ព័ត៌មានជាតិ
ក្រមាអំបោះខ្មែរមានទីផ្សារល្អ ខណៈអ្នកតម្បាញនៅមានតិចតួច ភាគច្រើនជាមនុស្សចាស់
នៅឆ្នាំ២០២៥នេះ ក្រមាអំបោះមានទីផ្សារលក់បានថ្លៃជាងក្រមានីឡុង។ តម្បាញក្រមា ជាមុខរបរមានតាំងពីដូនតារបស់ប្រជាពលរដ្ឋខ្មែរមកដល់បច្ចុប្បន្ននៅបន្តមានតិចតួច ពិសេសប្រជាពលរដ្ឋរស់នៅតាមតំបន់ដងទន្លេតូច មានជាអាទិ៍ពិសេសនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

ការត្បាញក្រមាដោយដៃ ក៏ជាការងារដ៏សំខាន់មួយដែរ ព្រោះអាចរកចំណូលបានមួយចំណែកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបន្ទាប់ពីការងារធ្វើស្រែចម្ការនោះ។ ជាងនេះទៀត ប្រជាកសិករក៏បានថែរក្សាអភិរក្សនូវមុខរបរតម្បាញក្រមា ដែលជារបរដូនតាបានបន្សល់ទុកឲ្យតាំងតែពីដើមរៀងមក។

អ្នកស្រី លី ណារ៉ា អាយុ៤៨ឆ្នាំ រស់នៅភូមិព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយកី មានជាង ២៤០ក្រមា គិតជាទម្ងន់ជាង២៥គីឡូក្រាម យើងត្បាញពីរ ទៅបីខែ ទើបកាត់មួយកី ឬចប់មួយកី ទៅតាមអ្នកត្បាញលឿន ឬយឺត ហើយក្នុងមួយឆ្នាំយើងអាចធ្វើបានចំនួន៤ ទៅ៥កី ដែរ។ អ្នកស្រី លី ណារ៉ា បន្ថែមថា ចំពោះប្រាក់ចំណូល អាចយកមកផ្គត់ផ្គង់គ្រួសារបានដោយក្រមាមួយលក់បានតម្លៃពី១ម៉ឺន២ពាន់ ទៅ១ម៉ឺន៥ពាន់រៀល ដោយក្នុង១ឆ្នាំ ផាត់សោហ៊ុយ អាចសល់៦លានរៀលដែរ។ ពីដើមច្រើនកូនអ្នកស្រុកក្រមុំៗ គេត្បាញតាមក្រោមផ្ទះ លើផ្ទះ ចំណែកបច្ចុប្បន្ននេះ មានតែចាស់ៗទេត្បាញនោះ ព្រោះទីផ្សាររោងចក្រស្រូបយកកម្លាំងពលកម្មក្មេងស្រីៗ អស់ហើយ ដោយពួកគេមានប្រាក់ខែខ្ពស់។ បើតាមអ្នកស្រី មុខរបរត្បាញក្រមាសល់តិចតួចប៉ុណ្ណោះនៅតាមបណ្តាភូមិមួយចំនួន ពិសេសភូមិតាមដងទន្លេតូចនេះតែម្តង។

លោកស្រី អ៊ាត ថាត អាយុ៦៦ឆ្នាំ រស់នៅភូមិព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ក៏បានបញ្ជាក់ឲ្យដឹងដែរថា គាត់ជាឈ្មួញកណ្តាល បានទិញក្រមាលក់រយៈពេលជាង៣០ឆ្នាំមកហើយ ដូចជាទិញតាមភូមិរួមមាន ភូមិតានួង ភូមិព្រែកគល់ ភូមិល្វេ ព្រែកសណ្តែក ព្រែកចង្ក្រាន ភូមិព្រែក ភូមិមហាលាភ ភូមិដំណាក់ព្រីង ភូមិដំណាក់ស្វាយ ភូមិប៉ាក់ណាម ភូមិថ្មី ។ល។ បច្ចុប្បន្នតម្លៃក្រមាអំបោះមានតម្លៃខ្ពស់ល្អ តាមប្រភេទក្រមា មានតាមលេខ លេខមួយ១ម៉ឺន៥ពាន់រៀល លេខពីរ ១ម៉ឺន២ពាន់ពាន់រៀល និងលេខបី ១ម៉ឺនរៀល។ គាត់បោះដុំ និងលក់រាយអាចចំណេញគ្រាន់បើ សព្វថ្ងៃទីផ្សារក្រមាអំបោះល្អស្រួលលក់ណាស់។ ក្រមាមានពីរប្រភេទ គឺក្រមាអំបោះសុទ្ធ និងក្រមាអំបោះនីឡុង ក្រមាអំបោះជូតខ្លួនស្អាតជាង ក្រមានីឡុង។ យើងច្រើនយកទៅលក់នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនៅទូទាំងប្រទេស ហើយអាចរកចំណូលមកចិញ្ចឹមគ្រួសារបានផងដែរ។

ចំណែកលោក គីន ស្រស់ អាយុ៥៩ឆ្នាំ រស់នៅភូមិ ឃុំ ស្រុកជាមួយគ្នា ដែលបើកសិប្បកម្មតម្បាញក្រមានីឡុងសុទ្ធ អាចផលិតក្រមាក្នុង១ថ្ងៃបានចំនួន២០០ក្រមា តែមិនសូវមានហាងឆេងដូចក្រមាអំបោះនោះទេ បច្ចុប្បន្នគាត់ធ្វើតិចតួច បើមានហាងឆេង គាត់នឹងផលិតតម្រូវទៅតាមទីផ្សារ៕
អត្ថបទ៖ សាន វិឡែម









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ