ព័ត៌មានជាតិ
មន្រ្តីការទូត៤រូប នឹងទៅកាន់ជាឯកអគ្គរាជទូតតំណាងកម្ពុជានៅប្រទេសជាមិត្ត
មន្ត្រីការទូតចំនួន៤រូប នឹងទៅកាន់តួនាទីជាឯកអគ្គរាជទូតតំណាងឱ្យកម្ពុជានៅប្រទេសជាមិត្ត ជាអាទិ៍ សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងប្រទេសមីយ៉ាន់ម៉ា។

ឯកអគ្គរាជទូតទាំង៤រូប ដែលទើបទទួលបានការតែងតាំង ហើយត្រៀមចេញទៅបំពេញបេសកកម្មនាពេលខាងមុខនេះ រួមមាន លោក កុយ គួង ពីឯកអគ្គរាជទូតប្រចាំនៅឥណ្ឌា នឹងទៅកាន់តួនាទីជាឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ លោក ប្រាក់ ងួនហុង បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស នឹងទៅកាន់ជាឯកអគ្គរាជទូតប្រចាំប្រទេសប្រេស៊ីល។
ចំណែក អនុរដ្ឋលេខាធិការក្រសួងការបរទេស លោកស្រី រត្ន ម៉ានី ត្រូវតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ ខណៈលោក ចេង ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នឹងទៅបំពេញតួនាទីជាឯកអគ្គរាជទូតប្រចាំប្រទេសមីយ៉ាន់ម៉ា។

មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ ឯកអគ្គរាជទូតកម្ពុជាទាំង៤រូប បានចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្តេច ឃួន សុដារី អបអរសាទរ និងគាំទ្រចំពោះឯកអគ្គរាជទូតទាំង៤រូប ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនានានៅលើសកលលោក។

សម្តេចប្រធានរដ្ឋសភា គូសបបញ្ជាក់ថា ឯកអគ្គរាជទូត ជាមន្រ្តីការទូតជាតំណាងឱ្យជាតិទំាងមូលនៅលើឆាកអន្តរជាតិ និងជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និងគោលបំណងជាយុទ្ធសាស្រ្តរបស់ជាតិ។ បេសកកម្មការទូតពិតជាមានសារៈសំខាន់ខ្លាំងណាស់បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងខាងក្នុងប្រទេសដើម្បីការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។
ប្រធានរដ្ឋសភា រំពឹងថា លោក លោកស្រី ដែលពោរពេញដោយសមត្ថភាព និងបទពិសោធលើការងារការទូតនេះ នឹងបំពេញបេសកកម្មជូនប្រជាពលរដ្ឋ និងប្រទេសជាតិ សម្រេចបានលទ្ធផលធំធេង ហើយត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ ពោលគឺត្រូវរក្សា ការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជាតិជានិច្ច ហើយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

បន្ថែមពីត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរថែមទៀត និងត្រូវជំរុញផ្សព្វផ្សាយអំពីភាពវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានទូលំទូលាយ សំដៅទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើន។ មួយវិញទៀត សម្ដេច បានលើកទឹកចិត្តដល់ឯកអគ្គរាជទូតទាំងអស់យកចិត្តទុកដាក់ និងជួយសម្របសម្រួលគាំទ្រដល់ប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងរៀនសូត្រនៅតាមបណ្តាប្រទេសនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្តៅ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល