Connect with us

សន្តិសុខសង្គម

​ជំនន់ទឹកភ្លៀងនៅព្រំដែនកម្ពុជា-ថៃ ស្រុកកំរៀងបានស្រកចុះវិញហើយ

បានផុស

នៅ

ស្ថានភាពជំនន់ទឹកភ្លៀងនៅច្រកទ្វារដូង ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបងបានស្រកចុះវិញហើយ បន្ទាប់ពីជន់លិចតំបន់ព្រំដែនកម្ពុជា-ថៃ ដែលឈានដល់ការបិទចរាចរណ៍បណ្ដោះអាសន្ន។ ​

លោក ខៃ សូដា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៤ ខែតុលានេះថា នៅច្រកទ្វារដូង ស្ថិតក្នុងឃុំបឹងរាំង ស្រុកកំរៀងទឹកបានស្រកវិញ ខណៈឃុំអូរដាក៏ស្រកចុះដូចគ្នា។

ចំណែកច្រកទ្វារអូរអន្លក់ ទឹកបានស្រកចុះជាង ១ ម៉ែត្រ ខណៈនៅច្រកទ្វារអូររំដួល នៅស្រុកភ្នំព្រឹកកម្ពស់ទឹកបានស្រកចុះជាង ២ ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជំរាបថា នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ​មានភ្លៀងធ្លាក់ជាប់ៗ​គ្នាទាំងនៅទឹកដីកម្ពុជា​ក៏ដូចជានៅក្នុងខេត្តច័ន្ទបុរីប្រទេសថៃបានធ្វើឲ្យទឹកជំនន់ជន់ឡើងយ៉ាងគំហុកនៅក្នុងអូរព្រំដែនព្រមទាំងបានបែកសាចទៅតាមអូរនានាមួយចំនួនបង្កឲ្យលិចលំនៅឋានតាមភូមិមួយចំនួនដែលស្ថិតនៅជាប់ និងមាត់អូរ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ជំនន់ទឹកភ្លៀងទើបតែបានធូរស្រាលនៅស្ទឹងសង្កែ ខេត្តបាត់ដំបង ខណៈនៅយប់ថ្ងៃទី ២ ខែតុលា មានភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យតំបន់ព្រំដែនក្នុងស្រុកកំរៀង ខេត្តបាត់ដំបង មានទឹកជំនន់នៅតំបន់អមសងខាងអូរ។

របាយណ៍ការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា គិតត្រឹមថ្ងៃទី ១២ ខែកញ្ញា រហូតដល់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣ ដំណាំស្រូវប្រជាពលរដ្ឋនៅខេត្តបាត់ដំបងប្រមាណជាង ៣ ពាន់ហិកតា រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម