Connect with us

សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន៖ វិស័យកសិកម្ម​រួមចំណែក ៦០ភាគរយ ក្នុងការកាត់បន្ថយ​ភាពក្រីក្រ

បានផុស

នៅ

ស្របពេលដែលកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរ វិស័យកសិកម្ម ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា នៅលើទិដ្ឋភាពសំខាន់ៗចំនួន៤ ទី១ រក្សានិរន្តភាពសន្តិសុខស្បៀង, ទី២ ការកាត់បន្ថយភាពក្រីក្រ, ទី៣ ការចូលរួមចំណែកក្នុងការលើកស្ទួយកំណើនសេដ្ឋកិ​ច្ចជាតិ និងទី៤ ការបង្កើតការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកសិកម្ម បានរួមចំណែកប្រមាណ ៦០ភាគរយក្នុងការកាត់បន្ថយភាពក្រីក្រ ឱ្យធ្លាក់ចុះពីអត្រា ៥០ភាគរយ ក្នុងឆ្នាំ ២០០៧ មកត្រឹម ២១ភាគរយ ក្នុងឆ្នាំ ២០១១។ នៅឆ្នាំ ២០២១កន្លងទៅ វិស័យកសិកម្មក៏បានរួមចំណែកប្រមាណ ២២,៨​ភាគរយ នៃ GDP និងបានបង្កើតការងារជូនពលរដ្ឋប្រមាណជាង ៣លាននាក់ផងដែរ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ដោយមានការយកចិត្តទុក​ដាក់របស់រដ្ឋាភិបាល ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសប្រព័ន្ធធារាសាស្រ្ត ផ្តល់ការលើក​ទឹកចិត្តផ្នែកសារពើពន្ធដល់វិស័យកសិកម្ម ដូចជា ការនាំចូលវត្ថុធាតុដើមកសិកម្ម ការចិញ្ចឹមសត្វ ការផ្តល់កិច្ចសម្រួល​ពាណិជ្ជកម្មល្អប្រសើរ សម្រាប់ការនាំចេញផលិតផលកសិកម្ម ធ្វើឱ្យវិស័យកសិកម្មកម្ពុជា ទទួលបានការរីកចម្រើន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនផលិតកម្មកសិកម្ម និងការនាំចេញផលិតផលគ្រប់ប្រភេទ។

លោក អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា ក្នុងពេលវិបត្តិកូវីដ-១៩ កន្លងទៅ វិស័យកសិកម្មក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ស្បៀងអាហារ រក្សាលំនឹងជីវភាពប្រជាជន និងផ្តល់ការងារដល់ពលករចំណាកស្រុក កម្មករក្នុងវិស័យ​ផ្សេង​ទៀតនៃសេដ្ឋកិច្ច ដែលទទួលរងនូវផលប៉ះពាល់ខ្លាំងនៃវិបត្តិនេះ។

ទោះយ៉ាងណា ទន្ទឹមនឹងការរីកចម្រើននេះ លោក អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់ឃើញវិស័យកសិកម្មមានបញ្ហាប្រឈម​មួយចំនួន ដែលតម្រូវឱ្យលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ដែលទើបតែងតាំងកាលពីថ្ងៃទី ១៧ ខែ តុលា ត្រូវមោះមុតធ្វើការលើរឿងនេះ។ បញ្ហាប្រឈម ដែលលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច កត់សម្គាល់នោះរួមមាន៖ កំណើនផលិតភាពកសិកម្មនៅមានកម្រិតទាប, កង្វះហេដ្ឋរចនាសម្ព័ន្ធគាំទ្រក្រោយពេលប្រមូលផល, កង្វះការកែច្នៃ​ផលិតផលកសិកម្ម, ការនាំចេញផលិតផលកសិកម្មភាគច្រើនទៅកាន់ប្រទេសជិតខាង នៅមានលក្ខណៈក្រៅផ្លូវការ និងកង្វះការសម្របសម្រួលស្ថាប័ន ធ្វើសុខដុមនីយកម្មគម្រោង និងកម្មវិធីដែលពាក់ព័ន្ធវិស័យកសិកម្ម ជាដើម។

ថ្លែងនៅក្នុងពិធីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី ១៧ តុលា លោក ឌិត ទីណា បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងបរិបទ​ដែលកំពុងរងផល​ប៉ះពាល់ដោយសារគ្រោះមហន្តរាយនេះ។ លោកប្តេជ្ញាបន្តអនុវត្តគោលនយោបាយ ផែនការ និងយុទ្ធសាស្រ្តជាតិនានា ជាពិសេសផែនអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ ២០២២-២០៣០ និងលើកកម្ពស់ជីវភាពកសិករ ដើម្បីធានាបាននូវសន្តិសុខ​ស្បៀង លើកកម្ពស់ការនាំចេញ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែជឿនលឿនថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម