ព័ត៌មានអន្ដរជាតិ
ខួប ១ ០០០ថ្ងៃ នៃអំពើប្រល័យពូជសាសន៍ក្រោមដៃអ៊ីស្រាអែលនៅហ្គាហ្សា ធ្វើឱ្យកុមាររាប់ម៉ឺននាក់ស្លាប់ កំព្រា និងអត់ឃ្លានធ្ងន់ធ្ងរ
ក្រោយរបបអ៊ីស្រាអែលសម្លាប់មនុស្សមិនញញើតដៃ ចាប់តាំងពីថ្ងៃផ្តើមសង្រ្គាម រហូតដល់បទឈប់បាញ់ បន្តដល់ឥឡូវនាំឱ្យកុមាររាប់ម៉ឺននាក់បាត់បងជីវិត កាលពីម្សិលមិញនេះ ប្រជាជនតំបន់ហ្គាហ្សាបានប្រារព្ធខួបលើកទី ១ ០០០ថ្ងៃ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រល័យពូជសាសន៍លើតំបន់នេះ ហើយកុមារប៉ាឡេស្ទីននៅតែបន្តប្រឈមនឹងការសម្លាប់ ភាពអត់ឃ្លាន ភាពកំព្រា និងការផ្លាស់ទីលំនៅក្នុងចំណោមការដួលរលំនៃប្រព័ន្ធការពារ និងថែទាំ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ។

យោងតាមតួលេខផ្លូវការ កងទ័ពអ៊ីស្រាអែលបានសម្លាប់កុមារប៉ាឡេស្ទីន ២១ ០០០នាក់ និងរបួសប្រមាណ ៤៤ ៥០០នាក់ ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដល់ដើមខែមេសា ឆ្នាំ២០២៦ បង្កឱ្យកុមារស្ថិតក្នុងចំណោមក្រុមរងផលប៉ះពាល់ខ្លាំងបំផុត ដោយសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែល។
ការស្លាប់ និងរបួសមិនបានឈប់ទេ សូម្បីតែបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏ដោយ។ មូលនិធិកុមារអង្គការសហប្រជាជាតិ(UNICEF) លើកឡើងថា កុមារចំនួន ២៦៥នាក់ត្រូវបានសម្លាប់ និងជាង ៤០០នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីបទឈប់បាញ់ ជាមធ្យមកុមារប្រហែលម្នាក់ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ។
បន្ថែមពីលើអ្នកស្លាប់ និងរបួស កុមារជាង ៥៨ ០០០នាក់ បានបាត់បង់ឪពុកម្តាយ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកម្មវិធីកង្វះអាហារូបត្ថម្ភ។
គួរបញ្ជាក់ថា សង្គ្រាមអ៊ីស្រាអែលបានបន្សល់ទុកស្លាកស្នាមរាងកាយ និងផ្លូវចិត្តយ៉ាងជ្រៅលើមនុស្សមួយជំនាន់ទាំងមូល ភាគច្រើននៃពួកគេបានស្គាល់តែការទម្លាក់គ្រាប់បែក ការផ្លាស់ទីលំនៅ និងការភ័យខ្លាច ខណៈក៏ប្រឈមមុខនឹងភាពអត់ឃ្លាន និងកុមារកំព្រាផងដែរ។
របាយការណ៍មួយចេញផ្សាយដោយការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន(PCBS) នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក្នុងអំឡុងពេលរវាងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បង្ហាញថា កុមារស្ថិតក្នុងចំណោមក្រុមដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា។
យោងតាមរបាយការណ៍ កងទ័ពអ៊ីស្រាអែលបានសម្លាប់កុមារចំនួន ២១ ២៨៣នាក់ និងរបួស ៤៤ ៤៨៦នាក់ផ្សេងទៀត តំណាងឱ្យ ២៦% នៃជនរងគ្រោះទាំងអស់។
ក្នុងចំណោមកុមារស្លាប់ មានទារកចំនួន ៤៥០នាក់កើត អំឡុងសង្គ្រាម កុមារចំនួន ១ ០២៩នាក់ មិនទាន់ដល់ថ្ងៃកំណើតដំបូងនៅឡើយ និងកុមារចំនួន ៥ ០៣១នាក់អាយុក្រោម ៥ឆ្នាំ ជាតួលេខដែល PCBS ថា បានឆ្លុះបញ្ចាំងពីការសម្លាប់រង្គាលពិតប្រាកដនៃជំនាន់មួយដែលមិនទាន់ចាប់ផ្តើមជីវិត៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


