Connect with us

ព័ត៌មានជាតិ

ទូតឥណ្ឌា អះអាងពីការត្រៀមខ្លួនសហការជាមួយកម្ពុជា បង្ក្រាបការឆបោកតាមអនឡាញ

បានផុស

នៅ

លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអះអាងពីការត្រៀមខ្លួនជាស្រេច ក្នុងការសហការ និងធ្វើការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការបញ្ជាក់ជំហររបស់ភាគីឥណ្ឌា ធ្វើឡើងនាឱកាស លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ លោក ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើត គ.ប.ឆ.ប ដែលជាយន្តការបន្ថែម លើយន្តការមានស្រាប់។ លោកបានជម្រាបថា៖«ក្រោយការបង្កើត គ.ប.ឆ.ប. កម្ពុជាបានផ្តោតលើការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងបោសសម្អាត ព្រមទាំងចាត់វិធានការច្បាប់លើជនសង្ស័យ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់»។ លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងកើតមានឡើងក្នុងប្រទេសជាច្រើន។ 

សម្រាប់លោក Vanlalvawna Bawitlung បានឯកភាពថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាសកល ដែលទាមទារឱ្យប្រទេសទាំងអស់ផ្តល់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងបានគូសបញ្ជាក់ថា ភាគីឥណ្ឌាត្រៀមខ្លួនជាស្រេចក្នុងការសហការ និងធ្វើការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ភាគីឥណ្ឌាអាចពិនិត្យលទ្ធភាពពិចារណាផ្តល់កម្មវិធីកសាងសមត្ថភាព តាមសំណើរបស់ គ.ប.ឆ.ប. ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសការជួយសង្គ្រោះពលរដ្ឋឥណ្ឌា ។

តាមរយៈជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើបទពិសោធកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរ និងបានឯកភាពលើជំហានបន្ទាប់មួយចំនួន ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធថែមទៀត រួមមានការចែករំលែកព័ត៌មាន ការស៊ើបអង្កេត ការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធ និងការបញ្ជូនពលរដ្ឋឥណ្ឌាត្រឡប់ទៅប្រទេសកំណើតវិញឱ្យបានឆាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម