ព័ត៌មានអន្ដរជាតិ
លីបង់-អុីស្រាអែល សម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រោមការសម្រួលពី អាមេរិក
ប្រទេសលីបង់ អុីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រទី២៦ ខែមិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌត្រីភាគីមួយ ក្នុងគោលបំណងបើកផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងគូសត្រូវដ៏យូរអង្វែងទាំងពីរនៅមជ្ឈិមបូព៌ា។ យោងសារព័ត៌មាន Reuters ។

កិច្ចព្រមព្រៀងដែលមិនទាន់ត្រូវបានប្រកាសនូវព័ត៌មានលម្អិតនៅឡើយនេះ គឺជាលទ្ធផលនៃការចរចាចំនួន ៥ លើកនៅក្នុងទីក្រុងវ៉ាស៊ីនតោន សំដៅបញ្ចប់អរិភាពរាប់ទសវត្សរ៍ និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេលជាច្រើនសប្តាហ៍ រវាងអុីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅក្នុងពិធីចុះហត្ថលេខានោះថា «ថ្ងៃនេះ យើងបានបោះជំហានដំបូង នៅក្នុងអ្វីដែលនឹងក្លាយជាដំណើរដ៏លំបាកមួយ ដោយគ្មានការសង្ស័យ ប៉ុន្តែវាជាជំហានដ៏សំខាន់ មិនអាចខ្វះបាន និងចាំបាច់បំផុត»។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ លោកបានបន្ថែមថា អាមេរិកនឹងជួយសម្រួលដល់ការអនុវត្តកិច្ចព្រមព្រៀងនេះតាមរយៈ ក្រុមសម្របសម្រួលយោធាសម្រាប់លីបង់ ជាលក្ខណៈត្រីភាគី ហើយទីក្រុងវ៉ាស៊ីនតោននឹងប្តេជ្ញាផ្តល់ធនធានសំខាន់ៗ រួមទាំងជំនួយមនុស្សធម៌ភ្លាមៗចំនួន ១០០ លានដុល្លារ ក្រោមការសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតលីបង់ប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រី Nada Hamadeh Moawad បានថ្លែងថា កិច្ចព្រមព្រៀងនេះ «គឺជាជំហានដំបូងនៅលើផ្លូវឆ្ពោះទៅរកការស្តារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបង់ឡើងវិញ ការធានាឲ្យមានការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍ និងចុងក្រោយ រួមទាំងការអនុញ្ញាតឲ្យប្រជាជនរបស់យើងត្រឡប់ទៅកាន់ដីធ្លីរបស់ពួកគេវិញ»។
ដោយឡែក ថ្លែងក្នុងឱកាសនោះដែរ ប្រេសិតរបស់អុីស្រាអែលប្រចាំអាមេរិក លោក Yechiel Leiter បានលើកឡើងថា នៅក្រោមប្រព័ន្ធនៃកិច្ចព្រមព្រៀងនេះ អុីរ៉ង់និង ហេសបូឡាត្រូវដកខ្លួនចេញ ហើយផ្លូវឆ្ពោះទៅរកសន្តិភាពរវាងអុីស្រាអែល និងលីបង់ ត្រូវបានបើកឡើង។
គួររំលឹកផងដែរថា ក្រុមហេសបូឡាបានអូសទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយកាលពីថ្ងៃទី ២ ខែមីនា តាមរយៈការបាញ់ផ្លោងរ៉ុក្កែតទៅលើអុីស្រាអែល ដើម្បីសងសឹកចំពោះការធ្វើឃាតមេដឹកនាំកំពូលរបស់អុីរ៉ង់ លោក Ali Khamenei នៅក្នុងការវាយប្រហាររួមគ្នារបស់អាមេរិក និងអុីស្រាអែល។ ក្រោយមក អុីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងបំផ្លិចបំផ្លាញ និងការវាយលុកចូលឈ្លានពាន ដែលភាគីលីបង់អះអាងថាបានសម្លាប់មនុស្សអស់ជាង ៤,២០០ នាក់។
នៅក្រោមសម្ពាធរបស់អាមេរិក មន្ត្រីលីបង់បានចាប់ផ្តើមការចរចាដោយផ្ទាល់ជាមួយអុីស្រាអែលកាលពីខែមេសា នៅទីក្រុងវ៉ាស៊ីនតោន ហើយកិច្ចព្រមព្រៀងឈប់បាញ់មួយត្រូវបានប្រកាសកាលពីថ្ងៃទី ១៧ ខែមេសា ប៉ុន្តែនៅតែមិនអាចបញ្ឈប់ការប្រយុទ្ធគ្នាបាន។
ការប្រកាសបទឈប់បាញ់ថ្មីមួយត្រូវបានធ្វើឡើងវិញនៅក្នុងខែនេះ ខណៈដែលទីក្រុងតេហេរ៉ង់បានទទូចថា កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះកាន់តែទូលំទូលាយដែលបង្កឡើងដោយអាមេរិក និងអុីស្រាអែលកាលពីចុងខែកុម្ភៈនោះ ត្រូវតែរាប់បញ្ចូលទាំងប្រទេសលីបង់ផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លក្ខខណ្ឌដាច់ណាត់របស់អ៊ីស្រាអែល៖ ការដកទ័ពចេញពីលីបង់ ទាល់តែក្រុមហេសបូឡារលំរលាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


