ព័ត៌មានជាតិ
លោក លេង ផាលី៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី រួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ
លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាពជូនប្រជាពលរដ្ឋកម្ពុជាក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការចុះជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មីប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកាលពីរសៀលថ្ងៃទី១១កក្កដា លោក លេង ផាលី បានបន្តថា គោលបំណងធំនៃការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី នេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាភាព និងសុខភាពជូនប្រជាពលរដ្ឋកម្ពុជាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការចុះជួយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោកបានបន្តទៀតថា «សុខភាពមានសារសំខាន់ណាស់បើប្រជាពលរដ្ឋមានសុខភាពល្អអាចប្រកបការងារបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររីកចំរើនប្រទេសជាតិក៏មានការរីកចំរើនទៅតាមហ្នឹងដែរ តែបើប្រជាពលរដ្ឋមិនមានសុខភាពល្អទេ ក៏មិនអាចធ្វើអ្វីបានដែរ»។

លោកបានបន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី នេះគឺជាការងារស្ម័គ្រចិត្ត និងធ្វើការដោយឆន្ទះដែលមានការចូលរួមពីស្ថាប័ននានាដូចជាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)ហើយតាមរយៈការងារស្ម័គ្រចិត្តនេះក្មួយៗដែលចូលរួមនឹងទទួលបាននូវការអភិវឌ្ឍន៍ស្មារតី ចំណេះ ជំនាញ និងកិត្តិយសពិសេសបានធ្វើអំពើល្អនៅក្នុងសង្គមជាតិ។
លោក លេង ផាលី បានណែនាំដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំនៅសាលាពេទ្យទាំងអស់ត្រូវបន្តខិតខំសាមគ្គីគ្នាក្នុងការចុះជួយពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពប្រជាជនផង និងកាត់បន្ថយភាពក្រីក្រផង។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា កាយវិការមនុស្សធម៌ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មិនដែលទុកប្រជាពលរដ្ឋឲ្យហែលឆ្លងការលំបាកបានក្លាយថ្នាលគំរូបណ្តុះស្មារតីមនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈសម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលនឹងក្លាយជាអ្នកផ្តល់សេវាក្នុងវិស័យសុខាភិបាលនាពេលអនាគត។
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលពង្រឹងលើការបណ្តុះបណ្តាល ដោយបញ្ជ្រាបការបណ្តុះស្មារតី មនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈ
នេះផងដែរ។

គួរបញ្ជាក់ថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តែងផ្តល់ឱកាសដល់មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជនដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។

តាមរយៈការផ្តល់ឱកាសដ៏ថ្លៃថ្លានេះ មន្ត្រី បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ២,៣៤៨ នាក់បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក ក្រុមការងារគ្រូពេទ្យស្ម័គចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី និងបានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃបានចំនួន១៤ លើកដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុបចំនួន១០៨៦១៧ នាក់ គិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


