Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប អំពាវនាវ និយោជក និងកម្មករ បន្តរក្សាសុខដុមនីយកម្ម វិជ្ជាជីវៈ ដោយត្រូវចាត់ទុកសហគ្រាសជា “ឆ្នាំងបាយរួម” និង “ផ្ទះទីពីរ”

បានផុស

នៅ

អាជ្ញាធរខេត្តសៀមរាប បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យការងារ បន្តពង្រឹងកិច្ចសហការ សាមគ្គីភាព ដើម្បីស្ថិរភាពការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងសូមអំពាវនាវដល់និយោជក កម្មករ-និយោជិត សហជីព និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារក្សាសុខដុមនីយកម្មក្នុងកន្លែងការងារ ដោយចាត់ទុកសហគ្រាស ឬ រោងចក្រ គឺជា “ឆ្នាំងបាយរួម” និង “ផ្ទះទីពីរ” ដែលត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស និងរីកចម្រើន និងជំរុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសការថែទាំសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនារដូវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” នៅខេត្តសៀមរាប នាថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានសង្កត់ធ្ងន់ដោយលើកទឹកចិត្តឲ្យកម្មករ-និយោជិត រក្សាជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយមដែលមានបំណងបង្កអស្ថិរភាពសង្គម ក្នុងកាលៈទេសៈត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

លោក ឌី រ៉ាដូ មានប្រសាសន៍ថា ស្មារតី នៃទិវា ១ ឧសភា មិនត្រឹមតែជាថ្ងៃរំលឹកតែប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តជាក់ស្ដែង គឺនៅតែមានកាតព្វកិច្ចជារៀងរាល់ថ្ងៃ ទាំងនិយោជក មន្រ្តីអធិការកិច្ចការងារ កម្មករ-និយោជិត និងសហជីព ដែលត្រូវតែបន្តអនុវត្តឲ្យស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្តផងដែរ ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករ-និយោជិត ក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ។

លោកអភិបាលរងខេត្ត ក៏បានជំរុញលើកទឹកចិត្តដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ព្រមទាំងការអនុវត្តអនុលោមតាមស្ដង់ដារសេវាកម្មអាស៊ាន ដើម្បីធានាឲ្យការផ្តល់សេវាកម្មមានគុណភាព និងកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរ។ ជាពិសេសត្រូវបង្កើតនូវយន្តការឆ្លើយតបទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្ដល់នូវសំណាញ់សុវត្ថិភាពសង្គមជូនដល់កម្មករ កម្មការិនី និងយុវជន យុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ។

យោងតាមសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលអានដោយ លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីការពារឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសកម្មករ-និយោជិត។ រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរអនុវត្តស្របតាមខ្លឹមសារ “ការងារសមរម្យ គឺជាការងារដែលប្រកបដោយសុខុមាលភាព លក្ខខណ្ឌកាន់តែប្រសើរ ផ្ដល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូនកម្មករ-និយោជិត”។

លោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារខេត្តសៀមរាប បានលើកឡើងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន ៖ ១.ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ស្របនឹងគោលដៅឆ្នាំ ២០២៦ គឺ ផ្ដោតលើការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឲ្យមានភាពធន់ និងចីរភាព។ ២.កិច្ចសន្ទនាសង្គម តាមរយៈវេទិកាសាធារណៈ នៃកិច្ចសន្ទនាសង្គម គឺជាយុទ្ធសាស្ត្រផ្ដល់ដំណោះស្រាយពិតប្រាកដសម្រាប់កម្មករ-និយោជិត និង ៣.ការងារសមរម្យ ជំរុញការបន្តកែលម្អលក្ខខណ្ឌការងារ ដើម្បីធានាបាននូវការងារសមរម្យសម្រាប់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម