Connect with us

ព័ត៌មានជាតិ

​អតីត​អភិបាលរាជធានី​-​ខេត្ត ៤ ​រូប​ មាន​​ឈ្មោះ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ទាំង ៤ នៅ​រដ្ឋសភា

បានផុស

នៅ

រដ្ឋសភា​ជាតិ​បាន​បង្ហាញ​ពីសមាសភាព​ប្រធាន​គណៈកម្មការ​​ជំនាញ​ទាំង ១០ ​សម្រាប់​រដ្ឋសភា​នីតិកាលទី ៧។

ក្នុង​ចំណោម​ឥស្សរជន​ទាំង ១០ ដែល​ទទួល​​តំណែង​ជា​ប្រធានគណៈកម្មការ​ជំនាញ​ក្នុង​រដ្ឋសភាក្នុង​នីតិកាលទី ៧ ក៏​មាន​អតីត​អភិបាល​រាជធានី​ខេត្ត​ចំនួន ៤ ដែលទទួល​តួនាទី​​ដឹកនាំ​ក្នុង​គណៈកម្មការ​ជំនាញ​ ៤ ផ្សេង​គ្នា។

លោក កែប ជុតិមា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែប ជុតិមា ទទួល​មុខ​តំណែង​ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា។លោក​កែប ជុតិមា គឺ​ជា​អតីត​អភិបាល​ខេត្ត​រតនគីរី​ពី​ឆ្នាំ​១៩៩៥ ដល់ ១៩៩៩ មុន​ផ្លាស់​មក​ដឹកនាំ​ជា​អភិបាល​រាជធានី​ភ្នំពេញ​ជំនួស​លោក ជា សុផារ៉ា ពី​ឆ្នាំ ២០០៣ ដល់​២០១៣។ ក្រៅ​ពី​ជា​ប្រធាន​​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា លោក​ក៏​ជា​តំណាង​រាស្រ្ត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ។

លោក សរ ចំរុង

លោក សរ ចំរុង ជា​ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា។

លោក​ជា​អតីត​អភិបាល​ខេត្ត​ក្រចេះ។ មុន​ទទួល​បាន​ការ​តែងតាំង​ជា​អភិបាល​ខេត្ត​ក្រចេះ​នៅ​ឆ្នាំ ២០១២ ជំនួស​លោក ខាំ ភឿន លោក​ជា​អតីត​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ។

លោក សរ ចំរុង ត្រូវ​បាន​ផ្លាស់ប្តូរ​​ចេញ​ពី​តំណែង​អភិបាល​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨ ជំនួស​វិញ​ដោយ​លោក វ៉ា ថន ដែល​ជា​អភិបាលរង​ខេត្ត។ ការ​ផ្លាស់ប្តូរ​នេះ ដោយសារ​លោក​សរ ចំរុង ដល់​អាយុ​​ត្រូវ​ចូលនិវត្តន៍​។

លោក ឡូយ សូផាត

លោក ឡូយ សូផាត ជា​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន​ និង​ធនធាន​ទឹក។ លោក​ជា​អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង និង​បច្ចុប្បន្នក៏​ជា​តំណាងរាស្រ្ត​មណ្ឌលខេត្ត​ស្ទឹងត្រែង​ផង​ដែរ។

លោក ប៉ា សុជាតិវង្ស

លោក ប៉ា សុជាតិវង្ស ប្រធាន​គណៈកម្មការ អប់រំ យុវជន​ កីឡា ធម្មការ កិច្ចការ​សាសនា​ វប្បធម៌ និង​ទេសចរណ៍​។

លោក ប៉ា សុជាតិវង្ស ធ្លាប់ត្រូវបានដំឡើងឋានៈ​ជាប្រធាន​គណៈកម្មការទី១ នៃរដ្ឋសភាអាណត្តិទី ៦ ប៉ុន្តែក្រោយមកលោកបានលាលែងពីតំណែងតំណាងរាស្រ្ត និងប្រធានគណៈកម្មការនេះ ដើម្បី​មកកាន់​តំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ លោកក៏ធ្លាប់ជា​អភិបាលរាជធានីភ្នំពេញចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ បន្ត​ពី​លោក​កែប ជុតិមា។

គួរ​បញ្ជាក់ថា នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី ១ នីតិកាល​ទី ៧ កាល​ពី​ថ្ងៃ ២២ សីហា ឆ្នាំ ២០២៣ បាន​បោះឆ្នោត​ជ្រើសតាំង​​ប្រធាន អនុប្រធាន​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​អស់​នៃ​រដ្ឋសភា។

ការ​បោះឆ្នោតអនុម័តដោយលើកដៃ បាន​ជ្រើសបាន​​សមាសភាពប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ដោយ​ទទួលបានសំឡេងយល់ព្រមចំនួន ១២៣ សំឡេង នៃចំនួនសមាជិកទាំងមូល។

សមាសភាពប្រធាន អនុប្រធានរដ្ឋសភា និងប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា​មានដូចតទៅ៖

១- ប្រធានរដ្ឋសភា៖ សម្តេច​កិត្តិសង្គហបណ្ឌិត ឃួន សុដារី
២- អនុប្រធានទី១ រដ្ឋសភា៖ លោក​កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប
៣- អនុប្រធានទី២ រដ្ឋសភា៖ លោក វង សូត

ដោយឡែកគណៈកម្មការ​ជំនាញ​ទាំង ១០ មាន​៖

១- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា

-ប្រធាន៖ លោក សរ ចំរុង
-អនុប្រធាន៖ លោក សម តារា

២- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម

-ប្រធាន៖ លោក ឈាង វុន
-អនុប្រធាន៖ លោក ឡោក ហ៊ួរ

៣- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក

-ប្រធាន៖ លោក ឡូយ សុផាត
-អនុប្រធាន៖ លោក ម៉ា ឈឿន

៤- គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ

-ប្រធាន៖ លោក កែប ជុតិមា
-អនុប្រធាន៖ លោក ច័ន្ទ សុផល

៥- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន

-ប្រធាន៖ លោក សួស យ៉ារ៉ា
-អនុប្រធាន៖ លោក នឹម ច័ន្ទតារា

៦- គណៈកម្មការនីតិកម្ម និង​យុត្តិធម៌

-ប្រធាន៖ លោក អង្គ វង្សវឌ្ឍនា
-អនុប្រធាន៖ លោកជំទាវ គ្រួច សំអាន

៧- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍

-ប្រធាន៖ លោក ប៉ា សុជាតិវង្ស
-អនុប្រធាន៖ លោកជំទាវ ខេង សំវ៉ាដា

៨- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះ បណ្តាល​វិជ្ជាជីវៈ និងកិច្ចការនារី

-ប្រធាន៖ លោកជំទាវ ឡោក ខេង
-អនុប្រធាន៖ លោក សោម ចិន

៩- គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-ប្រធាន៖ លោកជំទាវ និន សាផុន
-អនុប្រធាន៖ លោក លី ឆេង

១០ -គណៈកម្មការអង្កេត បោសសំអាត និង​ប្រឆាំងអំពើពុករលួយ

-ប្រធាន៖ លោក ប៉ែន ស៊ីម៉ន
-អនុប្រធាន៖ លោក កែវ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម