ព័ត៌មានជាតិ
ការងារជាង ១ ម៉ឺន ៥ ពាន់កន្លែង នឹងផ្ដល់ជូនយុវជននៅខេត្តចំនួន ៤
ការងារក្នុងវិស័យធំៗ ប្រមាណ ១ ម៉ឺន ៥ ពាន់កន្លែង ពីក្រុមហ៊ុនធំៗជាច្រើន ដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម នឹងផ្ដល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅតាមបណ្ដាខេត្តចំនួន ៤ រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម។

ឱកាសការងារនេះធ្វើឡើងតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact ក្នុងវេទិកាទស្សនកិច្ចការងារស្ដីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ»។

បើតាមអ្នករៀបចំកម្មវិធីបានឲ្យដឹងថា កម្មវិធី “វេទិកាទស្សនកិច្ចការងារ” នេះ នឹងចាប់ផ្ដើមដំបូងក្នុងខេត្តបាត់ដំបង នៅថ្ងៃទី ៣១ ខែឧសភា នេះ ក្នុងទីតាំងសាលមហោស្រពស្ទឹងសង្កែ។ បន្ទាប់មកនៅខេត្តសៀម នៅថ្ងៃទី ២ ខែមិថុនា នាសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ ខេត្តកំពង់ធំ នឹងត្រូវរៀបចំនៅថ្ងៃទី ៤ ខែមិថុនា នាសាកលវិទ្យាល័យឯកទេស នៃកម្ពុជា និងចុងក្រោយ នៅខេត្តកំពង់ចាម ថ្ងៃទី ៦ ខែមិថុនា នាអគារសហភាពសហព័ន្ធយុវជនកម្ពុជា។ ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារក្នុងខេត្តគោលដៅទាំង ៤ កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។

អ្នករៀបចំកម្មវិធីបានបន្តថា វេទិកាទស្សនកិច្ចការងារនេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្ដុះបណ្ដាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្ដល់ឱកាសជូននិយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបដើម្បីធ្វើការសម្ភាសជាមួយអ្នកស្វែងរកការងារ។

ជាមួយគ្នានេះ វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារសម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។

គួរបញ្ជាក់ថា “វេទិកាការងារ” និង “សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ” នេះ គឺយន្តការ នៃការផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិក និងកម្មករនិយោជិត។
សម្រាប់ព័ត៌មានពិស្ដារស្ដីពីវេទិកាទស្សនកិច្ចការងារនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


