Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ​បង្ក​ភាព​តានតឹង​ជាមួយ​អឺរ៉ុប​ជាថ្មី ដោយ​​ប្រកាសដំឡើងពន្ធ ២៥% លើរថយន្តនាំចូល​ពីអឺរ៉ុប

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ​បាន​​អះអាង​កាលពីថ្ងៃសុក្រ ទី១ ខែឧសភា ថា លោកនឹងបង្កើន ពន្ធគយ​លើ​រថយន្ត និងឡានដឹកទំនិញដែលនាំចូលពីសហភាពអឺរ៉ុប (EU) រហូតដល់ ២៥ ភាគរយ នៅសប្តាហ៍ក្រោយ។ សកម្មភាពនេះ អាចបង្កឲ្យមាន​ភាព​រង្គោះរង្គើដល់សេដ្ឋកិច្ចពិភពលោកក្នុងអំឡុងពេលដ៏រសើបមួយ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មាន aljazeera លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social ឲ្យ​ដឹង​ថា សហភាពអឺរ៉ុប «មិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានព្រមព្រៀងគ្នាទាំងស្រុងរបស់យើងនោះទេ» ទោះបីជា​យ៉ាង​ណា​ លោក​ ត្រាំ មិនបានបញ្ជាក់លម្អិត អំពីចំណុចដែលលោកជំទាស់នៅក្នុងការបង្ហោះនោះក៏ដោយ។

នៅពេលដែលក្រុមអ្នកយកព័ត៌មានបានសាកសួរកាលពីថ្ងៃសុក្រ អំពីការដំឡើងពន្ធនាំចូល ក្នុងខណៈពេលដែលលោកកំពុងចាកចេញពីសេតវិមានទៅកាន់រដ្ឋផ្លរីដា (Florida) លោកត្រាំបានមានប្រសាសន៍ថា សហភាពអឺរ៉ុបមិនបានអនុវត្តតាមក្របខ័ណ្ឌពាណិជ្ជកម្មកាលពីឆ្នាំមុន «ដូចទម្លាប់» នោះទេ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីប្រភពនៃភាពតានតឹងនេះឡើយ។ លោកបានបន្ថែមដោយជឿជាក់ថា ការផ្លាស់ប្តូរទៅរកការយកពន្ធខ្ពស់ជាងមុននេះ «នឹងបង្ខំឲ្យពួកគេផ្លាស់ប្តូរការផលិតនៅតាមរោងចក្ររបស់ពួកគេមកកាន់សហរដ្ឋអាមេរិកឲ្យបានកាន់តែលឿន»។

លោកត្រាំ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដាឆ្នាំមុន។ កិច្ចព្រមព្រៀងនោះបានកំណត់ កម្រិតពន្ធត្រឹម ១៥ ភាគរយ លើទំនិញភាគច្រើន ប៉ុន្តែនៅឆ្នាំនេះ តុលាការកំពូលបានសម្រេចប្រឆាំងនឹងអំណាចផ្លូវច្បាប់ដែលលោកបានប្រើប្រាស់ដើម្បីយកពន្ធនោះ។

កត្តានេះបានធ្វើឲ្យលោកស្វែងរកអំណាចផ្លូវច្បាប់ផ្សេងមកជំនួសវិញ ហើយរដ្ឋបាលរបស់លោកបានដាក់ចេញនូវពន្ធ ១០ ភាគរយ ក្នុងអំឡុងពេលដែលកំពុងស៊ើបអង្កេតលើអតុល្យភាពពាណិជ្ជកម្ម និងបញ្ហាសន្តិសុខជាតិ ដើម្បីដាក់ចេញនូវពន្ធគយថ្មីៗ សម្រាប់មកបំពេញបន្ថែមនូវចំណូលដែលបានបាត់បង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម