Connect with us

កីឡា

ជំនួប​ប្រវត្តិ​សាស្ត្រ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ​ Kuwait SC មាន​កីឡាករ​បរទេស ៨ នាក់​ដូច​គ្នា​យប់​នេះ

បានផុស

នៅ

ជំនួប​វគ្គ​ផ្តាច់​ព្រ័ត្រ នឹង​ចារ​​ប្រវត្តិ​សាស្ត្រ​ជា​ថ្មីនៃ​ក្លិប​តំណាង​កម្ពុជា​គឺ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្លិប​ Kuwait SC តំណាង​ឲ្យ​ប្រទេស​គុយវ៉ែត ក្នុង​ពាន​រង្វាន់​ទ្វីប​អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ក្លាយ​ជា​ក្រុម​របស់​កម្ពុជា​​ដំបូង គេ​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League ដល់​ទៅ​ ២ លើក​ជាប់​គ្នា បន្ទាប់​ពី​លើក​ទី១ រដូវ​កាល ២០២៤-២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ពេល​នោះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២។

ចំណែក ក្រុម Kuwait SC បាន​ឡើង​​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​អាស៊ី លើក​ទី​៥ គឺ​ពាន AFC Cup ឬ AFC Champions League Two ចំនួន ៤ ហើយ​បាន​ឈ្នះ​ជើង​ឯក ៣ លើក និង​រង​ជើង​ឯក ១ លើក ហើយ​លើក​ទី​ ៥ ​នេះ​គឺ​​ពាន​រង្វាន់ AFC Challenge Leauge។

រាត្រី​នេះ នៅ​ប្រទេស​គុយវ៉ែត​ វេលា​ម៉ោង ១១:៤៥​នាទីយប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ខ្លាំង សុទ្ធ​តែ​ល្អ និងសុទ្ធ​តែ​អាច​មាន​ឱកាស​ឈ្នះ​ជើង​ឯក​ដូច​គ្នា។ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង Kuwait SC មាន​កីឡាករ​បរទេស ៨ នាក់​ស្មើ​គ្នា ខណៈ​កីឡាករ​ក្នុង​ស្រុក​របស់​ពួក​គេ​ក៏​សុទ្ធ​តែ​មាន​បទ​ពិសោធ និង​ជាប់​ជម្រើស​ជាតិ​រៀង​ៗ​ខ្លួន។

ក្រុម Kuwait SC មានខ្សែ​ការពារ​បរទេស ២ នាក់គឺ​ Arsene Zola ​សញ្ជាតិ​កុងហ្គោ និង Ali Pourdara ​សញ្ជាតិ​អ៊ីរ៉ង់, ​ខ្សែ​បម្រើ​បរទេស ៣ នាក់​គឺកីឡាករ Amro Abdelfatah (​អេហ្ស៊ីប), Idrissa Doumbia (កូតឌឺវ័រ) និង កីឡាករ Mehdi Berrahma (ម៉ារ៉ុក) ហើយ​ក៏​មាន​ខ្សែ​ប្រយុទ្ធ​បរទេស ៣​ នាក់​ដែរ​គឺ​កីឡាករ Mohamed Marhoon (បារ៉ែន), Ahmed Alaa (អេហ្ស៊ីប) និង​កីឡាករ Taha Yassine Khenissi (ទុយនេស៊ី)។

ចំណែក ព្រះ​ខ័ន​រាជ​ស្វាយរៀង​ មាន​ខ្សែ​ការពារ​បរទេស​ ១ នាក់​គឺ កីឡាករម៉ារ៉ុក​ Faris Hammouti, ខ្សែ​ប្រើ​ជប៉ុន​ ២ នាក់​គឺ Takashi Odawara និង Ryo Fujii និង​​មាន​ខ្សែ​ប្រយុទ្ធ​បរទេស ៥ នាក់​គឺកីឡាករហ្គាណា Kwame Peprah, កីឡាករព័រទុយហ្គាល់ Tiago Alves, ​កីឡាករ​ស្កុតឡែន Connor Shields, ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Cristian Roque និង Patrick Robson។

មុន​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​ទាំង​ពីរ​មាន​កំណត់​ត្រា​មិន​ទាន់ចាញ់​ដូច​គ្នា​ក្នុង​ពាន​រង្វាន់​អាស៊ី​មួយ​នេះ។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ៥ និង​ស្មើ ២ ក្នុង​នោះ​ ឈ្នះ ២ និង​ស្មើ ១ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល, ឈ្នះ​ ភ្នំពេញ​ក្រោន​ ទាំង​ពីរ​ជើងដោយលទ្ធផល​ ៥-១ នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ និង​ឈ្នះ​ក្រុម Manila Digger ទាំង​ពីរ​ជើង ៤-១ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំណែក​ ក្រុម Kuwait SC បាន​ឈ្នះ ៤ និង​ស្មើ ១ ក្នុង​នោះ​ឈ្នះ ២ និង​ស្មើ ១ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល, ​ឈ្នះ​ក្រុម Al Shabak ដោយ​លទ្ធផល ៥-៣ នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ និង​ឈ្នះ​ក្រុម Muras United ដោយ​លទ្ធផល ២-១ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

កុំ​ភ្លេច​គាំទ្រ​​ក្លិប​តំណាង​ឲ្យ​កម្ពុជា​ទាំង​អស់! ក្រុម​តែ​មួយ ស្មារតី​តែ​មួយ កម្លាំង​ចិត្ត​តែ​មួយ លទ្ធផល​តែ​មួយ​ដើម្បី​​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម