ព័ត៌មានជាតិ
សេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាថ្ងៃទី១២ឧសភា ស្អែកនេះ
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ រដ្ឋសភាជាតិនឹងបើកសម័យប្រជុំពេញអង្គជាវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី ដើម្បីជំនួសឱ្យច្បាប់ចាស់ ដែលបានប្រកាសឱ្យប្រើប្រាស់តាំងពីឆ្នាំ២០០៦។

គួរឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ មុននឹងបញ្ជូនមកកាន់សភានាពេលនេះ។ សេចក្ដីព្រាងច្បាប់នេះ មាន៨ជំពូក និង២០មាត្រា ត្រូវបានរាជរដ្ឋាភិបាល បញ្ជាក់ថា រៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ។ ម្យ៉ាងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។

សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានប្រកាសទុកជាការប្រញាប់ បន្ទាប់ពីការអនុម័តរបស់ស្ថាប័នសភា ដើម្បីជំនួសឱ្យច្បាប់ចាស់ស្ដីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីឆ្នាំ២០០៦ ដែលច្បាប់ចាស់នោះ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយនៅឡើយ ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។ ការធ្វើបច្ចុប្បន្នភាពលើច្បាប់នេះ គឺជាការចាំបាច់ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។
កន្លងទៅ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា គឺជាផ្នែកមួយនៃការកសាងកម្លាំងទ័ពនៅកម្ពុជា ដែលនឹងជួយឱ្យមានយោធិនគ្រប់គ្រាន់សម្រាប់បំពេញការងារ និងជួយកសាងកម្លាំងធនធាន ដែលមានវិន័យចូលក្នុងសង្គម។

នៅពេលច្បាប់ថ្មីនេះចូលជាធរមាន កម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធា ដោយបុរសអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ គឺត្រូវបំពេញកាតព្វកិច្ចរយៈពេល២៤ខែ ខណៈអ្នកគេចវេសចំពោះកាតព្វកិច្ចនេះច្បាប់កំណត់អាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ រីឯស្ត្រីមិនតម្រូវជាកាតព្វកិច្ចឡើយ តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
ជាការកត់សម្គាល់ ទន្ទឹមនឹងច្បាប់ពាក់ព័ន្ធក្នុងវិស័យការពារជាតិ ច្បាប់ពាក់ព័ន្ធវិស័យថាមពល ពោលគឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម ក៏នឹងត្រូវដាក់ឆ្លងនៅក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភា នាថ្ងៃស្អែកផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


