Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ដាក់លក្ខខណ្ឌ ៨ ចំណុចទៅអាមេរិក វិញ តែ ត្រាំ ថា «មិនអាចទទួលយកបាន»

បានផុស

នៅ

ទីបំផុត អ៊ីរ៉ង់ បានឆ្លើយតបហើយ ចំពោះសំណើសន្តិភាពរបស់លោក ដូណាល់ ត្រាំ ដោយទីក្រុងតេហរ៉ង់ ដាក់លក្ខខណ្ឌ ៨ចំណុចទៅវិញ ប៉ុន្តែប្រធានាធិបតីអាមេរិក ច្រានចោលថា មិនអាចទទួលយកបានឡើយ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim កាលពីថ្ងៃ អាទិត្យ ទី ១០ ខែ ឧសភា បានដកស្រង់ប្រភព ពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដែលបញ្ជាក់លក្ខខណ្ឌ ដើម្បីបញ្ចប់សង្គ្រាម។ លក្ខខណ្ឌទាំង៨ មានដូចជា៖ 

  1. បញ្ចប់សង្គ្រាមជាបន្ទាន់
  2. ធានាថា អ៊ីរ៉ង់ នឹងមិនរងការវាយប្រហារម្ដងទៀត
  3. ដកទណ្ឌកម្ម របស់សហរដ្ឋអាមេរិកចេញ
  4. បញ្ចប់ការប្រយុទ្ធគ្នា នៅគ្រប់សមរភូមិ
  5. អ៊ីរ៉ង់ ត្រូវគ្រប់គ្រងច្រកសមុទ្រ Hormuz
  6. កងទ័ពជើងទឹកអាមេរិក ត្រូវបញ្ចប់ការបិទខ្ទប់ផ្លូវទឹក 
  7. លុបចោលទណ្ឌកម្មរបស់អាមេរិក លើវិស័យប្រេងក្នុងរយៈពេល ៣០ ថ្ងៃ
  8. ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលបង្កក ត្រូវបញ្ចេញមកវិញ

យ៉ាងណាក្តី ជុំវិញលក្ខខណ្ឌទាំងនេះ ត្រូវបានលោក ត្រាំ បដិសេធភ្លាមៗ ដោយប្រកាសថា មិនអាចទទួលយកបានទាំងស្រុង។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ដូចគ្នានោះ ប្រមុខសេតវិមាន អះអាងថា៖ «ខ្ញុំ ទើបតែអាន ការឆ្លើយតបពីអ្នកដែលហៅថា “តំណាង” របស់អ៊ីរ៉ង់។ ខ្ញុំមិនចូលចិត្តទេ – គឺមិនអាចទទួលយកបាន ទាំងស្រុងតែម្តង»។

Banner រូបមេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei ក្នុងទីក្រុង តេហេរ៉ង់ (រូប៖ Reuters)

កាលពីសប្តាហ៍មុន អាមេរិក បានបញ្ជូនសំណើសន្តិភាព១៤ចំណុចទៅអ៊ីរ៉ង់ ប៉ុន្តែក្នុងសំណើនោះ ឬគេហៅថា MOU ត្រូវគេមើលឃើញថា មាន ៣ ចំណុចដែលសំខាន់ជាងគេ។

៣ចំណុចធំនោះ រួមមាន៖

បើកច្រកសមុទ្រ Hormuz ឡើងវិញ សម្រាប់ចរាចរណ៍កប៉ាល់ដឹកជញ្ជូន ព្រមជាមួយការដកចេញនូវការបិទខ្ទប់ផ្លូវទឹក ដោយសហរដ្ឋអាមេរិក។

អ៊ីរ៉ង់ នឹងយល់ព្រមលើការផ្អាកចម្រាញ់អ៊ុយរ៉ាញ៉ូម ជាបណ្ដោះអាសន្ន (ទំនងជាក្នុងរយៈពេលពី ១២ ដល់ ១៥ ឆ្នាំ) និងពង្រឹងការត្រួតពិនិត្យ ពីសំណាក់ អង្គការសហប្រជាជាតិ។

ការដកទណ្ឌកម្មចេញជាដំណាក់កាល និងបញ្ចេញថវិការាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកទុក។

យ៉ាងណាក្តី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានរួចហើយថា បើអ៊ីរ៉ង់ មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពទេ ពួកគេ នឹងត្រូវរងការវាយប្រហារធ្ងន់ធ្ងរ និងសាហាវជាងនេះទៅទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម