កីឡា
តើកម្ពុជាខាតប្រយោជន៍អ្វីខ្លះពីការធ្លាក់ចេញពី World Cup និង Asian Cup?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាខាតប្រយោជន៍ច្រើនណាស់ពីការធ្លាក់ចេញពីជើងឯកពិភពលោក 2026 World Cup ក្នុងវគ្គជម្រុះបឋម និងជើងឯកអាស៊ី 2027 AFC Asian Cup នៅក្នុងវគ្គជម្រុះជុំទី២។

កម្ពុជា បានចាញ់ ប៉ាគីស្ថាន ដោយលទ្ធផលទាំងពីរជើង ១-០ កាលពីខែតុលា ឆ្នាំ២០២៣ ក្នុងវគ្គជម្រុះបឋម ជើងឯកពិភពលោក ឆ្នាំ២០២៦ និងបានចាញ់ ស្រីលង្កា ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ២-៤ បន្ទាប់ពីចប់១២០នាទីស្មើគ្នា ២-២ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វគ្គជម្រុះជើងឯកអាស៊ី។
បាត់បង់ការប្រកួតអន្តរជាតិ១២ប្រកួត
ការធ្លាក់ចេញពីពានរង្វាន់ធំលំដាប់អាស៊ី និងពិភពលោកទាំងពីរ កម្ពុជាបាត់បង់ការប្រកួតអន្តរជាតិចំនួន១២ប្រកួត។ ប្រសិនបើកម្ពុជាឡើងទៅវគ្គបន្ត នឹងចូលក្នុងវគ្គជម្រុះក្នុងពូលដែលចាប់ឆ្នោតប៉ះជាមួយក្រុមជម្រើសជាតិអាស៊ីលំដាប់កំពូលៗគឺ៦ប្រកួត ក្នុងជើងឯកពិភពលោក និង៦ប្រកួតក្នុងជើងឯកអាស៊ី។

ការទទួលបានឱកាសប្រកួតជាមួយក្រុមខ្លាំងលំដាប់អាស៊ីមិនងាយទេ ពីព្រោះពួកគេកម្រនឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្សោយណាស់។ ដូច្នេះមានតែកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិបែបនេះដែលផ្តល់ឱកាសឲ្យក្រុមខ្សោយបានប្រកួតជាមួយក្រុមខ្លាំងៗ។ ការទទួលបានឱកាសប្រកួតជាមួយក្រុមខ្លាំងគឺជារឿងល្អបំផុតដើម្បីបង្កើនបទពិសោធ សមត្ថភាព និងស្វែងយល់ពីចំណុចខ្វះខាតរបស់ខ្លួនដើម្បីអភិវឌ្ឍខ្លួន។
ខាតបង់ថវិកា
ការប្រកួតជម្រុះក្នុងពូល១២ប្រកួតគឺត្រូវធ្វើម្ចាស់ផ្ទះ៦ប្រកួត ក្នុងនោះធ្វើម្ចាស់ផ្ទះ៣ប្រកួតក្នុងជើងឯកពិភពលោក និង៣ប្រកួតក្នុងជើងឯកអាស៊ី។ ក្នុងនាមជាម្ចាស់ផ្ទះអាចរកចំណូលបានច្រើនមានដូចជាការទទួលបានប្រាក់ឧបត្ថម្ភពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។ ការទទួលបានប្រាក់ឧបត្ថម្ភពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។ ការទទួលបានចំណូលពីដៃគូហការដែលជាអ្នកឧបត្ថម្ភគាំទ្រ។ ការទទួលបានចំណូលពីការលក់សំបុត្រសម្រាប់អ្នកគាំទ្រជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមដែលត្រូវធ្វើដំណើរមកប្រកួតត្រូវចំណាយលើការស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន និងចំណាយលើអ្វីផ្សេងៗទៀត។
ខាតបង់ការផ្សព្វផ្សាយ
នៅពេលមានការប្រកួតអន្តរជាតិក្នុងពានរង្វាន់ធំៗបែបនេះគឺមានការចាប់អារម្មណ៍ពីបណ្តាប្រទេសផ្សេងៗច្រើន។ ជាពិសេសពីប្រទេសជាដៃគូប្រកួត ពីព្រោះពួកគេនឹងតាមដានពីស្ថានភាពក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ពួកគេស្វែងយល់ពីប្រទេសកម្ពុជា ហើយប្រសិនបើប្រទេសទាំងនោះផ្សាយបន្តផ្ទាល់ពីកម្ពុជាទៀតនោះគឺរឹតតែធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើន។

ទន្ទឹមជាមួយគ្នានេះ កម្ពុជាបាត់បង់ឱកាសទាក់ទាញអ្នកគាំទ្ររបស់ខ្លួន។ នៅពេលមានកម្មវិធីប្រកួតអន្តរជាតិធំៗគឺរឹតតែធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនចាប់អារម្មណ៍ និងចូលរួមគាំទ្រលើកទឹកចិត្តដល់ក្រុមជម្រើសជាតិ។ ផ្ទុយទៅវិញ កម្ពុជាកាន់តែស្ងប់ស្ងាត់ និងថយចុះការគាំទ្រ នៅពេលគ្មានកម្មវិធីប្រកួតអន្តរជាតិយូរ។
ពិន្ទុ និងចំណាត់ថ្នាក់ថយចុះ
នៅពេលកម្ពុជាប្រកួតចាញ់ក្រុមដែលមានចំណាត់ថ្នាក់ FIFA Ranking ទាបជាងខ្លួន ចំណាត់ថ្នាក់របស់កម្ពុជានឹងធ្លាក់ចុះ និងពិន្ទុកាន់ចុះថយ។ កម្ពុជាអាចនឹងកាន់តែលំបាកក្នុងការប្រកួតពានរង្វាន់អន្តរជាតិផ្សេងៗលើកក្រោយទៀត។ ជាក់ស្តែង កម្ពុជាស្ថិតនៅវគ្គសន្សំពិន្ទុក្នុងពូលដោយស្វ័យប្រវត្តិនៃពានរង្វាន់ AFF Championship ដែលពានលំដាប់ទី១ប្រចាំតំបន់អាស៊ី។
ប្រទេសព្រុយណេ និងទីម័រខាតកើតជាក្រុមដែលប្រកួតវគ្គជម្រុះដើម្បីយកមួយក្រុមឡើងទៅវគ្គចែកពូល ប៉ុន្តែពេលនេះ ព្រុយណេ និង ទីម័រខាងកើត បានឡើងទៅកាន់ជុំទី៣ 2027 AFC Asian Cup ខណៈកម្ពុជាជាក្រុមអាស៊ានតែមួយគត់ដែលបានធ្លាក់។ ប្រសិនបើ ការប្រកួតសន្សំពិន្ទុក្នុងពូល AFF Championship កម្ពុជាធ្វើមិនបានល្អ ហើយព្រុយណេ និង ទីម័រខាងកើត ធ្វើបានល្អថែមទៀតនោះ ដូច្នេះកម្ពុជាអាចប្រឈមនឹងលេងនៅវគ្គជម្រុះវិញម្តង។

តើបងប្អូនគិតថា នៅមានខាតបង់ប្រយោជន៍អ្វីផ្សេងទៀតសម្រាប់កម្ពុជាដែលបានធ្លាក់ចេញពីជើងឯកអាស៊ី និងជើងឯកពិភពលោក?
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


