Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រៀមដាក់ឱ្យប្រើច្បាប់សុវត្ថិភាព និងសុខភាពការងារ ស្របតាមស្តង់ដារអន្តរជាតិ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី២ លើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ» (OSH) នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sokha Phnom Penh ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ-អន្តរជាតិ និយោជក និងកម្មករនិយោជិត សំដៅធានាឱ្យច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទកម្ពុជា និងបទដ្ឋានស្តង់ដាអង្គការ ILO គាំទ្រការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងការអភិវឌ្ឍទីផ្សារការងារប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ២០០រូប លោករដ្ឋមន្រ្តីមានប្រសាសន៍ថា តាមរយៈការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ក្រសួងបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ព្រមទាំងអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដើម្បីកសាងវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ «គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ»។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះកើតចេញពីការចងក្រងសេចក្តីប្រកាស និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាង ២០ដែលមានស្រាប់ ហើយការបង្កើតច្បាប់នេះ គឺជាការឆ្លើយតបដោយផ្ទាល់ និងទាន់ពេលវេលាទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវផលិតភាពការងារខ្ពស់ ការប្រកួតប្រជែងសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ច្បាប់នេះក៏បង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនខុសពីបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ ដែលបានអនុម័តដាក់ឱ្យប្រើច្បាប់នេះរួចហើយ។ សម្រាប់កម្ពុជា ការអនុម័តដាក់ឱ្យប្រើច្បាប់នេះនាពេលខាងមុខ គឺជាការបង្ហាញឆន្ទៈក្នុងការធានាអនុលោមភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ ស្របតាមនិន្នាការសកល និងបទដ្ឋានអន្តរជាតិខាងការងារ ជាពិសេសក្នុងការជំរុញការត្រួតពិនិត្យការអនុវត្តច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនិងបរិស្ថាន (HREDD)។

នាឱកាសនោះ លោកលើកឡើងថា ក្រសួងតែងតែប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ហើយច្បាប់ដែលល្អនិងគ្រប់ជ្រុងជ្រោយគឺកើតចេញពីកិច្ចសន្ទនាត្រីភាគី ដែលមានការចូលរួមស្មើភាព បើកចំហ​ និងស្មោះត្រង់។ ការពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២នេះ ជាការបោះជំហានទៅមុខដ៏ធំមួយទៀតក្នុងការផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចសំខាន់ៗដែលបានកែសម្រួល និងឯកភាពរួមគ្នា ថាតើបទប្បញ្ញត្តិដែលបានកែប្រែមានភាពស៊ីចង្វាក់គ្នានឹងការប្រែប្រួលសេដ្ឋកិច្ច មានតុល្យភាពរវាងការការពារកម្មករនិយោជិត និងការសម្រួលដល់បន្ទុកធុរកិច្ចនៃនិយោជកដែរឬទេ និងថាតើចំណុចដែលបានកែប្រែ និងដាក់បញ្ចូលក្នុងច្បាប់នេះស្របតាមស្តង់ដាអន្តរជាតិដែលកំណត់ដោយ ILO ដែរឬទេ ជាពិសេសអនុសញ្ញាអន្តរជាតិខាងការងារលេខ ១៥៥ និងលេខ ១៨៧។

លោករដ្ឋមន្រ្តីបានអំពាវនាវដល់អង្គសិក្ខាសាលា សូមបើកចិត្តឱ្យទូលាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា និងជជែកគ្នាដោយផ្អែកលើទិន្នន័យ ភស្តុតាង និងបច្ចេកទេសដើម្បីស្វែងរកចំណុចរួមដែលគ្រប់ភាគីអាចទទួលយកបាន។ ដើម្បីឱ្យការពិភាក្សានេះសម្រេចបានតាមគោលបំណងយុទ្ធសាស្ត្រដែលបានគ្រោងទុក លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យអង្គសិក្ខាសាលាពិនិត្យខ្លឹមសារមាត្រាជាក់លាក់ និងភាសាច្បាប់, បែងចែកសមត្ថកិច្ចអន្តរក្រសួង និងផ្ទេរបទប្បញ្ញត្តិលម្អិតទៅក្នុងលិខិតបទដ្ឋានក្រោមច្បាប់ ដោយគួរតែកំណត់ត្រឹមតែគោលការណ៍គ្រឹះ កាតព្វកិច្ចចម្បង និងក្របខ័ណ្ឌទូទៅនៅក្នុងច្បាប់នេះ។ លោករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថា ស្មារតីសហការ និងបទពិសោធដ៏សម្បូរបែបពីអង្គសិក្ខាសាលានឹងសម្រេចបាននូវលទ្ធផលជាប្រវត្តិសាស្ត្រ ហើយច្បាប់នេះនឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការធានាថា រាល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមិនត្រូវដើរទន្ទឹមគ្នានឹងការលះបង់សុខភាពរបស់កម្មករនិយោជិតនោះឡើយ។

លោក ទុន សុភ័ណ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO ប្រចាំកម្ពុជា លោកឧកញ៉ា ស គីណាល់ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករ និងជាអនុប្រធានអនុគណៈកម្មាធិការជាតិ OSH បានគាំទ្រ និងអរគុណចំពោះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារដែលបានរៀបចំឱ្យមានសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះឡើង និងបើកឱកាសឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ ដែលបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀតលើសុវត្ថិភាពនិងសុខភាពការងារដល់កម្មករនិយោជិត ឆ្លុះបញ្ចាំងពីគុណតម្លៃនៃអង្គការ ILO ជួយជំរុញការប្រកួតប្រជែងលើឆាកអន្តរជាតិ ព្រមទាំងចូលរួមជំរុញចលនា «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម