ព័ត៌មានជាតិ
និស្ស័យក្បាច់គុនល្បុក្កតោ-សៅលីង ជួបគ្នាជាថ្មីក្នុងមហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិននៅខេត្តសៀមរាប
កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ«មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា–ចិន ២០២៦» ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីមហោស្រពនេះឡើងដោយមានការអញ្ជើញនិងនិមន្តរបស់ព្រះសង្ឃសៅលីងចំនួន១៦អង្គ បាននាំមកជាមួយក្បាច់ថាយជី និងកុងហ្វូ មកជួបជាថ្មីជាមួយក្បាច់គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ របស់កម្ពុជានៅមុខប្រាសាទបាយ័នខេត្តសៀមរាប។ មហោស្រពនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ វប្បធម៌ កីឡា និងការផ្លាស់ប្តូរប្រជាជនទៅវិញទៅមករវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ មានគុណភាព និងចីរភាព។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានចាត់ទុកព្រឹត្តិការណ៍នេះ ជាសញ្ញាបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានគេហៅថា “មិត្តភាពដែកថែប”។ ទំនាក់ទំនងនេះ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន នយោបាយ សេដ្ឋកិច្ច វប្បធម៌ ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសវិស័យទេសចរណ៍ ដែលជាកម្លាំងជំរុញសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជន។ ក្នុងបរិបទសកលថ្មី ក្រោយវិបត្តិជាច្រើន កម្ពុជាបានបន្តខិតខំធ្វើបច្ចុប្បន្នភាពវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់គុណភាពសេវាកម្ម ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ក្នុងនោះ ទីផ្សារទេសចរចិន ត្រូវបានចាត់ទុកជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់ ដែលមានឥទ្ធិពលខ្ពស់ក្នុងការជំរុញកំណើនទេសចរណ៍កម្ពុជា។

លោកអភិបាលរងខេត្តមានប្រសសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះ បានចូលរួមយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខេត្ត ទៅកាន់ទីផ្សារទេសចរចិន និងអន្តរជាតិ ព្រមទាំងបង្ហាញថា សៀមរាប មិនត្រឹមតែជាទីកន្លែងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅទេសចរណ៍សម័យថ្មី ដែលរួមបញ្ចូលទាំងវប្បធម៌ កីឡា សិល្បៈ និងព្រឹត្តិការណ៍អន្តរជាតិដ៏រស់រវើក។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប នឹងបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការពង្រឹងសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិរក្សបរិស្ថាន និងការអភិវឌ្ឍទីក្រុងឲ្យមានភាពស្រស់ស្អាត និងទាក់ទាញដើម្បីធានាថា ភ្ញៀវទេសចរទាំងអស់ទទួលបានបទពិសោធន៍ល្អប្រសើរ ប្រកបដោយភាពកក់ក្តៅ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

ព្រះតេជគុណ សី យ៉ានស៊ូ (Shi Yan Shu) ព្រះចៅអធិការមជ្ឈមណ្ឌលវប្បធម៌វត្ត សៅលីង ប្រចាំកម្ពុជា មានថេរដីកាថា មហោស្រពក្បាច់គុន នៅមុខប្រាសាទបាយ័ននេះ គឺជាភាពរស់រវើកនៃចំណងមិត្តភាពតាមរយៈក្បាច់គុន និងការរឹតចំណងសាមគ្គីភាពតាមរយៈវប្បធម៌កម្ពុជាចិន។ ក្នុងចំណោមប្រទេស៥៦ បានចូលរួមប្រកួតក្បាច់គុននៅទូទាំងពិភពលោក កម្ពុជាមានភាពលេចធ្លោជាងគេ ដោយក្បាច់គុនខ្មែរបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លំាង។ ចាប់តាំងពីមជ្ឈមណ្ឌលវប្បធម៌វត្ត សៅលីងប្រចាំកម្ពុជាបានបង្កើតនៅខែឧសភា២០២៤មក យើងតែងតែប្រើប្រាស់សមាធិ ក្បាច់គុន វិជ្ជាពេទ្យសិល្បៈជាមធ្យោបាយដើម្បីបន្តផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន និងលើកស្ទួយការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន។

ថ្លែងបើកព្រឹត្តិការណ៍មហោស្រព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា មហោស្រពក្បាច់ គុនចម្រុះ កម្ពុជា-ចិន អមដោយការបង្ហាញវប្បធម៌ចម្រុះ កម្ពុជា-ចិន នាពេលនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើកទី៦៨ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន និងបានប្រព្រឹត្តទៅក្នុងបរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹង ពង្រីក ពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ បានក្លាយជាសសរ ស្តម្ភដ៏រឹងមាំមួយដែលគាំទ្រដល់មិត្តភាពដែកថែប ជាពិសេសក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

លោករដ្ឋមន្ត្រី បន្ថែមថា ជាការពិតមិនអាចប្រកែកបាន អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្ដាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ កម្ពុជាបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រឡប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិន របស់មិត្តចិននៅកម្ពុជា។ ហេតុនេះសូមស្នើដល់ភាគីមិត្តចិន បន្តចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងជួយសម្របសម្រួលជាមួយភាគីចិនគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការអនុវត្តឆ្នាំទេសចរណ៍នេះ ឱ្យបានប្រកបដោយផ្លែផ្កា ក៏ដូចជាជំរុញឱ្យបណ្តាខេត្ត/ក្រុងនានារបស់ចិន សហការរៀបចំព្រឹត្តិការណ៍ខាងលើរួមគ្នាជាមួយក្រសួងទេសចរណ៍កម្ពុជា និងសូមអំពាវនាវដល់មិត្តចិនទាំងអស់ដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះ ជួយផ្សព្វផ្សាយពីសភាពការណ៍ ពិតរបស់ប្រទេសកម្ពុជា៕
អត្ថបទ៖ គឿន វ៉េត






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


