Connect with us

ព័ត៌មានជាតិ

​កម្ពុជា​ គ្រោង​បង្កើន​ថវិកាការពារជាតិជាង ១១%​ នៅឆ្នាំ ២០២៧

បានផុស

នៅ

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក​ មាស សុខសេនសាន បានឱ្យដឹងថា​ រដ្ឋាភិបាល​កម្ពុជា​ គ្រោង​ដំឡើង​ការ​ចំណាយ​លើ​វិស័យ​ការពារជាតិ​ក្នុង​អត្រា​ ១១,៤% ​នៅក្នុងឆ្នាំ​ ២០២៧ ​ដែល​ថវិកានេះ​នឹង​ផ្ដោតលើការពង្រឹង​ជីវភាព​កង​កម្លាំង​ប្រដាប់​អាវុធ ​ការពង្រឹង​សមត្ថភាព ​និង​ការធ្វើទំនើបកម្មយោធាផ្សេងៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារាចរស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២៧ បង្ហាញថា រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៣៥៩០ ប៊ីលានរៀល (ប្រមាណ ៩០០ លានដុល្លារ) លើវិស័យការពារជាតិ។

លោក​ មាស សុខសេនសាន បញ្ជាក់ថា ចំណាយវិស័យសង្គមកិច្ច​ត្រូវបាន​គ្រោង​កើន​ក្នុង​អត្រា​ ៣,៤% សម្រាប់ឆ្នាំ ​២០២៧ ​ស្របពេលដែលវិស័យការពារជាតិ ត្រូវបានគ្រោង​កើនក្នុងអត្រា ១១,៤% ខណៈការដំឡើងថវិកាលើវិស័យការពារជាតិ ​មិនធ្វើឱ្យមាន​ការថមថយ​ដល់វិស័យអប់រំ និងសុខាភិបាលនោះឡើយ។​

​លោកបណ្ឌិត យង់ ពៅ ​អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកកម្ពុជា ​យល់ឃើញថា ​កំណើន​នៃ​កញ្ចប់​ថវិកាលើ​វិស័យការពារជាតិ ​គឺស្របតាមស្ថានការ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចាក់បញ្ចូល​កញ្ចប់​ថវិកាជាតិទៅលើវិស័យ​អប់រំ ​សុខាភិបាលឱ្យអាទិភាពជាដរាបរៀងមក ​និងវិស័យផ្សេងៗទៀត ដើម្បីគាំពាអភិវឌ្ឍ​សង្គម​ ដែលទទួលបានការអភិវឌ្ឍ​គួសមដូចពេលនេះ​។ ​

​លោកបណ្ឌិត យង់ ពៅ ​បន្ថែមថា ​​ដំណាក់កាលនេះ​ ដល់ពេលវេលា​ដែលត្រូវកែទម្រង់​ជាចាំបាច់​នៅ​ក្នុងវិស័យការពារជាតិ ​ទាំងកែទម្រង់ ​ការធ្វើទំនើបកម្ម ​និង​ការអនុវត្តកាតព្វកិច្ចយោធា​ ដែលទាំង​អស់​នេះ ​ត្រូវ​ការ​ថវិកាបន្ថែម។​

​លោកបណ្ឌិត យង់ ពៅ ​យល់ឃើញថា ​មហាជនសាធារណជនបានដឹងហើយថា ​ប្រទេសថៃចូល​ឈ្លានពានទឹកដីកម្ពុជា ​ដែលយើងចាំបាច់ត្រូវការធ្វើទំនើបកម្មជាបន្ទាន់​ បើយើងមិនមានថវិកា​យើង​មិនអាចធ្វើបានទេ ​បើទោះជាផលិតគ្រាប់ដោយ​ខ្លួនឯងក៏ត្រូវតែបង្កើនកញ្ចប់ថវិកាដែរ តែនេះ​យើង​បញ្ជាទិញតែម្ដង ​យើងត្រូវបញ្ជាទិញសព្វាវុធ និងសម្ភារយុទ្ធោបករណ៍​​ផ្សេងៗ​​ទៀត ដើម្បីគាំពារ។​

លោកបណ្ឌិត យង់ ពៅ ​បញ្ជាក់ថា៖ «តើយើងសុខចិត្តអត់មានអ្វីការពារជាតិ ​ខ្វះខាត ឬយ៉ាងដូចម្ដេច យើងត្រូវតែការពារជាតិ ​វិស័យគាំពារសង្គមផ្សេងៗទៀត ​រដ្ឋាភិបាល​បាន​គិតគូ​ជាច្រើឆ្នាំមកហើយ ហើយក៏មានស្ថិរភាពក្នុងការគាំពារសង្គមទៅហើយ រចនាសម្ព័ន្ធសេដ្ឋកិច្ចក៏រដ្ឋាភិបាល​បានគិតគួររួច​ទៅហើយ ឥឡូវនេះ ​ដល់ពេលដែលយើងត្រូវគិតគូវិស័យការពារ​ជាតិម្ដង​ ដើម្បីទប់ទល់មហិច្ឆិតា​ឈ្លានពាន​របស់បរទេស ​ជាពិសេសគឺថៃ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម