Connect with us

ព័ត៌មានជាតិ

ខេត្តកែប ត្រៀមបង្ហាញផលិតផលត្រី ខ កំប៉ុង និងទឹកត្រី​ផលិតក្នុងស្រុកលើទីផ្សារកម្ពុជា

បានផុស

នៅ

លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានត្រៀមបង្ហាញម៉ាកត្រី ខ និងទឹកត្រី ដែលជាផលិតក្នុងស្រុកនាពេលឆាប់ៗខាងមុខនេះដាក់ចរាចរនៅលើទីផ្សារកម្ពុជា ខណៈគម្រោងសាងសង់រោងចក្រផលិតត្រី ខ និងទឹកត្រីមួយនេះ កំពុងដំណើរការសាងសង់នៅស្រុកដំណាក់ចង្អើរសម្រេចបាន៦០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែឧសភា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ការវិនិយោគលើរោងចក្រផលិតត្រីខ និងទឹកត្រីនេះ គឺជាជំហានសំខាន់មួយក្នុងការជំរុញផលិតផលកែច្នៃក្នុងស្រុកឱ្យកាន់តែមានសក្តានុពល និងអាចប្រកួតប្រជែងលើទីផ្សារបាន។

លោកអភិបាលខេត្តបញ្ជាក់ថា ស្របពេលប្រជាពលរដ្ឋខ្មែរកាន់តែគាំទ្រផលិតផលដែលផលិតដោយកូនខ្មែរ និងប្រើវត្ថុធាតុដើមក្នុងស្រុក ផលិតផលត្រី ខ កំប៉ុង និងទឹកត្រីរបស់ខេត្តកែប ក៏ត្រូវបានរំពឹងថា នឹងប្រែក្លាយជាជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ផលិតផលក្នុងស្រុក និងជួយកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូលពីប្រទេសជិតខាងផងដែរ។ លោកអភិបាលខេត្តលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនក្នុងការសាងសង់ និងពង្រីកសមត្ថភាពផលិតដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនតម្លៃផលិតផលជលផលក្នុងស្រុកឱ្យបានល្អ។

លោក ហ៊ឹម ពិសិដ្ឋ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន ឯ.ក បានឱ្យដឹងថា ក្រុមហ៊ុនសម្រេចវិនិយោគ​លើគម្រោងនេះ ក្នុងគោលបំណងចូលរួមលើកកម្ពស់ផលិតផលខ្មែរ និងបង្កើតផលិតផលដែលមានគុណភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោក ហុឹម ពិសិដ្ឋ បន្តថា ការស្ថាបនាសាងសងសម្រេចបានជាង៦០ភាពរយ ហើយបន្ទាប់ពីដំណើរការផលិត រោងចក្រនេះនឹងមានតម្រូវការត្រីទឹកសាប និងត្រីទឹកប្រៃជាច្រើនតោនក្នុងមួយថ្ងៃ ដូចជាត្រីកាម៉ុង ត្រីគួន និងត្រីកាកឺមជាដើម ដែលនឹងជួយបង្កើនទីផ្សារលក់ជូនប្រជានេសាទ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតរោងចក្រត្រីខកំប៉ុង និងទឹកត្រីនេះ កាលពីខែមករា ឆ្នាំ២០២៦ ក្រោមទុនវិនិយោគប្រមាណ ៧លានដុល្លារ ដែលត្រូវបានរំពឹងថា នឹងផ្តល់ឱកាសការងារជាង២០០​កន្លែងជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកែបនៅថ្ងៃខាងមុខផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម