Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ប្រាប់តំណាងយូណេស្កូ ពីការបំផ្លាញរបស់ថៃមកលើប្រាសាទរបស់កម្ពុជា

បានផុស

នៅ

ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់តំណាងអង្គការយូណេស្កូពីការខូចខាតនៃប្រាសាទរបស់កម្ពុជា រាប់ទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកបានរងការបំផ្លាញដោយសារតែសង្គ្រាមឈ្លានពានរបស់ថៃមកលើតំបន់ព្រំដែនប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោបានលើកឡើងនៅក្នុងជំនួបជាមួយលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា «ថ្មីៗនេះ តាមរយៈសង្គ្រាមកម្ពុជា និងថៃ សម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេស គឺប្រាសាទព្រះវិហារ»។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ និងលោកតំណាងអង្គការយូណេស្កូ សុទ្ធតែបានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា ដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមកន្លងទៅ។

តាមអ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ លោកតំណាងអង្គការយូណេស្កូ ក៏បានសម្ដែងការសោកស្ដាយនៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក​ត្រូវបានបំផ្លាញ ជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង។ នៅចំពោះមុខសម្ដេចតេជោ លោកតំណាងយូណេស្កូ បានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការជួសជុល និងស្ដារឡើងវិញនូវការខូចខាតសម្រាប់សម្បត្តិបេតិកភណ្ឌទាំងអស់នោះ។

បន្ថែមពីលើនេះ លោកក៏បានលើកឡើងអំពីការបន្តការគាំទ្រចំពោះការអភិរក្សសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងរូបី និងអរូបី ហើយនឹងបន្តជួយដល់ប្រទេសកម្ពុជាក្នុងការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌដទៃទៀតទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

ជាការកត់សម្គាល់ ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើជួរភ្នំដងរែក ក្នុងខេត្តព្រះវិហារ នៃដែនអធិបតេយ្យរបស់កម្ពុជា ត្រូវបានថៃប៉ុនប៉ងឈ្លានពាន និងដណ្តើមយកជាច្រើនលើកច្រើនសារមកហើយ។ ជាក់ស្ដែង ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃលើប្រទេសកម្ពុជា ចំនួន២លើកកន្លងទៅថ្មីៗនេះ ប្រាសាទព្រះវិហារក៏ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលដោយអាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ។ មិនត្រឹមតែប្រាសាទព្រះវិហារប៉ុណ្ណោះ ក៏ប៉ុន្តែក៏មានប្រាសាទ ដែលជាបេតិកភណ្ឌជាតិរបស់កម្ពុជាមួយចំនួនទៀត ក៏បានរងការបំផ្លាញស្ទើរខ្ទេចខ្ទី ហើយត្រូវដណ្ដើមកាន់កាប់ដោយយោធាថៃផងដែរ ដូចជាប្រាសាទតាមាន់ និងប្រាសាទតាក្របី ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម