Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​និង​ដាណឺម៉ាក ​ចរចា​​គ្នា​ បង្កើ​ន​​មូល​ដ្ឋាន​ទ័ព​​ថ្មី​ នៅកោះ​​ Greenland

បានផុស

នៅ

សហ​​រដ្ឋ​អាមេរិក​កំពុង​​ចរចា​ជា​មួយ​ប្រទេសដាណឺម៉ាកដែលគ្រប់គ្រងកោះ Greenland ដើម្បី​បើកមូលដ្ឋានយោធា​ថ្មីនៅ ​កោះ​នេះ​ ដោយកិច្ចចរចារវាងភាគីទាំងពីរ ​បាន​កើត​ឡើង​ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ​។ ​នេះ​បើយោងតាម​របាយការណ៍​​​របស់​សារព័ត៌មាន​ BBC ផ្សាយ​កាលពីថ្ងៃអង្គារ ទី​១២ ខែឧសភា ឆ្នាំ​២០២៦ ។

សេចក្តីរាយការណ៍នោះ​​ បាន​លើក​ឡើង​ថា មន្ត្រី​អាមេរិក​កំពុង​ពិចារណា​បង្កើត​​មូលដ្ឋាន​ទ័ព​ថ្មី​ចំនួន​៣​កន្លែង​ទៀត នៅ​ភាគ​ខាង​ត្បូង​កោះ​ Greenland ខណៈ​ភាគី​ទាំង​ពីរ​ព្យាយាមបន្ធូរបន្ថយភាពតាន​តឹង​បង្ក​ឡើង​ដោយ​ការគំរាមកំហែង​របស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​ ក្នុង​ការ​ដណ្តើម​យក​កោះនេះដោយ​កម្លាំង​យោធា​ ព្រោះ​ខ្លាច​ការគំរាម​កំហែង​កាន់​តែ​ខ្លាំង​ពី​រុស្ស៊ី​និង​ចិន​។

ទ័ព​កោះ Greenland. រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេតវិមានបាន​បញ្ជាក់ពីកិច្ចចរចា​កម្រិតខ្ពស់ជាមួយ ​Greenland និង​ដាណឺម៉ាក ប៉ុន្តែបដិសេធ​​​ឆ្លើយ​​លម្អិត។ យោង​តាមរបាយការណ៍ មន្ត្រីសេតវិមានម្នាក់និយាយថារដ្ឋ​បាល​ត្រាំ​មានសុទិដ្ឋិនិយម​លើ​ការចរចា វា​កំពុងដំណើរការ​ទៅ​ក្នុង​ទិសដៅ​ត្រឹមត្រូវ។

យ៉ាង​ណា ពីមុន​​មក​ដាណឺម៉ាកធ្លាប់​បង្ហាញ​ឆន្ទៈ​ក្នុង​ការពិភាក្សា​​ចង់​ឱ្យ​មាន​​មូលដ្ឋានយោធាអាមេរិក​បន្ថែមទៀតនៅ Greenland ហើយ​ក្រសួងការបរទេសរបស់ខ្លួន​ក៏​បាន​បញ្ជាក់ថា ការចរចា​ជាមួយ​ទីក្រុងវ៉ាស៊ីនតោន​កំពុងដំណើរការ។

អ្នក​នាំពាក្យម្នាក់មក​ពីក្រសួង​ដាណឺម៉ាកនិយាយថា៖ « មាន​ផ្លូវ​ការ​ទូតជាមួយសហរដ្ឋអាមេរិក។ ក្រសួងការបរទេស​នឹង​មិន​និយាយ​លម្អិតបន្ថែម​នៅពេលនេះទេ»។

មន្ត្រីអាមេរិកស្នើ​ឱ្យមានការរៀបចំមួយ លើ​​​​មូលដ្ឋានថ្មីទាំងបី​​នឹង​ត្រូវបានកំណត់​ជាទឹក​ដីអធិបតេយ្យភាពរបស់​សហរដ្ឋអាមេរិក ផ្តោតសំខាន់​លើការត្រួតពិនិត្យ​សកម្មភាពដែន​សមុទ្រ​របស់​រុស្ស៊ី និងចិនដែល​អាចកើតមាននៅ​ក្នុង​តំបន់​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម