Connect with us

ជីវិតកម្សាន្ដ

ចម្រៀងប្រវត្តិស្នេហ៍របស់សម្តេចតេជោ ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការរៀបការដ៏កម្សត់នៃយុវជនយុវនារី ក្នុងរបបយ៉ង់ឃ្នង

បានផុស

នៅ

កម្រងអាល់ប៊ុមចម្រៀងដកស្រង់ពីជីវិតពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ខណៈចំណងអាពាហ៍ពិពាហ៍ដ៏កម្សត់របស់សម្តេចទាំងពីរ មិនត្រឹមបង្ហាញភក្តីស្នេហ៍នោះទេ តែក៏បានឆ្លុះបញ្ចាំងនូវតថភាពសង្គមផ្តាច់ការមួយ ដែលមនុស្សគ្រប់រូបគ្មានសិទ្ធសម្រេចលើជោគវាសនាខ្លួន គ្មានឱកាសជួបជុំ និងសូម្បីតែជ្រើសយកដៃគូជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើក្រឡេកមើលជ្រុងមួយនៃរបបដែលហៅខ្លួនថាអង្គការនេះ គឺការចាប់គូឱ្យរៀបការ ខណៈគ្មានមេបា គ្មានសាច់ញាតិដឹងឮ គ្មានប្រពៃណី បានត្រឹមតែឈរផ្ទឹមពោលពាក្យប្តេជ្ញាតាមគេតម្រូវ ក្នុងសម្លៀកបំពាក់ឈុតខ្មៅ បង់កក្រមាប៉ុណ្ណោះ។ រូបភាពនៃអាពាហ៍ពិពាហ៍បែបនេះ ជាភាពខ្លោចផ្សារបំផុតសម្រាប់កំលោះក្រមុំ ដែលរស់ក្នុងរបបដែលគេហៅថា “គុកឥតជញ្ជាំង” ។

ដោយឡែក បើងាកមកមើលពីជីវិតគូរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធឯណេះវិញ ក៏ជួបឧបសគ្គមិនធម្មតាដែរ។ តួយ៉ាង តាមរយៈចម្រៀងប៉ុន្មានបទ បានបង្ហាញថា ដើម្បីបានមិត្តនារីដែលមានងារជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបច្ចុប្បន្ន សម្តេចតេជោ បានឆ្លងកាត់ឧបសគ្គច្រើនក្រៃ និងស្នើរៀបការច្រើនលើក រហូតធ្លាប់ត្រូវគេចោទប្រឆាំងនឹងអង្គការទៀត ទម្រាំបានក្លាយជាប្រពន្ធប្តីតាមការរៀបចំ។ ក្នុងនោះមានដូចជា បទ“ស្នើសុំរៀបការនិងម៉ារ៉ានី” “មិនដឹងថ្ងៃត្រូវរៀបការ” និង “បងបានស្នើសុំរៀបការជាថ្មី” ជាដើម។ល។

គួរជម្រាបថា ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចទាំងទ្វេ ក្នុងបុព្វហេតុជាតិមាតុភូមិ។

បើតាមរបារាយការណ៍ស្តីពីការរៀបចំផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងនេះ ឯកឧត្តម ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra បញ្ជាក់ថា ជាជំហានដំបូង ក្នុងការផលិតចម្រៀងផ្លូវការនៃខ្សែជីវិតពិតរបស់សម្តេចទាំងពីរ ១អាល់ប៊ុម នឹងមានប្រហែលចន្លោះពី ៨ Vol ទៅ ១០Vol ដែលក្នុង Vol នីមួយៗ នឹងមាន ១០បទ សរុបប្រហែលចន្លោះពី ៨០ បទទៅ ១០០បទ ក្នុងមួយ Album។ ជារួមសរុបទាំង ២អាល់ប៊ុម ទាំងបទលំនាំបទដើម និងមេឡូឌីថ្មី ប្រហែលជាជិត ២០០បទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម