Connect with us

ព័ត៌មានជាតិ

ភ្លៀងធ្លាក់ពីរថ្ងៃជាប់គ្នា បង្កជាជំនន់ទឹកភ្លៀងលិចផ្លូវ ស្ពាន និងដំណាំនៅស្រុកសំឡូត ខេត្តបាត់ដំបង

បានផុស

នៅ

ជំនន់ទឹកភ្លៀងដែលបង្កឡើងដោយភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានជន់លិចទីតាំងមួយចំនួនក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដោយប៉ះពាល់ដល់ផ្លូវ ស្ពាន និងផលដំណាំមួយចំនួន ខណៈអាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមដងអូរ ព្រែក និងស្ទឹង បង្កើនការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលស្រុកសំឡូត បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យកម្រិតទឹកកើនឡើង និងជន់លិចភូមិដ្ឋាន ផ្លូវ ស្ពាន និងដំណាំកសិកម្មនៅតំបន់មួយចំនួន។

តាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ជំនន់ទឹកភ្លៀងបានធ្វើឱ្យលិចចំណុចស្ពានអូរថ្ម ស្ថិតក្នុងឃុំតាតោក ដោយសារទឹកចាល់ចេញពីទំនប់បង្ហៀរ ហូរទៅកាន់តំបន់ទំនាប។ ចំណែកស្ពានអូរកំបោរ ស្ថិតនៅភូមិដូនត្រឹក ឃុំតាសាញ ក៏រងផលប៉ះពាល់ដូចគ្នា ដោយទឹកហូរកាត់លើស្ពាន និងមានចរន្តហូរខ្លាំង។

អាជ្ញាធរស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ជាពិសេសនៅផ្នែកខាងក្រោមក្នុងស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ ក្រុងបាត់ដំបង និងស្រុកឯកភ្នំ បង្កើនការប្រុងប្រយ័ត្ន ខណៈកម្រិតទឹកអាចបន្តហក់ឡើង ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។

ទោះជាយ៉ាងណា គិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀងមិនទាន់បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅឡើយទេ ខណៈអាជ្ញាធរកំពុងបន្តតាមដានស្ថានភាព និងត្រៀមអន្តរាគមន៍ប្រសិនបើស្ថានការណ៍ប្រែប្រួល៕

ដោយ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម