូវបង្ខំចិត្តរៀបចំផែនការសន្តិភាពថ្មីមួយទៀត ដើម្បីដាក់ជូនអ្នកសម្របសម្រួល នៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីព្យាយាមដោះស្រាយវិបត្តិ។

ក្រៅពីយុទ្ធសាស្ត្របិទខ្ទប់ផ្លូវទឹក និងផ្លូវអាកាស សហរដ្ឋអាមេរិក ក៏បានបន្ថែមសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមួយកម្រិតទៀតផងដែរ។ កាលពីថ្ងៃអង្គារ ក្រសួងការបរទេសអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គល និងស្ថាប័នចំនួន ៣៥ ដែលមានការពាក់ព័ន្ធនឹងសកម្មភាពហិរញ្ញវត្ថុរបស់ប្រទេសអ៊ីរ៉ង់។ វិធានការនេះ បង្ហាញឲ្យ​ឃើញថា អាមេរិកកំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីរឹតបន្តឹងដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឲ្យ​កាន់តែខ្លាំង ខណៈដែលភាគីទាំងពីរនៅតែរក្សាជំហរតឹង​រ៉ឹង​ដាក់គ្នាទៅវិញទៅមកមិនព្រមចុះចាញ់ឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម