ព័ត៌មានអន្ដរជាតិ
ប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា
សកម្មជនដឹកជំនួយមនុស្សធម៌ ជាង៤០០នាក់ មកពីជុំវិញពីភពលោក បានព្យាយាមបំបែកការបិទខ្ទប់ផ្លូវសមុទ្ររបស់អ៊ីស្រាអែល ដោយដឹកយកជំនួយ ឆ្ពោះទៅតំបន់ហ្គាហ្សាក្នុងអំឡុងពេលមានសេចក្តីរាយការណ៍អំពីការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំងក្នុងតំបន់នោះ ប៉ុន្តែ ត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅឯឆ្នេរសមុទ្រស៊ីបក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃចន្ទ។
សារព័ត៌មានអន្តរជាតិជាច្រើន រួមទាំង CNN, ABC និងសារព័ត៌មានដទៃទៀត បានផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឲ្យដឹងថា រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមរបស់អ៊ីស្រាអែល លោក Itamar Ben-Gvir បានបង្ហោះវីដេអូមួយក្នុងន័យសើចចំអកឱ្យសកម្មជនដែលត្រូវបានឃុំខ្លួន បន្ទាប់ពីការចាប់រឹបអូស នាវា Global Sumud Flotilla ខណៈសមាជិកមួយចំនួននៃក្រុមជំនួយត្រូវបានរុញច្រាននិងអូសផ្ទាល់ដីយ៉ាងកំរោល ដោយកងកម្លាំងអ៊ីស្រាអែល។

វីដេអូបង្ហោះដោយដាក់ចំណងជើងថា «សូមស្វាគមន៍មកកាន់អ៊ីស្រាអែល» បង្ហាញពីសកម្មជនដែលបង្ខំឱ្យលុតជង្គង់លើដី និងដៃរបស់ពួកគេត្រូវបានចងពីក្រោយខ្នង។
លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានរិះគន់រដ្ឋមន្ត្រីស្តាំនិយមរបស់អ៊ីស្រាអែល លោក Itamar Ben-Gvir កាលពីថ្ងៃពុធ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបង្ខំសកម្មជនឲ្យលុតជង្គង់ជាជួរ ដោយដៃរបស់ពួកគេចងនៅពីក្រោយខ្នង ខណៈរដ្ឋមន្ត្រីកំពុងសម្លឹងមើលសកម្មភាពទាំងនោះ។
លោកស្រី Kallas លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ការប្រព្រឹត្តចំពោះសកម្មជនរបស់នាវា Global Sumud ក្នុងចំណោមពួកគេក៏មានពលរដ្ឋសហភាពអឺរ៉ុបដែរ! វាគឺជាទង្វើដ៏អាម៉ាស់ និងខុសធ្ងន់ធ្ងរ។ អាកប្បកិរិយារបស់ លោក Ben-Gvir គឺមិនសមរម្យសម្រាប់ប្រទេសលទ្ធិប្រជាធិបតេយ្យ»។
ជុំវិញករណីនេះ ប្រទេសជាង១០ មាន តួកគី កាណាដា អូស្រ្តាលី កាតា អ៊ីតាលី ប៉ូឡូញ ចក្រភពអង់គ្លេស កូរ៉េខាងត្បូង ហូឡង់ អេស្ប៉ាញ បារាំង បែលហ្ស៊ិក[…] បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Itamar Ben-Gvir ចែករំលែកវីដេអូបង្ហាញពីអំពើអាក្រក់និងអាម៉ាស់ដល់សកម្មជនរបស់នាវា Global Sumud Flotilla រាប់សិបនាក់។
ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួន មានជនជាតិអូស្ត្រាលីចំនួន ១១នាក់ ពួកគេទាំងអស់ត្រូវបាននាំទៅកាន់ប្រទេសអ៊ីស្រាអែលតាមនាវាកងទ័ពជើងទឹកកាលពីថ្ងៃពុធ។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ថា៖ « សកម្មភាពក្នុងវីដេអូនោះ មិនអាចទទួលយកបានទេ»។
លោកស្រីថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន ABC ថា៖ « យើងថ្កោលទោសសកម្មភាពរបស់រដ្ឋមន្ត្រីអ៊ីស្រាអែល លោក Ben-Gvir ជាសកម្មភាពដ៏អាម៉ាស់របស់អាជ្ញាធរអ៊ីស្រាអែល ចំពោះសកម្មជន»។
ដោយឡែក រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot បានហៅទូរស័ព្ទទៅកាន់បេសកជនអ៊ីស្រាអែលប្រចាំទីក្រុងប៉ារីស ដោយទទូចថា៖ « ពលរដ្ឋបារាំងត្រូវតែទទួលបានការគោរព និងដោះលែងយ៉ាងឆាប់រហ័ស»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


