Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​តួក​គី ​ចង្អុល​​ឲ្យ​អ៊ីស្រាអែល​ទទួល​ខុសត្រូវ​ចំពោះ​ អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ហ្គាហ្សា​

បានផុស

នៅ

ក្រោយ​ការ​សម្លាប់​រង្គាល​ដោយ​​យោធា​អ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សា តាំង​ពីដើម​ខែ​តុលា ​ឆ្នាំ​២០២៣ បន្ត​រហូត​ដល់​បច្ចុប្បន្ន ប្រធានាធិបតី​តួក​គី លោក Recep Tayyip Erdoğan បាន​ថ្លែង​សុន្ទរកថា​ដ៏ម៉ឺងម៉ាត់​មួយ​ក្នុងកិច្ចប្រជុំពិគ្រោះ​យោបល់ និងវាយតម្លៃរបស់​គណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AK Party) របស់​ខ្លួន នៅ​ទីក្រុង Sakarya ដោយ​បញ្ជាក់នូវការប្តេជ្ញាចិត្ត​ជាថ្មី​​​របស់ប្រទេស​តួក​គី​ ​ក្នុង​ការស្វែង​រក​យុត្តិធម៌​ ចំពោះ​ការ​ប្រព្រឹត្ត​​អំពើប្រល័យ​ពូជសាសន៍របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សា​។​ នេះ​បើយោង​តាម​សារព័ត៌មាន Roya News ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក ណេតាន់​យ៉ាហ៊ូ និង​ លោក Recep Tayyip Erdoğan ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erdoğan បាន​លើក​ឡើង​ថា តួកគី​មាន​ទំនួល​ខុស​ត្រូវ​ ចំពោះប្រជាជនដែល​ត្រូវ​បាន​គាបសង្កត់ ហើយសន្យាថា អ្នក​​​​ប្រ​ព្រឹត្ត​អំពើ​ហិង្សាទាំង​នោះ​​ប្រឈមនឹងការ​ទទួលខុសត្រូវ​​ទាំង​ស្រុង​។

មេដឹក​នាំ​តួក​គី​រូបនេះ​លើកឡើង​ពីករណី​ក្មេងស្រី​ប៉ាឡេស្ទីន​អាយុ ៥ឆ្នាំ​ ឈ្មោះ Hind Rajab ត្រូវបានសម្លាប់​នៅឆ្នាំ២០២៥ ខណៈកំពុង​រង់​ចាំការជួយ​សង្គ្រោះ រួម​ទាំង​ការសម្លាប់​​ទារក និងកុមារជា​ច្រើននាក់​ទៀត​ ក្នុងការវាយប្រហារ​លើតំបន់​ស៊ីវិល។

លោក Erdoğan លើក​ឡើង​ថា៖ « អំពើប្រល័យពូជសាសន៍​មួយ​បាន​កើតឡើងនៅ​តំបន់ហ្គាហ្សា ហើយពួកគេ[អ៊ីស្រាអែល​]​ នៅតែវាយប្រហារ»។ ដោយ​បន្ថែមថា រដ្ឋាភិបាល​របស់លោក​នឹង​ធានាថាជន​ល្មើស ​ត្រូវតែ​ទទួលខុសត្រូវ​លើ​ករណី​នេះ​។

ការ​កត់សម្គាល់​របស់​ លោក Erdoğan ស្របគ្នា​នឹង​ការ​សម្រេចចិត្ត​របស់​គណៈរដ្ឋ​មន្ត្រីអ៊ីស្រាអែល​នៅថ្ងៃដដែល ដើម្បីអនុម័តការ​ទទួល​ស្គាល់​លើ​ការ​សម្លាប់​ជនជាតិ​អាមេនីក្នុងសង្គ្រាមលោកលើកទី១ ថា​ជា ​អំពើប្រល័យ​ពូជសាសន៍ ជាចលនាមួយដែល​​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ ​ស្តីបន្ទោស​ចំពោះប្រទេសតួក​គី។

មន្ត្រីអ៊ីស្រាអែល​ពិពណ៌នា​អំពីការសម្រេចចិត្តនេះ​ ថាមិនមែនជា​ការសងសឹកទេ ទោះ​បីជា​​មាន​ភាពតានតឹងរវាង​ប្រទេសទាំង​ពីរ​យូរ​ហើយ​ក៏ដោយ​។

សេចក្តីថ្លែងការណ៍នេះ​ឆ្លុះបញ្ចាំង​ពីជំហររបស់​តួក​គី​ ចាប់តាំងពីខែតុលា ឆ្នាំ​២០២៣ ។

ទីក្រុងអង់​ការ៉ាបាន​ចោទប្រកាន់​អ៊ីស្រាអែល​​ម្តងហើយម្តងទៀត ពីបទ​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ ហើយ​គាំទ្រសកម្មភាព​ផ្លូវច្បាប់អន្តរជាតិ រួមទាំងសំណុំ​រឿងរបស់​អាហ្វ្រិកខាងត្បូង​ នៅតុលាការយុត្តិធម៌អន្តរជាតិ និង​ស្វាគមន៍ដីកាចាប់ខ្លួន​របស់តុលា​ការ​ព្រហ្មទណ្ឌអន្តរជាតិ​(ICC) លើ​​មេដឹកនាំអ៊ីស្រាអែល​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម