ព័ត៌មានជាតិ
គិតត្រឹមឆមាសទី ១ ឆ្នាំនេះ យុវជនជាង ៤ ម៉ឺន ៥ ពាន់នាក់ ចុះឈ្មោះចូលរៀនជំនាញ នៃកម្មវិធី TVET ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល
កម្មវិធី «បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» របស់រាជរដ្ឋាភិបាល ទទួលបានយុវជនចំនួនជាង ៤ ម៉ឺន ៥ ពាន់នាក់ ចុះឈ្មោះចូលរៀន នៅទូទាំងប្រទេស គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤។ នេះជាការបញ្ជាក់របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤។

លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ពោល គឺមានរយៈពេលជាង ៧ ខែ នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការ បានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន និងចាត់ក្រុមការងារចុះតាមមូលដ្ឋានផ្ទាល់ធ្វើយ៉ាងណាកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល។
លោកបានបញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ទ្រង់ទ្រាយធំ នៅរាជធានី-ខេត្ត យ៉ាងសស្រាក់សស្រាំ ក្នុងនោះដែរ ក្រុមការងារក្រសួង ក៏បានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់នៅតាម ឃុំ សង្កាត់ និងតាមខ្នងផ្ទះ នៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យផងដែរ។

លោក កត្តា អ៊ន បានបង្ហាញថា យុវជនអាចជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្តបានក្នុងចំណោមជំនាញទាំង ៤៥ ក្នុងវិស័យអាទិភាពសំខាន់ៗ ចំនួន ១០ រួមមាន សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។
លោកក៏បានគូសបញ្ជាក់ដែរថា ជោគជ័យ នៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមែនរាប់ត្រឹមពេលដែលយុវជនជាគោលដៅបានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គបណ្តុះបណ្តាលបានដំណើរការ ហើយក៏មិនត្រឹមតែពេលយុវជនបានបញ្ចប់ការបណ្តុះបណ្តាលនោះទេ។ ជោគជ័យពិតប្រាកដ គឺត្រូវសម្រេចឱ្យបាននូវអភិក្រម ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងណាឱ្យយុវជន «រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ»។

លោក កត្តា អ៊ន ចាត់ទុកថាកម្មវិធីបណ្ដុះបណ្ដាលនេះ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថា កំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។ បន្ថែមពីនេះ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាសការសិក្សាពេញមួយជីវិត ដល់កម្មករ-និយោជិត តាមរយៈកម្មវិធីផ្លាស់ប្ដូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិត ទោះបីជាកំពុងមានការងារធ្វើក៏ដោយ។ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយរបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍន៍កម្លាំងពលកម្មឱ្យមានជំនាញ មានសមត្ថភាព មានគុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួនដែលអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិទាំងចំពោះមុខ និងទាំងអនាគត។
លោកបានអំពាវនាវឱ្យអាណាព្យាបាល យុវជនទូទៅ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសតាមរយៈ (១). ប្រព័ន្ធឌីជីថល ដោយខ្លួនឯង ឬដោយពឹងបុគ្គលណាមួយ លើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M), ឬ (២). អាចទៅចុះឈ្មោះផ្ទាល់នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ឬទំនាក់ទំនងសួរនាំអាជ្ញាធរឃុំ-សង្កាត់ដែលខ្លួនរស់នៅ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ឬទូរស័ព្ទទៅកាន់លេខ ១២៩៧ ឬ ១២៨៦។ ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, មានអាយុចាប់ពី ១៥ ឆ្នាំឡើង, និងមានបណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់៕







-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ