Connect with us

ព័ត៌មានអន្ដរជាតិ

ទូតអាមេរិក​ប្រចាំ​អ៊ុយក្រែន​ប្រកាស​​លាលែង​ ព្រោះ​រដ្ឋបាល ត្រាំ​ ធ្លាក់​ដៃ​គាំទ្រដល់​ទីក្រុង​កៀវ​

បានផុស

នៅ

ឯក​អគ្គរដ្ឋទូតស្តីទី​របស់​សហរដ្ឋអាមេរិក​ប្រចាំប្រទេសអ៊ុយក្រែន លោកស្រី Julie Davis នឹង​ចាកចេញពីតំណែង​របស់​ខ្លួននៅ​ខែមិថុនា​ខាង​មុខ​ ដោយ​សារ​តែភាព​មិន​ចុះ​សម្រុង​ជា​មួយ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក​ ដូណាល់ ត្រាំ ទាក់​ទងនឹងការទម្លាក់ទឹក​ដៃ​​​គាំទ្រ​អ៊ុយ​ក្រែន​។ នេះ​បើយោងតាម​ការផ្សាយរបស់​កាសែត​ Financial Times ផ្សាយ​នៅ​​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ។

ក្រសួង​ការបរទេសបាន​បញ្ជាក់ពីការចាកចេញរបស់ លោកស្រី Davis ប៉ុន្តែ​បាន​បដិសេធថា លោកស្រី​មិនបានចាកចេញដោយ​សារតែ​មាន​ភាពមិន​ចុះ​សម្រុង​​ជាមួយប្រធានាធិបតីអាមេរិក​នោះ​ទេ​។

លោកស្រី Julie Davis ។ រូបភាព៖ CBC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំពាក្យក្រសួង​ការបរទេស លោក Tommy Pigott លើក​ឡើង​ក្នុង​​សេចក្តីថ្លែងការណ៍មួយ​កាលពីថ្ងៃ​អង្គារថា៖ « ឯកអគ្គរដ្ឋទូត ​Davis គឺ​ជាអ្នកគាំទ្រយ៉ាងមុតមាំ​ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​រដ្ឋបាល​ លោក ត្រាំ ដើម្បីនាំ​មកនូវសន្តិភាពយូរអង្វែងរវាងរុស្ស៊ី និងអ៊ុយក្រែន។​យ៉ាង​ណា Davis នឹងចាកចេញពីទីក្រុងកៀវ នៅ​ខែមិថុនា»។

គួរ​បញ្ជាក់​ថា លោកស្រី Davis បាន​បម្រើការជាភារធារី​ប្រចាំ​នៅ​ប្រទេសអ៊ុយក្រែនចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ បន្ទាប់​ពី​ការលាលែង​ពីតំណែងរបស់​អតីត​ឯកអគ្គរដ្ឋ​ទូត លោក​ស្រី​ Bridget Brink ដែល​បានចោទប្រកាន់ លោក ត្រាំ ពីបទលួងលោមរុស្ស៊ី​។

មិនខុសគ្នាប៉ុន្មាន លោកស្រី​ Brink ធ្លាប់​បាន​ធ្វើការអត្ថាធិប្បាយមួយ​​ជាមួយ​កាសែត Detroit Free Press មិន​យូរ​ប៉ុន្មាន ​បន្ទាប់ពីលាលែង​ពីតំណែង​ ថា​៖ « ជាអកុសល គោល​នយោបាយនានា ចាប់​តាំង​ពីការចាប់ផ្តើម​នៃរដ្ឋបាល​ លោក ត្រាំ គឺ​ដាក់សម្ពាធ​លើជនរងគ្រោះ គឺ អ៊ុយក្រែន ជាជាងលើអ្នកឈ្លានពាន រុស្ស៊ី​ ទៅ​វិញ​»។

យ៉ាង​ណា លោក ត្រាំ បាន​ធ្វើឱ្យមនុស្សជាច្រើននៅក្នុងទីក្រុងកៀវ និងសហភាពអឺរ៉ុប​ខឹងសម្បារ ដោយលើកឡើងថា អ៊ុយក្រែន​អាចត្រូវធ្វើសម្បទាន​ដល់​រុស្ស៊ី រួមទាំងការប្រគល់ទឹកដីផងដែរ។

សហរដ្ឋអាមេរិកបាន​សម្របសម្រួលការចរចាជា​ច្រើនជុំរវាងរុស្ស៊ី និងអ៊ុយក្រែនពេញ​មួយឆ្នាំ២០២៥ ទោះបីជាគ្មាន​កិច្ច​ចរចា​ណាមួយ​ដែល​ជោគ​ជ័យ​ក៏​ដោយ​។

មិន​តែ​ប៉ុណ្ណោះ លោក ត្រាំ ក៏បានបំបែក​ការធ្វើពហិការការ​ទូត​របស់​លោកខាងលិច​ ចំពោះរុស្ស៊ី ​ដោយធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅ​រដ្ឋ​ Alaska ក្នុង​ខែ​សីហា ឆ្នាំ២០២៥​ ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម