ព័ត៌មានជាតិ
ក្រសួងវប្បធម៌អំពាវនាវឲ្យយុវជនខ្មែរយកទិវានៃក្តីស្រលាញ់ទៅជួយដល់ជនងាយរងគ្រោះក្នុង សង្គមវិញ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវដល់យុវជនខ្មែរយកទិវានៃក្តីស្រលាញ់ដែលនឹងឈានចូលដល់ថ្ងៃទី១៤កម្ភៈនេះ ទៅគោរពស្រលាញ់ឪពុកម្ដាយ ក្រុមគ្រួសារនិងជនរងគ្រោះនៅក្នុងសង្គមវិញជាជាងទៅប្រព្រឹត្តិនូវទង្វើមិនគប្បីផ្សេងៗធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ខ្មែរយើង។
យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលទើបទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា បច្ចុប្បន្នទិវានៃក្តីស្រលាញ់បាននឹងកំពុងជ្រាបចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជនបណ្ដាលឲ្យមនុស្សមួយចំនួនបានទទួលយកនិងប្រើប្រាស់ដោយភាពភាន់ច្រឡំនាំឲ្យមានផលប៉ះពាល់ដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង។

ក្រសួងបានបន្តថា ក្នុងបរិការណ៍នេះ ប្រជាជនជាពិសេសយុវជនកម្ពុជាត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះវប្បធម៌ប្រពៃណីដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាព្រមទាំងត្រូវសិក្សាឈ្វេងយល់ឲ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារនិងឥទ្ធិពលនៃវប្បធម៌ទំនៀមទម្លាប់ពីខាងក្រៅដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថនិងបរិបទនៃសង្គមរបស់មនុស្សក្នុងគោលដៅរក្សាឲ្យបាននូវអត្តភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។
ក្រសួងបានណែនាំថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជាគួរជាឱកាសក្នុងការចែកចាយនិងធានានូវក្តីស្រឡាញ់ប្រកបដោយភាពទូលំទូលាយ និងសន្តានចិត្តស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍ក្រុមគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលមាននៅក្នុងសង្គមជាមួយគ្នាដូចជា ជនពិការកុមារ កំព្រានិងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាពការជួបជុំពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នាដោយក្តីសោមនស្សរីករាយ ការសរសេរលិខិតជូនពរការជូនអំណោយផ្សេងៗដើម្បីបញ្ជាក់ពីភាពកតញ្ញូតាធម៌ ក្តីស្រលាញ់និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណបុព្វការីជននិងចំពោះសង្គមជាតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមអំពាវនាវដល់មាតាបិតាអាណាព្យាបាលសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជនសូមចូលរួមផ្សព្វផ្សាយអប់រំពន្យល់ណែនាំក្រើនរំលឹកដល់បងប្អូនកូនចៅក្នុងគោលបំណងប្រើប្រាស់ទិវានេះឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរដើម្បីកិត្តិយសនិងភាពថ្លៃថ្នូររបស់គ្រួសារពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


