ព័ត៌មានជាតិ
អ្នកនេសាទនៅខេត្តស្ទឹងត្រែងចាប់បានត្រី១ក្បាលតម្លៃជាង១លានរៀល
ពលរដ្ឋអ្នកនេសាទនៅខេត្តស្ទឹងត្រែង ក្នុងគ្រួសារមួយបានបង្ហាញពីទឹកមុខរីករាយនៅពេលដែលចាប់បានត្រីមួយក្បាលយកមកលក់នៅលើទីផ្សារបានតម្លៃរហូតដល់ទៅជាង១លានរៀល។

អ្នកចាប់បានត្រីបាននិយាយថា ត្រីមួយក្បាលវាអាចធ្វើឱ្យគ្រួសារគាត់យកប្រាក់បានពីលក់ត្រីដោះដូរទំនិញឥវ៉ាន់នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង ជិះទូកវិលត្រឡប់ទៅផ្ទះវិញ។ រីឯអ្នកចាំទទួលទិញត្រី នៅកំពង់មាត់ទន្លេសេកុងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លាន់មាត់គ្រប់គ្នាថា ត្រីថ្លៃបែបនេះគ្មានអ្នកណាហ៊ានទិញយកទៅបរិភោគទេ ទុកឱ្យអ្នកមានលុយចុះ។
អ្នកខេត្តស្ទឹងត្រែងបានឱ្យឈ្មោះត្រីនេះថា ត្រីប៉ាវ៉ាមុខពីរ ចាត់ទុកជាប្រភេទត្រីលំដាប់លេខ២ មានតម្លៃថ្លៃ បន្ទាប់ពីត្រីប៉ាស៊ីអ៊ី ហើយវាក៏ថ្លៃជាងគេផងដែរនៅក្នុងប្រទេសកម្ពុជា។ គេប្រើឧបករណ៍នេសាទមងក្រឡា ឬបង់សំណាញ់ដើម្បីចាប់វា។

អ្នកលក់ត្រីបាននិយាយថា មូលហេតុគេហៅ ត្រីប៉ាវ៉ាមុខពីរ ក៏ព្រោះតែវាមានច្រមុះមានបន្លាមុខពីរមានធ្មេញខុសពីត្រីដទៃរួមទាំងពណ៌សម្បុរលឿងទុំ។ គេអាចយកវាទៅស្ងោជ្រក់ ចំហុយ អាំង ឬក៏ធ្វើផ្អកត្រីងៀតជាដើម។
អ្នកលក់ត្រីបាននិយាយបន្តទៀតថា ពលរដ្ឋធម្មតាមិនដែលបានភ្លក់រសជាតិវាទេ គឺមានតែម្ចាស់ភោជនីយ៍ដ្ឋានក្នុងខេត្តទើបមានលទ្ធភាពទិញទុកលក់បន្ត។ អ្នកមានសំណាងបានភ្លក់ប្រហែលជាឧកញ្ញ៉ា ឯកឧត្តម លោកជំទាវ ទើបបានទទួលទានត្រីថ្លៃបែបនេះ។

អ្នកខេត្តស្ទឹងត្រែងបានប្រៀបធៀប ត្រីប៉ាវ៉ាមុខពីរ មួយក្បាលទម្ងន់ជាង៦គីឡូក្រាមលក់ក្នុងតម្លៃ១គីឡូជិត២០ម៉ឺនរៀល។ ត្រីមួយក្បាលជាង១លានរៀលគេអាចទិញបានគោ១ទៅ២ក្បាលដុតឯណោះ។ បើនិយាយកាលពីជាង១០ឆ្នាំមុនពុំសូវមានតម្លៃថ្លៃទេគ្មានអ្នកណាចង់បាន ប៉ុន្តែរយៈពេលចុងក្រោយកាន់តែខ្សត់ទៅទើបតម្លៃកាន់តែឡើងថ្លៃដោយមិននឹកស្មាន។

អង្គការ Wonders of the Mekong បានចេញផ្សាយត្រីប៉ាវ៉ាមុខពីរមានឈ្មោះបែប វិទ្យាសាស្រ្តថា Incisilabeobehri វាជិតផុតពូជលើភពផែនដីទៅហើយ។ វាធ្វើដំណើរចេញពីទន្លេសេកុងសេសាន និងស្រែពក តាំងពីវានៅតូចៗចូលទៅក្នុងទន្លេមេគង្គ។ ប្រហែលវាចុះទៅដល់ព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង ឬអាចហែល ទៅដល់ប៉ែកខាងត្បូងប្រទេសឡាវ និងភាគឦសានប្រទេសថៃ ដើម្បីរកចំណី(ស្លែនៅតាមដុំថ្ម)។ វាមានពងកូននៅចំកណ្តាលទន្លេសេកុង ក្នុងខែកក្កដា និងខែសីហា។ វាអាចមានទំហំធំបំផុតដល់ទៅ៦០សង់ទីម៉ែត្រ។ ត្រីប៉ាវ៉ាមុខពីរបានចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពីឆ្នាំ២០១១ថា ជាប្រភេទត្រីរងគ្រោះ៕
អត្ថបទ៖ ហុង វិនជូ


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ