Connect with us

សន្តិសុខសង្គម

នគរបាលស្រុកមោងឫស្សី លម្អិតករណីស្ត្រីអ្នកលក់គ្រឿងអលង្ការឆបោកពលរដ្ឋ សរុបទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់

បានផុស

នៅ

ករណីអំពើឆបោកដែលបានកើតឡើងកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ ត្រង់ចំណុចផ្សារកូនខ្លុង ស្ថិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗ នេះ សមត្ថកិច្ចបានធ្វើការដកហូតគ្រឿងអលង្ការយ៉ាងច្រើនសន្ធឹកសន្ធាប់ និង របាយការណ៍ដែលស្រ្តីដែលជាជនសង្ស័យបានឆបោកទ្រព្យសម្បត្តិ និង វត្ថុមានតម្លៃពីជនរងគ្រោះក៏ច្រើនណាស់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កាលពី‍វេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ នៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ៥ នាក់ បានមកដាក់ពាក្យប្តឹងលើឈ្មោះ យិន រស្មី ភេទស្រី អាយុប្រហែល ៣៥ ឆ្នាំ រស់នៅក្នុងបុរីសំណាងទេវី ស្ថិតក្នុងភូមិអូរតានុប សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ជាអាជីវករលក់ និង ទទួលបញ្ចាំគ្រឿងអលង្ការនៅផ្សារកូនខ្លុង ស្ថិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ថា បានប្រព្រឹត្តអំពើឆបោកលើពួកខ្លួន ដោយ ៖ ជនរងគ្រោះទី១.ឈ្មោះ វ៉ាន់ ម៉ាលីហ្យា ភេទស្រី អាយុ ៣៤ ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី បានទិញខ្សែដៃប្លាទីន ១ ខ្សែ ទម្ងន់ ៤ ជី ២ ហ៊ុន តម្លៃ ២ ៨៥០ ០០០ រៀល (ពីរលានប៉ែតសិបប្រាំម៉ឺនរៀល) និង ខ្សែក ប្លាទីន ១ ខ្សែ ទម្ងន់ ៣ ជី ៥ ហ៊ុន តម្លៃ ២ ០០០ ០០០ រៀល (ពីរលានរៀល) កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ ពីឈ្មោះ យិន រស្មី បន្ទាប់មកប្រហែល ៣ ខែ ឡើងពណ៌រាងខ្មៅយកទៅពិនិត្យនៅផ្សារណាត់ ខេត្តបាត់ដំបង ទើបដឹងថាជារបស់កាឡៃ។ ជនរងគ្រោះទី២.ឈ្មោះ ស សុភក្តិ ភេទស្រី អាយុ ៤៣ ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី បានយកខ្សែក មាស ចំនួន ១ ខ្សែ ទម្ងន់ ៨ ជី ទៅបញ្ចាំឲ្យឈ្មោះ យិន រស្មី កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ តម្លៃ ១០ ០០០ ០០០ រៀល (ដប់លានរៀល) លុះដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ខ្លួនយកលុយទៅលោះខ្សែក វិញ ស្រាប់តែឈ្មោះ យិន រស្មី ប្រាប់ថា បាត់រកអត់ឃើញ សន្យាថ្ងៃនេះ ថ្ងៃនោះរហូត គ្មានរបស់ឲ្យខ្លួនវិញ។ ជនរងគ្រោះទី៣.ឈ្មោះ រ៉េត ម៉ាឌី ភេទស្រី អាយុ ៣៨ ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី បានយកខ្សែក ប្លាទីន ចំនួន ២ ខ្សែ ទម្ងន់ ៤ ជី ៧ ហ៊ុន , ខ្សែដៃប្លាទីន ១ ខ្សែ ទម្ងន់ ១ ជី ៨ ហ៊ុន , ក្រវិលប្លាទីន ១ គូ ទម្ងន់ ៤ ហ៊ុន ទៅបញ្ចាំឲ្យឈ្មោះ យិន រស្មី ក្នុងតម្លៃ ៥ ៣០០ ០០០ រៀល (ប្រាំលានសាមសិបម៉ឺនរៀល) កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ លុះថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៦ ខ្លួនបានយកលុយចំនួន ៥ ៣៥០ ០០០ រៀល (ប្រាំលានសាមសិបប្រាំម៉ឺនរៀល) ទៅលោះ ក្រោយពីឈ្មោះ យិន រស្មី ទទួលលុយរួច ប្រាប់ខ្លួនថា ចាំថ្ងៃនេះ ថ្ងៃនោះ ចាំមកយករបស់វិញ ដល់សព្វថ្ងៃមិនឃើញឲ្យគ្រឿងអលង្ការដែលខ្លួនបញ្ចាំមកខ្លួនវិញទេ។ ជនរងគ្រោះទី៤.ឈ្មោះ សួង គីម ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានយកក្រវិលប្លាទីន ១ គូ ទម្ងន់ ៦ ហ៊ុន ដាំពេជ្រចំនួន ៣០ គ្រាប់ តម្លៃ ២ ០០០ ដុល្លារ (ពីរពានដុល្លារ) ទៅឲ្យឈ្មោះ យិន រស្មី ធ្វើជាចិញ្ចៀនវិញ គិតតម្លៃឈ្នួល ៣០ ០០០ រៀល (បីម៉ឺនរៀល) កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ ដោយសន្យាបីថ្ងៃហើយ តែដល់ថ្ងៃកំណត់ខ្លួនទៅយក ឈ្មោះ យិន រស្មី ថា ចាំថ្ងៃនេះ ថ្ងៃនោះរហូត គ្មានរបស់ឲ្យខ្លួនទេ។ ហើយនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ ខ្លួនក៏បានទិញចិញ្ចៀនប្លាទីន ១ វង់ ទម្ងន់ ៧ ហ៊ុន តម្លៃ ៣៦០ ០០០ រៀល (សាមសិបប្រាំមួយម៉ឺនរៀល) និង យកខ្សែដៃប្រាក់ ទម្ងន់ ៤ ជី ប្តូរយកខ្សែក ប្រាក់ ទម្ងន់ ៣ ជីកន្លះ ពីឈ្មោះ យិន រស្មី ពេលខ្លួនយកទៅពិនត្យ បែរជារបស់កាឡៃទាំងអស់។ ជនរងគ្រោះទី៥.ឈ្មោះ វុធ សុខា ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង យកខ្សែក មាស ចំនួន ១ ខ្សែ ទម្ងន់ ៥ ជី ២ ហ៊ុន ទៅបញ្ចាំឲ្យឈ្មោះ យិន រស្មី តម្លៃ ៤ ២០០ ០០០ រៀល (បួនលានម្ភៃម៉ឺនរៀល) កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ លុះថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ ខ្លួនយកលុយទៅលោះរបស់វិញ ស្រាប់តែឈ្មោះ យិន រស្មី ប្រាប់ខ្លួនវិញថា បាត់រកមិនទាន់ឃើញ ចាំថ្ងៃនេះ ថ្ងៃនោះរហូត ដល់បច្ចុប្បន្ន បិទតូបបាត់ ទំនាក់ទំនងមិនបាន។

បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះទាំង ៥ នាក់ ខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះធ្វើការស្រាវជ្រាវ រហូតដល់ វេលាម៉ោង ១១ និង ១០ នាទីព្រឹក ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ ត្រង់ចំណុចភូមិអូរតានុប សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងបានធ្វើការឃាត់ខ្លួនឈ្មោះ យិន រស្មី ភេទស្រី អាយុ ៣៥ ឆ្នាំ យកទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកសម្ភារៈដកហូតពីជនសង្ស័យរួមមាន ៖ ១.ចិញ្ចៀនធ្វើពីលោហធាតុពណ៌លឿងចំនួន ៧៥ វង់។ ២.ក្រវិលធ្វើពីលោហធាតុពណ៌លឿង ចំនួន ១១ ក្រវិល។ ៣.កងដៃធ្វើពីលោហធាតុ ពណ៌លឿងចំនួន ៥២ កង (ក្នុងនោះមានកងដៃថ្ម ពណ៌ខៀវចំនួន ១)។ ៤.ខ្សែដៃធ្វើពីលោហធាតុពណ៌លឿង ចំនួន ៣៣ ខ្សែ។ ៥.ខ្សែក ធ្វើពីលោហធាតុពណ៌លឿងចំនួន ៣២ ខ្សែ (គ្រឿងអលង្ការទាំងនេះ សង្ស័យជារបស់កាឡៃ)។ ៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងអលង្ការចំនួន ១។ ៧.ប្រអប់សម្រាប់ដាក់គ្រឿងអលង្ការចំនួន ២។ ៨.ទូរស័ព្ទដៃម៉ាក nubia v80 ពណ៌ពងមាន់ ចំនួន ១ គ្រឿង។ ៩.វិក្កយបត្រចំនួន ១ ក្បាល។ ១០.កម្ទេចខ្សែកចំនួន ២៤ កម្ទេច។

លោកវរសេនីយ៍ទោ ស គឹមឡុង អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា ដោយមានការឯកភាពពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តបាត់ដំបង រួចមក ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតាមនីតិវិធីហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម