Connect with us

កីឡា

៣ ចំណុចគួរដឹង ពី ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានលេងវគ្គចែកពូលពា​ន AFC2

បានផុស

នៅ

ការប្រកួតពាន AFC Champions League Two រដូវកាល ២០២៦-២០២៧ បានកំណត់ជាផ្លូវការហើយ ដោយមានក្លិបតំណាង កម្ពុជា ២ ក្រុម​គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងត្រូវចូលលេងវគ្គចែកពូលដោយស្វ័យប្រវត្តិតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឡើយ សហព័ន្ធបាល់ទាត់ទ្វីប អាស៊ី (AFC) បានកំណត់កៅអីឱ្យ កម្ពុជា តែ ១ កៅអីកន្លះប៉ុណ្ណោះក្នុងពាន AFC2 ដែលមានន័យ ថា ក្រុមជើងឯកលីគទទួលបាន ១ កៅអីនៅវគ្គចែកពូល និងក្រុមលេខ ២ ក្នុងលីគត្រូវប្រកួតជម្រុះ playoff។

ទោះបីជាយ៉ាងណា ព័ត៌មានចុងក្រោយ គឺ ភ្នំពេញក្រោន ដែលជាក្រុមលេខ ២ ក្នុងលីគកំពូលកម្ពុជា ទទួលបានកៅអីចូលលេងវគ្គចែកពូលដោយស្វ័យប្រវត្តិដូចក្រុមជើងឯកលីគ ព្រះខ័នរាជស្វាយរៀង ដែរ។

ប្រការនេះ បានជះសមិទ្ធផល​វិជ្ជមានជាច្រើនសម្រាប់ក្រុមបាល់ទាត់ទាំង ២ ក៏ដូចជាបាល់ទាត់កម្ពុជាទាំងមូល។ ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយករឿងរ៉ាវ ៣ ចំណុច ដែលអ្នកគាំទ្រគួរដឹងអំពីក្រុម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានលេងវគ្គចែកពូលពាន AFC2 រដូវកាល ២០២៦-២០២៧ ខាងមុខ៖

ទី១. នេះគឺជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ កម្ពុជា ដែលមានក្លិបចំនួន ២ បានចូលលេងវគ្គចែកពូលពាន AFC Champions League Two។ កន្លងមក កម្ពុជា ធ្លាប់មានតែក្លិប ២ បានលេងនៅក្នុងពានកម្រិតទី ៣ AFC Challenge League ប៉ុណ្ណោះ ខណៈនៅក្នុងពាន AFC2 ពុំធ្លាប់មាននោះទេ។

កាលពីឆ្នាំ ២០២១ មានក្លិប កម្ពុជា ២ គឺបឹងកេត និងវិសាខា ធ្លាប់ទទួលបានកៅអីចូលវគ្គ​ចែក​ពូល​ពាន AFC2 នេះដែរ ដែលពេលនោះប្រើឈ្មោះ AFC Cup ប៉ុន្តែត្រូវបានរំសាយទៅវិញ ដោយសារវិបត្តិជម្ងឺកូវីដ១៩។

ទី ២. ការឈានចូលមកដល់វគ្គចែកពូលទាំង ២ ក្លិបបែបនេះ បានផ្តល់នូវរឿងល្អមួយទៀត គឺប្រាក់រង្វាន់។ ប្រាក់រង្វាន់នៅក្នុងពាន AFC2 គឺច្រើនជាងប្រាក់រង្វាន់នៅក្នុងពាន AFC3។ គ្រាន់តែគិតនៅវគ្គចែកពូលនេះ ក្នុងមួយក្រុមទទួលបានទឹកប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិក។ ដូច្នេះ បើបូកក្លិបកម្ពុជាទាំង ២ ចូលគ្នា គឺទទួលបានសរុបចំនួន ៦០ ម៉ឺនដុល្លារទៅហើយ។

ទី ៣. លីគបាល់ទាត់ កម្ពុជា នឹងទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរនៅក្នុងចំណាត់ថ្នាក់ក្លិប AFC។ ការគិតចំណាត់ថ្នាក់ក្លិបនៅក្នុង AFC គឺបានបែងចែកច្បាស់លាស់ទៅតាមកម្រិតពាន និងកម្រិតវគ្គនីមួយៗនៅក្នុងការប្រកួត។ ប្រការនេះ មានន័យ ថា លីគកម្ពុជានឹងទទួលបានពិន្ទុកាន់តែច្រើនជាងឆ្នាំមុនៗ ប្រសិនបើក្លិប ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន រកជ័យជម្នះបានច្រើននៅក្នុងវគ្គចែកពូល។

តាមបទបញ្ញត្តិរបស់ AFC បានឱ្យដឹង ថា ក្រុម ដែលឈ្នះនៅក្នុងវគ្គចែកពូលពាន AFC 2 នឹងទទួលបាន ៣ ពិន្ទុ ហើយបើស្មើនឹងទទួលបាន ០.៦៦៦ ពិន្ទុ។ ក្រឡេកទៅមើលពាន AFC3 ដែលក្លិប កម្ពុជា បានលេងកាលពីរដូវកាលមុនវិញ គឺបានពិន្ទុតិចជាង។ ក្នុងករណីឈ្នះ ទទួលបាន ១.៥ ពិន្ទុ ហើយបើស្មើទទួលបាន ០.៥ ពិន្ទុ។

បច្ចុប្បន្នលីគ កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្នុងតំបន់ អាស៊ីខាងកើត។ នេះជាចំណាត់ថ្នាក់មួយដ៏ល្អ បន្ទាប់ពីក្លិប​ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន រួមចំណែកធ្វើបានល្អនៅក្នុងពាន AFC3 នា ២ រដូវកាលកន្លងមក។ ដូច្នេះ ប្រសើបើរដូវកាលខាងមុខ ក្រុមទាំង ២ បន្តធ្វើបានល្អទៀត នឹងធ្វើឱ្យចំណាត់ថ្នាក់លីគកម្ពុជាកាន់តែឡើងខ្ពស់ជាងនេះបន្ថែមទៀត៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម