ព័ត៌មានជាតិ
ទិវាភពផែនដីឆ្នាំ២០២៥ កម្ពុជារំលឹកពីសារៈសំខាន់របស់ត្រីចំពោះសន្តិសុខស្បៀងអាហារ
ក្រសួងកសិកម្មកម្ពុជា និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិបានរៀបចំទិវាភពផែនដី ដែលរៀបចំពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។ ប្រធានបទនៃការរៀបចំឆ្នាំនេះស្ដីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព»។

ក្នុងពិធីបើកកម្មវិធីនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ រដ្ឋមន្ត្រីកសិកម្មលោក ឌិត ទីណា បានថ្លែងថា ការប្រារព្ធទិវាភពផែនដីនាថ្ងៃនេះមិនមែនគ្រាន់តែជានិមិត្តរូបនោះទេ ប៉ុន្ដែវាបានឆ្លុះបញ្ចាំងទៅនឹងអ្វីគ្រប់យ៉ាងដែលធម្មជាតិបានផ្ដល់ឱ្យមនុស្សគ្រប់គ្នា និងបង្ហាញនូវការប្ដេជ្ញាចិត្តរបស់យើងគ្រប់គ្នាក្នុងការទទួលខុសត្រូវការពារភពផែនដីផងដែរ។ ទាក់ទងទៅនឹងប្រធានបទឆ្នាំនេះលោករដ្ឋមន្ត្រីកសិកម្មបានលើកឡើងថា ការនេសាទដែលគិតគូរពីភាពគង់វង្សគឺជាគន្លឹះនៃប្រព័ន្ធស្បៀងអាហារ និងអនាគតសេដ្ឋកិច្ចកម្ពុជា។
លោកបន្ថែមថាតាមរយៈលទ្ធផលនៃការខិតខំរបស់រដ្ឋាភិបាលកន្លងទៅបានធ្វើឱ្យកម្ពុជាធានានូវសន្ដិសុខស្បៀងអាហារពេញលេញសម្រាប់ប្រជាជនទូទាំងប្រទេស និងសម្រេចបាននូវការនាំចេញផងដែរ។

បច្ចុប្បន្នរដ្ឋបាលជលផលនៃក្រសួងកសិកម្មកំពុងអនុវត្ត «កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (CAPFISH-Capture)» ដែលកម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់កំណើនប្រកបដោយភាពគង់វង្ស ភាពធន់នឹងអាកាសធាតុ និងការលើកម្ពស់ការចូលរួមដោយគ្មានការរើសអើងក្នុងវិស័យជលផលទឹកសាប និងសមុទ្ររបស់ប្រទេសកម្ពុជា។
ប្រធានរដ្ឋបាលជលផលលោក ពុំ សុថា បានថ្លែងថាកម្មវិធីនេះបានចាប់ផ្ដើមនៅឆ្នាំ២០១៩ ដែលសហការគាំទ្របច្ចេកទេសដោយអង្គស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) ក្រោមហិរញ្ញប្បទានពីសហភាពអឺរ៉ុប។ លោកក៏បានឱ្យដឹងដែរថាតាមរយៈកម្មវិធីនេះបានធ្វើឱ្យមានការកើនឡើងនៃប្រភេទត្រីកម្រ បានការពារទីជម្រករបស់ត្រី រៀបចំច្បាប់ជលផលថ្មី ទប់ស្កាត់ភ្លើងឆេះព្រៃលិចទិក បង្កើនការផ្សព្វផ្សាយពីការងារជលផល ផ្ដល់ថវិកាគាំទ្រដល់សហគមន៍នេសាទ សហគ្រាសកែច្នៃផលផលជលផល និងគាំទ្រដល់ការស្រាវជ្រាវលើបច្ចេកវិទ្យាអាហារជាដើមផងដែរ។

ក្នុងពិធីបើកនោះដែរ តំណាងប្រចាំប្រទេសនៃអង្គការ FAO លោកស្រី Rebekah Bell បានគូសបញ្ជាក់ថា ការនេសាទមានសារៈសំខាន់មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេតែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ។ តាមរយៈកិច្ចសហការរវាងរដ្ឋាភិបាល សហគមន៍ និងដៃគូរអភិវឌ្ឍន៍លោកស្រីសង្ឃឹមថាប្រព័ន្ធអេកូឡូស៊ីនឹងមានភាពធន់ ហើយសុវត្ថិភាពចំណីអាហារនឹងកាន់តែរឹងមាំ ធ្វើឱ្យគុណភាពនៃការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងថែមទៀត។

ក្រៅពីពិធីបើកនៅថ្ងៃនេះអង្គការ FAO និងក្រសួងកសិកម្មនឹងរៀបចំឱ្យមានវេទិកា និងទស្សនកិច្ចក្នុងខេត្តពោធិ៍សាត់ នៅតំបន់គោលដៅនៃសមទ្ធិផលដែលអនុវត្តន៍កន្លងមកជូនដល់អ្នកសារព័ត៌មានផងដែរនៅថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា។
គួរឱ្យដឹងដែរថាទិវាភពផែនដីគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រារព្ធរៀងរាល់ថ្ងៃទី២២ ខែមេសា ដោយបានចាប់ផ្ដើមដំបូងគេនៅឆ្នាំ១៩៧០នៅសហរដ្ឋអាមេរិក ដើម្បីអរគុណនូវអ្វីដែលធម្មជាតិបានផ្ដល់ឱ្យ និងការប្ដេជ្ញាចិត្តការពារធម្មជាតិត្រលប់វិញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


