Connect with us

ព័ត៌មានអន្ដរជាតិ

យោធាកូរ៉េ​ខាង​ត្បូង ​អះអាង​ថា ​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ផ្លោងច្រើន​គ្រាប់​​​ចូល​ផែន​​សមុទ្រ​ជប៉ុ​ន​

បានផុស

នៅ

យោធា​កូរ៉េខាង​ត្បូង ​បាន​​​អះ​អាង​​ថា កូរ៉េខាងជើងបាន​បាញ់មីស៊ីល​ផ្លោង«បាលីស្ទិក»​ ​​រយៈ​ចម្ងាយ​ខ្លី​ច្រើនគ្រាប់​សំដៅ​ទៅ​សមុទ្រខាងកើត​​នៃ​ឧបទ្វីប​​កូរ៉េ​ (សមុទ្រ​ជប៉ុន)​​ នៅ​ថ្ងៃ​អង្គារ ​ដែល​ជាការបង្ហាញពីសមត្ថភាព​អាវុធ​ជា​បន្តបន្ទាប់​ចុងក្រោយ​បង្អស់​ដោយទីក្រុង​ព្យុង​យ៉ាង​នា​ឆ្នាំ​នេះ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AP និង CBS ផ្សាយ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ នាយ​សេនាធិការចម្រុះ​កូរ៉េខាងត្បូងនិយាយថា មីស៊ីល​ទាំងនោះ​ត្រូវ​បានបាញ់​ចេញពីទីក្រុង​ Jongju នៅ​ឆ្នេរសមុទ្រ​ភាគខាងលិច​របស់​កូរ៉េ​ខាង​ជើង។ ផ្ទៃទឹកនៅទីនោះ​ត្រូវបានគេស្គាល់​ថាជាសមុទ្រលឿង ឬសមុទ្រ​ខាងលិច ហើយ​​ជា​ផ្លូវ​បំបែក​រវាង​ឧបទ្វីបរវស់​កូរ៉េទាំងពីរ​និងប្រទេសចិន​។

មីស៊ីលកូរ៉េខាង​ជើង​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ថ្លែងការណ៍​ពីនាយសេនាធិការចម្រុះកូរ៉េខាងត្បូង​ថ្លែង​ថា ក្រុម​យោធា​​យើងបានពង្រឹងឥរិយាបថឃ្លាំ​មើល ហើយ​កំពុង​ផ្លាស់ប្តូរព័ត៌មាន​ពាក់ព័ន្ធយ៉ាងជិតស្និទ្ធ​ជាមួយសហរដ្ឋអាមេរិក និងជប៉ុន​។

​គួរ​បញ្ជាក់​ថា ហេតុការណ៍​នេះ​គឺ​ជា​ការ​បាញ់​បង្ហោះអាវុធ​លើកដំបូង​របស់កូរ៉េខាងជើង ​ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ពេល​​ទី​ក្រុង​ព្យុង​យ៉ាង​បាន​បាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ បង្ហាញពី​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចង្កោម។

យ៉ាង​ណា មេដឹកនាំកូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​ផ្តោត​លើ​ការ​ពង្រីក​ឃ្លាំងអាវុធនុយ​ក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន​ ចាប់តាំង​ពីការចរចាផ្នែក​​ទូតចំពោះ​កម្មវិធី​នុយ​ក្លេអ៊ែរ​​ជាមួយប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​ ដួល​រលំ​ នៅឆ្នាំ២០១៩ ។  

លោក ត្រាំ​ បង្ហាញ​គោល​បំណង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​បន្ត​ការ​ចរចា​ជាមួយ​ លោក គីម ជុងអ៊ុន ប៉ុន្តែមក​ទល់​ពេល​នេះ​ទីក្រុងព្យុងយ៉ាង​បាន​ព្រងើយកន្តើយ ​ចំពោះសំណើនោះ​។

នៅ​ព្រឹកថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាន​អំពាវនាវអំឡុងពេលកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រី​សម្រាប់​កិច្ចខិត​ខំប្រឹង​ប្រែងកាន់តែខ្លាំងឡើង​ ដើម្បី​ជំរុញ​វិស័យ​យោធារបស់​ខ្លួន​។

លោកសង្កត់ធ្ងន់​លើបញ្ញាសិប្បនិម្មិត​(AI) និង​សមត្ថភាព​ដ្រូន​ ​ជាពិសេស​សក្តានុពលនៃ​ការទិញនាវាមុជទឹក​ដើរ​ដោយថាមពលនុយក្លេអ៊ែរ តែ​វា​​ជាបញ្ហាផ្នែក​ការ​ទូត​មួយ​របស់​​កូរ៉េខាង​ត្បូង​ជាមួយទីក្រុងវ៉ាស៊ីន​តោន​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម