ព័ត៌មានជាតិ
ភ្ញៀវទេចរអន្តរជាតិជាង ១,៨ លាននាក់បានមកទស្សនាប្រទេសកម្ពុជាក្នុងត្រីមាសទី១ កើនជាង១៦%
កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ក្នុងត្រីមាសទី១ កើនឡើង១៦,១%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញអំពីភាពល្អប្រសើរនៃលំហូរទេសចរណ៍ទាំងក្នុងតំបន់ និងសកលលោក ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនៅប្រឈមនឹងស្ថានភាពមិនច្បាស់លាស់ខ្ពស់ក្តី។

យោងតាមរបាយការណ៍របស់ក្រសួងទេចរណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែឧសភានេះថា ក្នុងចំនួននៃការមកដល់នៃភ្ញៀវទេចរអន្តរជាតិនេះ ភ្ញៀវទេចរមកពីក្នុងតំបន់អាស៊ានមានចំណែកនៃការមកដល់សរុបរហូតដល់ជាង៥៣% ភ្ញៀវទេចរមកពីអឺរ៉ុបមានចំណែក១៥,៥% និងផ្សេងៗទៀត។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មីថាចំនួនភ្ញៀវទេចរអន្តរជាតិមកទស្សនាកម្ពុជាបានបន្តកើនឡើងចាប់តាំងពីចុងឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន ដែលមកពីក្នុងតំបន់នៅតែឈានមុខគេ ខណៈក៏មានកំណើនភ្ញៀវមកពីប៉ែកអឺរ៉ុបផងដែរ។ ប៉ុន្តែលោកថា ស្របពេលដែលវិស័យទេសចរណ៍ទាំងមូលកំពុងមានកំណើន កម្ពុជាគួររៀបចំនូវព្រឹត្តិការណ៍ទេចរណ៍នានាដើម្បីបន្តទាក់ទាញភ្ញៀវឱ្យមកកាន់តែច្រើន។

លោកបានថ្លែងថា៖«វាជាសញ្ញាល្អនៃការវិវត្តន៍វិស័យទេចរណ៍ សម្រាប់កំណើនតាមផ្លូវអាកាសនាដើមឆ្នាំនេះឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យនេះ ដូច្នេះនៅពេលរដូវក្សត់ភ្ញៀវនាពេលខាងមុខ ទាំងវិស័យឯកជន និងរដ្ឋត្រូវសហការគ្នារៀបចំនូវយន្តការ ឬព្រឹត្តិការណ៍នានាដើម្បីរក្សានូវកំណើននេះ»។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេចរណ៍ថ្លែងក្នុងកម្មវិធីបិតអង្គសន្និបាតប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥កាលពីថ្ងៃទី២៧ ខែកុម្ភៈថា វិស័យទេចរណ៍បានទទួលរងនូវផលប៉ះពាល់យ៉ាងដំណំអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ និងការបន្តអូសបន្លាយពេលនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែវិស័យនេះបានត្រឡប់ មកភាពល្អប្រសើរក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះទោះបីជាជម្លោះភូមិសាស្រ្ត នយោបាយនៅបន្ត។

លោកថា កាលពី២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិ ប្រមាណ ២២,៥២ លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។
លោកថា ៖«តាមការព្យាករណ៍ ក្នុងឆ្នាំ២០២៥, ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៥,១០០លានដុល្លារអាមេរិក ដោយរួមចំណែកប្រមាណ១០,៥% នៃ ផលិតផលក្នុងស្រុកសរុប»។
ខណៈស្ថានភាពរដូវធ្លាក់ចុះនៃភ្ញៀវទេចរចូលមកដល់ លោក ហួត ហាក់បានលើកឡើងអំពីយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការស្នើសុំរាជរដ្ឋាភិបាលដាក់ ចេញនូវយុទ្ធនាការសម្រាប់ពង្រឹងស្ថានភាពទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ខាងមុខ ដោយស្នើសុំរៀបចំកម្មវិធីលើកទឹកចិត្តសម្រាប់ជំរុញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ក្នុងស្រុក កញ្ចប់ទស្សនកិច្ចសម្រាប់សិស្ស-និស្សិត, កម្មករ-កម្មការិនី, បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុទ្ធនាការបញ្ចុះថ្លៃសេវាកម្មទេសចរណ៍។

ជាមួយគ្នានេះដែរ លោកថា តាមរយៈការជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេចរណ៍ខេត្តសៀមរាប ខេត្តមណ្ឌលគិរី, ខេត្តកែប, ផែនការអភិវឌ្ឍទេសចរណ៍នៅថ្នាក់ក្រោមជាតិ និងផែនការអភិវឌ្ឍន៍ ទេសចរណ៍មូស្លីម, ក្រសួងទេសចរណ៍ ក៏បាននឹងកំពុងរៀបចំកសាងផែនការយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍ទេសចរណ៍, សេចក្តីព្រាងគោលនយោបាយទេសចរណ៍ពិសិដ្ឋ ដែលមានគោលដៅ លើកកម្ពស់ភាពប្រកួតប្រជែង ភាពធន់ និរន្តភាព និងបរិយាបន្ន។

លោកថា ៖«ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី», និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែង និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, ផ្តល់ភាពកក់ក្តៅ, ស្អាត, វៃឆ្លាត និងបៃតង ដោយរក្សាភាពជា ខ្មែរដោយ ការងារអាទិភាពមួយចំនួនដែលក្រសួងដាក់ចេញនាពេលខាងមុខ រួមមាន ការទាញប្រយោជន៍ឱ្យអស់សក្តានុពលពីគោលដៅទេសចរណ៍ដែលមានស្រាប់ដោយ ឈរលើគោលការណ៍អភិរក្ស, អភិវឌ្ឍ និងរក្សាចីរភាព»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


