Connect with us

ព័ត៌មានជាតិ

កម្ពុជាផ្លាស់ប្ដូរតំណាងរបស់ខ្លួនប្រចាំនៅទីក្រុងហ្សឺណែវ អាស៊ាន និងយូណេស្កូ

បានផុស

នៅ

តំណាងស្ថានបេសកកម្មកម្ពុជាដែលប្រចាំនៅទីក្រុងហ្សឺណែវ នៅលេខាធិការដ្ឋានអាស៊ាន និងប្រចាំនៅអង្គការយូណេស្កូ (UNESCO) ត្រូវបានផ្លាស់ប្ដូរ ដោយតំណាងចាស់ ត្រូវបានចប់អាណត្តិបេសកកម្ម ហើយជំនួសមកវិញ ដោយតំណាងតែងតាំងថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិន តារា ត្រូវបានបញ្ចប់មុខតំណែងពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស និងពីប្រធានបេសកកម្មអចិន្ត្រៃយ៍ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ហើយត្រូវតែងតាំងតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស។ នេះបើតាមព្រះរាជក្រឹត្យ ចុះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែទើបត្រូវបានបង្ហាញឱ្យដឹងជាសាធារណៈ ពេលថ្មីៗនេះ។

ក្នុងព្រះរាជក្រឹត្យដដែលនេះ ព្រះមហាក្សត្រកម្ពុជា បានតែងតាំងមុខតំណែងលោក កែ សុវណ្ណ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ឱ្យទៅកាន់ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសស្វីស និងជាប្រធានបេសកកម្មអចិន្ត្រៃយ៍ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ក្នុងទីក្រុងហ្សឺណែវ។

យោងព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀត ត្រូវបានតែងតាំងលោក ណូយ ជំនាញ ជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាអមលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីជំនួសកៅអីលោក ហេង សារិទ្ធ ដែលត្រូវបានចប់អាណត្តិបេសកកម្ម។ មុនការតែងតាំង លោក ណូយ ជំនាញ មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ាន ខណៈលោក ហេង សារិទ្ធ ដែលជាតំណាងអចិន្ត្រៃយ៍ចាស់ ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក ជំនួសវិញ។

ដោយឡែក ប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ នាទីក្រុងប៉ារីស លោកស្រី អ៊ុន បូផាន់ណា ក៏ត្រូវបានបញ្ចប់អាណត្តិការងារផងដែរ ដោយលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ត្រូវតែងតាំងជាប្រតិភូអចិន្ត្រៃយ៍ថ្មីរបស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិផ្នែកវប្បធម៌មួយនេះ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម