ព័ត៌មានជាតិ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍ជំនាញធុរកិច្ចភេសជ្ជៈ៣០កន្លែង ដល់យុវជនក្រីក្រ និងឧបត្ថម្ភប្រាក់ប្រចាំខែ
កំពង់ធំ ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ លើមុខជំនាញ «ធុរកិច្ចភេសជ្ជៈ» ចំនួន៣០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត ខណៈវគ្គបណ្ដុះបណ្ដាលនេះបើកទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ។

លោក រិន វិទ្យាដារ៉ូ នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានឱ្យដឹងថា «ជំនាញធុរកិច្ចភេសជ្ជៈ ជាមុខជំនាញដែលកំពុងមានតម្រូវខ្ពស់ក្នុងទីផ្សារការងារ ដូច្នេះហើយទើបវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំខិតខំរកគ្រូជំនាញផ្នែកនេះ ដើម្បីត្រៀមផ្ដល់ការបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ»។
លោកនាយករងបានបន្តថា បន្ទាប់ពីឆ្លងកាត់វគ្គនេះហើយ សិក្ខាកាមអាចបើកជាអាជីវកម្មខ្លួនឯងបាន ប្រសិនបើមានទុនគ្រប់គ្រាន់ ព្រមទាំងអាចស្រូបទាញប្រាក់ចំណូលសមរម្យថែមទៀត។
បើតាមលោកនាយករងវិទ្យាស្ថាន ក្រៅពីជំនាញធុរកិច្ចភេសជ្ជៈ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំក៏មានជំនាញជាច្រើនទៀតដែរ ដែលផ្ដល់ការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃដូចគ្នា រួមមាន (១).ជំនាញដំឡើងសរសៃដែក (២).ជំនាញការងារការ៉ូ (៣).ជំនាញជួសជុលទោចក្រយានយន្ត (៤).ជំនាញសេវាកម្មកុំព្យូទ័រ (៥).ជំនាញធ្វើម្ហូបខ្មែរ (៦).ជំនាញគេហកិច្ច (៧).ជំនាញកែច្នៃបន្លែ និងផ្លែឈើជាដើម។

សម្រាប់យុវជនគោលដៅទាំងពីរក្រុមខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងមកកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដែលមានទីតាំងនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩២ ៦២ ៣២ / ០១៥ ៦៦ ៦១ ៥៥ / ០១២ ៣២ ៩៩ ៣៩ /០៣១ ៦៦៦៦ ១៥៥។
គួរបញ្ជាក់ដែរថា ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏ស្វាគមន៍យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ បានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


