Connect with us

ព័ត៌មានជាតិ

សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ

បានផុស

នៅ

ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សិស្សានុសិស្សជាង ១,០០០នាក់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី រីថាត សុដារ័ត្ន ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យរវៀង បានប្រកាសនៅមុខគណៈអធិបតីថា នឹង «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ព្រមទាំងចូលរួមលើកកម្ពស់ចំណេះដឹងក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសាលារៀន និងសហគមន៍។

ក្រុមយុវសិស្សបានទទួលស្គាល់ថា ព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់យុវជន និងប្រជាជន រួមមាន៖ រំខានដល់ការសិក្សារៀនសូត្រ និងធ្វើឱ្យខាតបង់ពេលវេលា និងថវិកា ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ដែលអាចឈានទៅដល់ជំងឺបាក់ទឹកចិត្ត។ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។ បង្កឱ្យមានការរើសអើង អំពើហិង្សា និងការបែកបាក់សាមគ្គីភាព។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តផ្សព្វផ្សាយគោលការណ៍ «៣កុំ ១ការពារ» ដើម្បីជាខែលការពារយុវវ័យ សាលារៀន ក្រុមគ្រួសារ និងសហគមន៍៖
‎កុំទី១៖ កុំទាន់ជឿ៖ បើឃើញព័ត៌មានប្លែកៗ កុំទាន់អាលជឿភ្លាមៗ ត្រូវផ្អាកគិតឱ្យបានបន្តិចសិន។
‎កុំទី២៖ កុំទាន់ចែករំលែក (Share)៖ កុំឱ្យដៃរហ័សជាងការគិតពិចារណា ត្រូវចំណាយពេល ១៥វិនាទី ដើម្បីផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់សិន។
‎កុំទី៣៖ កុំប្រហែស៖ ត្រូវការពារលេខសម្ងាត់ (Password) ផ្ទាល់ខ្លួន និងដាច់ខាតកុំចុចលើតំណភ្ជាប់ (Link) ប្លែកៗដែលមិនស្គាល់ប្រភព។

១ការពារ៖ រួមគ្នាការពារសហគមន៍៖ ដោយប្រើប្រាស់អាវក្រោះ «អក្ខរកម្មព័ត៌មាន» និងចេះស្វែងរកប្រភពព័ត៌មានផ្លូវការដែលទុកចិត្តបាន។

លោក ទេព អស្នារិទ្ធ បានចាត់ទុកថា យុវជនគឺជាក្រុមមនុស្សដែលសកម្មបំផុតក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងជាអ្នកចែកចាយព័ត៌មានដ៏ធំបំផុត។ ការមាន «អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» នឹងជួយឱ្យពួកគេក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតវប្បធម៌ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ។

គួរជម្រាបជូនថា បច្ចុប្បន្នប្រជាជនកម្ពុជាជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យជំនាន់ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ ការចូលរួមរបស់ពួកគេជាឃោសនិក ឬអ្នកផ្សព្វផ្សាយព័ត៌មានពិត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម