សេដ្ឋកិច្ច
ពីឆ្នាំ ១៩៩៧ មក ក្រុមហ៊ុនកូរ៉េបានបោះទុនវិនិយោគជិត ៧ ពាន់លានដុល្លារ
លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាបានលើកឡើងថា ចាប់តាំងពីការផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ ១៩៩៧ ទំនាក់ទំនងប្រទេសទាំងពីត្រូវបានលើកកម្ពស់ជាលំដាប់ ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ដែលកូរ៉េបានបណ្តាក់ទុនសរុបជិត ៧ ពាន់លានដុល្លារអាមេរិក។

លោក Park Heung-Kyeong បានលើកឡើងបែបនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ឆ្នាំ២០២១ ដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចូលរួមចំនួនប្រមាណ ១០០ នាក់។

វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ផាក ហើង យ៉ុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ក្នុងនោះក៏មានវត្តមានលោកស្រី ជ្រឹង បុទុមរង្ស៊ី ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ ចូលរួមផងដែរ។

លោកឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានរំលេចពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ជាលំដាប់ចាប់តាំងពីការផ្សារភ្ជាប់ឡើងវិញនៅ ឆ្នាំ១៩៩៧ ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ដោយសម្រេចបានជាង ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៩ ខណៈដែលសាធារណរដ្ឋកូរ៉េជាអ្នកវិនិយោគធំជាងគេទី ២ នៅកម្ពុជា ដែលបានបណ្តាក់ទុនសរុបជិត ៧ ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ ១៩៩៧មកដល់បច្ចុប្បន្ន។
លោក Park Heung-Kyeong បានយល់ស្របថា ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងការចូលជាធរមាននៃកិច្ចព្រមព្រៀង ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធទំហំពាណិជ្ជ កម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ពិតជានឹងមានកំណើនកាន់តែខ្ពស់ជាក់ជាមិនខាន។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ការចូលរួមយ៉ាងសកម្មពីសហគមន៍ធុរកិច្ចកូរ៉េនៅកម្ពុជា តាមរយៈស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ, សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ព្រមទាំងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានបង្ហាញពីការយកចិត្តទុកដាក់ដល់ច្បាប់នេះ និងជួយជ្រោមជ្រែងក្នុងការផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយ។ លោកបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគកូរ៉េទាំងអស់នៅកម្ពុជាក្នុងវិស័យជាច្រើន ដូចជាកសិកម្ម វាយនភណ្ឌ ដំឡើងរថយន្ត ធនាគារ ផ្សារមូលបត្រ។ល។ ជាងនេះទៅទៀតលោកបាន ថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េក្នុងការទទួលស្វាគមន៍ និងផ្ដល់កិច្ចគាំពារដល់ពលករកម្ពុជា។
ច្បាប់ស្តីពីវិនិយោគថ្មីនេះ បានទទួលបានការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រប្រកាសឱ្យប្រើកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងដំណើរការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលបណ្ដាលមកពីជំងឺកូវីដ១៩ និងស្របពេលប្រទេសទាំងពីរកម្ពុជា កូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីចុងខែតុលាកន្លងទៅនេះ។ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនឹងកើនឡើងមួយកម្រិតទៀត ដែលនឹងចូលរួមលើកកម្ពស់ការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន