ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន និងរដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវឱ្យមានការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយក្នុងវិស័យទេសចរណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយក្នុងវិស័យទេសចរណ៍ តាមរយៈការរួមគ្នាផ្សព្វផ្សាយពីការពិតនៃសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា តាមទិសស្លោក «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានថ្លែងចាត់ទុកព័ត៌មានក្លែងក្លាយនៅក្នុងវិស័យទេសចរណ៍ ថា ប្រៀបដូចជាគ្រាប់បែកដ៏កាចសាហាវដែលអាចសម្លាប់វិស័យនេះបាន។ លោករដ្ឋមន្ត្រី ថា កន្លងមក ជនទុច្ចរិតមួយចំនួនបានព្យាយាមបំភ្លៃការពិតពីកម្ពុជា ថា ជាប្រទេសអសន្តិសុខ គ្មានសុវត្ថិភាពសម្រាប់អ្នកទេសចរ ក៏ដូចជាអ្នកវិនិយោគ។ តែលោក បានច្រានចោលការផ្សាយបែបបំភ្លៃ បំផ្លើសបែបនេះ ដោយអះអាងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺកម្ពុជាមានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងស្ថិរភាពយ៉ាងល្អប្រសើរ ក្រោមម្លប់នៃសុខសន្តិភាពដ៏រឹងមាំ។

លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានអះអាងពីការខិតខំនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការ ជាពិសេសក្រសួងព័ត៌មាន គឺបានចាប់ដៃគ្នាជាមួយក្រសួងទេសចរណ៍ បង្កើនសកម្មភាពប្រឆាំងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះគ្រប់យន្តការ និងមធ្យោបាយ ធ្វើយ៉ាងណាបន្សាបព័ត៌មានក្លែងក្លាយ ហើយជំនួសមកវិញដោយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានច្រើនគ្រប់ខែ ខណៈកម្ពុជាក៏កំពុងប្រែក្លាយវិស័យទេសចរណ៍ពីរដូវភ្ញៀវតិច (low season) ទៅជារដូវបៃតង (green season) ដើម្បីបំពេញបន្ថែមចរន្តភ្ញៀវទេសចរជាតិ។

ស្របគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនេះ ការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ គឺពិតជាមានសារៈសំខាន់។ លោក បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយនូវព័ត៌មានអំពីវិស័យទេសចរណ៍ គឺមិនត្រឹមតែធានាបាននូវសន្តិសុខព័ត៌មានប៉ុណ្ណោះទេ តែថែមទាំងគឺជាការធានាភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមទៀត។
ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់ឱ្យបុគ្គលមួយចំនួនបញ្ឈប់ការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតផ្សេងៗនៅក្នុងវិស័យទេសចរណ៍។ ផ្ទុយទៅវិញ គ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានកាន់តែសកម្ម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយទាក់ទងនឹងវិស័យទេសចរណ៍។

លោក បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមឱ្យជនមួយចំនួនដែលព្យាយាមតែងតែបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបាន View បាន like បាន share គឺឈប់ទៅ ពីព្រោះដោយសារវាដើរបញ្ច្រាសទៅនឹងអ្វីដែលជាការពិត ហើយវាដើរបញ្ច្រាសទៅនឹងអ្វីដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋ»។
ការលើកឡើងខាងលើរបស់រដ្ឋមន្ត្រីទាំងពីរក្រសួង គឺបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងសន្និសីទរួមគ្នា ស្ដីពីការផ្សព្វផ្សាយនូវយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ការផ្សព្វផ្សាយអំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ជាយន្តការដើម្បីជំរុញចលនាទេសសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ខែតុលា។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា យុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ក៏មិនត្រឹមតែជំរុញចលនាទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការកាត់បន្ថយលំហូរភ្ញៀវជាតិចេញទៅធ្វើដំណើរទេសចរណ៍នៅក្រៅប្រទេសផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


