Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញអ្នកផលិតក្នុងស្រុកបង្កើនគុណភាពនិងតម្លៃសមរម្យ ទើបទទួលការគាំទ្រយូរអង្វែង

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអ្នកផលិតក្នុងស្រុកផ្តោតលើការលើកកម្ពស់គុណភាព និងរក្សាតម្លៃសមរម្យ ដោយបញ្ជាក់ថា ការគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋនឹងមាននិរន្តរភាព លុះត្រាតែផលិតផលមានគុណភាព អាចប្រកួតប្រជែង និងជំនួសទំនិញនាំចូលបាន។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី “ពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម” ព្រឹកថ្ងៃសៅរ៍ ទី២៧ មិថុនា ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតីមានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន ដែលអាចមានកត្តាខាងក្រៅមួយចំនួន រួមទាំងបញ្ហាព្រំដែន។ ប៉ុន្តែ ប្រសិនបើចង់ឱ្យការគាំទ្រនេះបន្តទៅមុខប្រកបដោយនិរន្តរភាព ផលិតផលក្នុងស្រុកត្រូវតែបង្កើនគុណភាព និងមានតម្លៃសមរម្យ ទើបអាចជំនួសទំនិញនាំចូលបាន ព្រមទាំងបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា គុណភាពជាកត្តាសំខាន់បំផុត ព្រោះពាក់ព័ន្ធនឹងសុខភាព និងជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អ្នកផលិតមិនត្រឹមតែផលិតសម្រាប់លក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងធានាសុវត្ថិភាពផលិតផលដែលដាក់លក់លើទីផ្សារ។

ជាមួយគ្នានេះ សម្តេចធិបតីបានលើកឧទាហរណ៍ករណីក្រសួងសុខាភិបាលទើបប្រកាសហាមប្រើប្រាស់ផលិតផលឡេមួយប្រភេទ ក្រោយពិនិត្យឃើញមានផ្ទុកសារធាតុបារ៉តលើសកម្រិត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ករណីនេះបង្ហាញថា ការមិនគិតពីគុណភាពផលិតផល អាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់សាធារណជន។

សម្តេចធិបតីបានបន្ថែមថា គុណភាព និងតម្លៃត្រូវដើរទន្ទឹមគ្នា ខណៈរាជរដ្ឋាភិបាលនឹងបន្តគាំទ្រសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម តាមរយៈការកាត់បន្ថយពន្ធ ការសម្រួលនីតិវិធី និងវិធានការជំរុញផ្សេងៗ ដើម្បីបង្កើនការផលិតក្នុងស្រុក និងជំនួសទំនិញនាំចូលតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម