ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ អប់រំណែនាំសិស្សានុសិស្ស ត្រូវចេះអត់ធ្មត់ ព្យាយាម ទើបសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សិស្សានុសិស្ស ត្រូវមានការតស៊ូ អត់ធ្មត់ អំណត់ព្យាយាម ទើបអាចឈានទៅសម្រេចនូវបំណងប្រាថ្នា ក៏ដូចជាទទួលបានជោគជ័យទៅថ្ងៃអនាគត។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី ២ និងការសិក្សាដោយការបង្កើតគម្រោងវត្ថុគំរូ «បំណងប្រាថ្នា» កាលពីព្រឹកថ្ងៃទី ២៥ សីហា នៅសាលប្រជុំ CKCC លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «សូមប្អូនៗ ចាំថា បំណងប្រាថ្នាកើតចេញពីការអំណត់ព្យាយាមជាមួយនឹងការលំបាក ព្រោះថាប្អូនៗ មិនអាចទប់ស្កាត់ការលំបាកមិនឲ្យកើតឡើងបានទេ តែប្អូនៗ អាចពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីទប់ទល់ជាមួយការលំបាកបាន»។

លោកបណ្ឌិត បានបន្តថា មនុស្សជោគជ័យ ត្រូវចេះបង្កើតឱកាស ហើយឱកាសនោះកើតចេញពីការសហការ ការតាំងចិត្តធ្វើអ្វីមួយឲ្យពិតប្រាកដ បង្កើតគម្រោងដោយត្រិះរិះពិចារណា និងដោះស្រាយបញ្ហា តស៊ូ អំណត់ និងកុំបាក់ទឹកចិត្ត បើបរាជ័យត្រូវបន្តខិតខំបន្តទៀត ពោលមិនត្រូវឈររិះគន់បញ្ហា ត្រូវបង្កើតពេលវេលាសម្រាប់ដោះស្រាយបញ្ហា នោះហើយដែលជាកត្តានាំឲ្យយើងទៅរកភាពជោគជ័យ។

លោកបណ្ឌិត បានលើកឧទាហរណ៍មកបញ្ជាក់បន្ថែមថា «បើប្អូនស្រលាញ់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវដាក់ទិសដៅឲ្យច្បាស់លាស់ ហើយពេលសិក្សា ត្រូវមានចំណង់ និងស្រេកឃ្លានមុខវិជ្ជាទាំងនោះ ដើម្បីទទួលបានចំណេះដឹងសម្រាប់ខ្លួនឯង មិនមែនរៀនតែដើម្បីឲ្យទទួលបានតែសញ្ញាបត្រនោះទេ»។

លោកបណ្ឌិត បានបន្ថែមថា ការសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មិនមែនជាការងាយស្រួលនោះទេ តែងតែមានឧបសគ្គ និងការប្រឈមច្រើន មានការបរាជ័យច្រើន ពិសេសបាក់ទឹកចិត្តច្រើន ដែលនឹងងាយធ្វើឲ្យប្អូនៗ បោះបង់បំណងប្រាថ្នាចោល។ ដូចនេះមានតែការអត់ធ្មត់ តស៊ូ ព្យាយាម និងជម្នះការលំបាកគ្រប់យ៉ាងទេ ទើបអាចធ្វើឲ្យប្អូនៗ សម្រេចបំណងប្រាថ្នា និងជោគជ័យ ទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី ២ ការសិក្សាដោយការបង្កើតគម្រោងបំណងប្រាថ្នា គឺជាការប្រកួតស្នាដៃបង្កើតគម្រោងតាមរយៈការផលិតជាគំរូសម្រាប់សិស្សានុសិស្សថ្នាក់ទី ៧ ដល់ទី ១២ មកពីគ្រឹះស្ថានសិក្សាសាធារណៈឯកជនទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងប្រមូលផ្ដុំសិស្សដែលមានសក្ដានុពលក្នុងគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សារភ្ជាប់ជាមួយបរិបទ នៃការអប់រំឌីជីថល។ ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍បំណងប្រាថ្នា គឺផ្ដល់លើវត្ថុគំរូដែលអាចកែសម្រួល ឬ ដោះស្រាយបញ្ហានេះកំពុងជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


