Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ដោះស្រាយបញ្ចប់ការទាមទារកម្មកររោងចក្រ ខូហ្ស៊ី នីត ចប់សព្វគ្រប់នឹងវិលចូលធ្វើការនៅព្រឹកស្អែក

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ ៖ ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ខូហ្ស៊ី នីត ឯ.ក ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយកម្មករសប្បាយចិត្តជាមួយដំណោះស្រាយរបស់ក្រសួងការងារ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ខណៈកម្មករនិយោជិតនឹងចូលធ្វើការធម្មតាវិញនៅព្រឹកថ្ងៃទី៩ ខែកក្កដា។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

អ្នកនាំពាក្យរូបនេះបានអះអាងថា «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករនឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយឯកភាពគ្នាចំនួន១៨ចំណុចដែលបានជជែកគ្នា ហើយក៏បានសន្យាគោរពឱ្យបានម៉ត់ចត់ផងដែរ»។

លោក ស៊ុនមេសា បានឱ្យដឹងទៀតថា ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរបានឯកភាពគ្នាស្រុះស្រួលចំនួន ១៨ចំណុចក្នុងនោះមានជាអាទិ៍ ប្រធានផ្នែកត្រូវប្រើពាក្យសម្តីឱ្យបានសមរម្យ, ក្រុមហ៊ុនឯកភាពបើកលុយថែមម៉ោងនៅថ្ងៃចុងសប្តាហ៍, ចំពោះកម្មករនិយោជិតដែលមានផ្ទៃពោះតម្រូវឱ្យចេញពីធ្វើការម៉ោង ១៥, ក្រុមហ៊ុននឹងមានគ្រូពេទ្យនៅប្រចាំការ ជាដើម។ 

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និងមន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកណ្តាល, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ។ 

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ គឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម