Connect with us

ព័ត៌មានជាតិ

ផ្លូវ​ទៅ​តំបន់​កន្ទុយ​នាគ​ប្រសព្វ​​ ៣ ប្រទេស កម្ពុជា​-​ឡាវ-វៀតណាម​ គ្រោង​សាងសង់​នៅ​ឆ្នាំ ២០២៨

បានផុស

នៅ

រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ទៅ​តំបន់​មុំ ៣ កន្ទុយនាគ​ដែល​ប្រសព្វ​គ្នា​រវាង​ប្រទេស ៣ គឺ​កម្ពុជា-ឡាវ-វៀតណាម​នៅ​ឆ្នាំ ២០២៨។

ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុង​សន្និសីទ​កាល​ពី​ម្សិលមិញ​នេះ លោក សាយ សាមាន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជួស​មុខ​ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​ លោក​បាន​ធ្វើ​បទ​អន្តរាគមន៍​ស្នើ​សុំ​ការ​សាងសង់​ផ្លូវ​ចំនួន​ពីរ​ខ្សែ​ក្នុង​ខេត្ត​រតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ទាំង​ពីរ​ខ្សែ​ដែល​លោក​លើក​សំណើ​យ៉ាង​ទទូច​នោះ​គឺ​ទី​មួយ​ផ្លូវ​ទៅ​វ៉ឺនសៃ និង​មួយ​ខ្សែ​ទៀត​គឺ​ផ្លូវ​ទៅ​តំបន់​មុំ ៣ កន្ទុយ​នាគ​ប្រសព្វ​គ្នា​រវាង​កម្ពុជា-ឡាវ-វៀតណាម។

ជា​ការ​ឆ្លើយតប​​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បាន​សន្យា​នឹង​រៀបចំ​ឆាប់ៗ។ បើ​តាម​លោក សាយ សាមាន ផ្លូវ​ទៅ​តំបន់​កន្ទុយនាគ​ នឹង​រៀបចំ​បញ្ចូល​ជា​​ប្រព័ន្ធ​ផ្លូវ​ជាតិ​មាន​ឈ្មោះ​ផ្លូវ​ជាតិ​លេខ ៧៨-៥។

ផ្លូវ​នេះ​សរុប​មាន​ប្រវែង ១៩១ គ.ម ចែក​ចេញ​ជា ៣ កំណាត់។ គឺ​ទី​មួយ​ពី​ក្រុង​បានលុង​ទៅ​ភូមិ​តងណងលិ​ប្រភេទជា​ DBST មាន​ប្រវែង ២១.៩៥ គ.ម កំណាត់​ទី​ពីរ​ពី​ភូមិ​តងណងលិ​ទៅ​ដល់​ស្រុក​តាវែង​ជា​ផ្លូវ​ល្បាយ​ថ្ម​ដែល​មាន​ប្រវែង ២៥.៩ គ.ម និង​កំណាត់​ទី ៣ ពី​ស្រុក​តាវែង​រហូត​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​មាន​ប្រវែង ១៤៣.៩៦ គ.ម។

លោក​បន្ត​ថា ផ្លូវ​ទៅ​តំបន់​កន្ទុយ​នាគ​បច្ចុប្បន្ន​អាច​ធ្វើ​ដំណើរ​បាន​ត្រឹម​ស្រុក​តាវែង​ បើ​ចង់​ធ្វើ​ដំណើរ​បន្ត​ដល់​តំបន់​មុំ ៣ កន្ទុយ​នាគ​ត្រូវ​ឆ្លង​ចូល​ប្រទេស​វៀតណាម។

រូបឯកសារ

ដោយ​ឡែក​ផ្លូវ​ទៅ​វ៉ឺនសៃ​ លោក សាយ សាមាន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​រតនគិរី​បានបញ្ជាក់​ថា ចែក​ចេញ​ជា​ពីរ​កំណាត់ គឺ​ចេញ​ពី​អូរជុំ​ទៅ​វ៉ឺនសៃ​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មាន​ប្រវែង ២៨.៥២ គ.ម និង​មួយ​កំណាត់​ទៀត​ជា​ផ្លូវ​ដី​ពី​វ៉ឺនសៃ​បន្ត​​រហូត​ដល់​ត្រពាំង​ក្រៀល​ព្រំ​ប្រទល់​កម្ពុជា​ឡាវ​មាន​ប្រវែង ១០៤,៤៥ គ.ម។ សរុបផ្លូវ​​មាន​ប្រវែង ១៣២,៩៧ គ.ម។

លោកសាយ សាមាន អះអាងថា ផ្លូវ​ទៅ​វ៉ឺនសៃ​ជា​គម្រោង​ផ្លូវ​ជាតិ ដែល​​គ្រោង​ចាប់​ផ្តើម​អនុវត្ត​ការ​សាងសង់​នៅ​ឆ្នាំ ២០២៧​។ ដោយ​ឡែក​ផ្លូវ​ទៅ​តំបន់​មុំ ៣ កន្ទុយ​នាគ​ប្រសព្វ​រវាង​កម្ពុជា​-ឡាវ​-វៀតណាម គ្រោង​ចាប់ផ្ដើម​​អនុវត្ត​ការ​សាងសង់​នៅ​ឆ្នាំ ២០២៨ ប៉ុន្តែ​អាច​លឿន​ជា​ការ​គ្រោង​ទុក​ដោយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្ដែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម