នយោបាយ
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាខ្លួនបានសម្រេចថានឹងបញ្ជូនបណ្ដឹងពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃនៅតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ហើយក្នុងកិច្ចប្រជុំព្រំដែនជាមួយថៃនៅថ្ងៃទី១៤ មិថុនា ខាងមុខបញ្ហាទាក់ទងនឹងតំបន់ទាំង៤ខាងលើនឹងមិនត្រូវដាក់ក្នុងរបៀបវារៈទេ ព្រោះទុកឱ្យ ICJ ជាអ្នកសម្រេច។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ការយកករណីព្រំដែនកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិគឺបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្ដិវិធី ដែលខុសពីការប្រើកម្លាំងវាយឆ្មក់ប្រដាប់អាវុធចូលដោយបំពានក្នុងទឹកដីនៃរដ្ឋអធិបតេយ្យ។
ក្នុងសេចក្ដីថ្លែងការណ៍សរសេរថា៖ «រដ្ឋាភិបាលថ្កោលទោសប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយមិនញញើតដៃនេះ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ រវាងប្រជាជាតិយើងទាំងពីរ»។
កម្ពុជាបញ្ជាក់ថាបើថៃមិនសហការក្នុងការការបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិក្ដីក៏កម្ពុជានឹងបន្តដំណើរការដោយឯករាជ្យលើករណីនេះដែរ។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាលថៃថាមិនចង់មានការប្ដឹងផ្ដល់ទៅតុលាការទេ សុំត្រឹមការចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគីដោយប្រើយន្តការ គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មការព្រំដែនទូទៅ (GBC)។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច យល់ថាការមិនចង់យកករណីព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិព្រោះថៃដឹងថាខ្លួននឹងមិនអាចឈ្នះក្ដីនេះទេ ព្រោះឯកសារភស្ភុតាង និងកិច្ចព្រមព្រៀងរឿងព្រំដែនដែលថៃខ្លួនឯងចុះហត្ថលេខាទទួលស្គាល់ត្រូវបានដាក់តម្កល់នៅអង្គការសហប្រជាជាតិហើយឯកសារទាំងនេះហើយដែលតុលាការនឹងយកមកពិនិត្យមិនមែនជាឯកសារដែលថៃទទួលស្គាល់តែឯកតោភាគីខ្លួនឯងនោះទេ។
លោកថា៖ «បើថៃមិនយល់ព្រមក្នុងដំណើរការក្ដីនេះក៏ដោយតែ ICJ មានសិទ្ធិក្នុងការត្រួតពិនិត្យឯកសារដែលកម្ពុជាបានដាក់ ហើយបើមានភស្ភុតាងអំណះអំណាងគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយនោះគឹ ICJ និងពិចារណា។ ហើយលទ្ធផលក្នុងការប្រកាសរបស់ ICJ បើថៃបដិសេធមិនទទួលស្គាល់វានឹងបង្ហាញភាពអាប់អោនរបស់ថៃលើឆាកអន្តរជាតិ និងបង្ហាញពីចរិតឈ្លានពានមកលើកម្ពុជា»។

បញ្ហាព្រំដែនចំណុចប្រាសាទតាមាន់តូច តាមាន់ តាក្របី និងតំបន់មុំ៣ បានក្លាយជាបញ្ហារកាំរកូសរវាងកងទ័ពថៃ និងកម្ពុជាមកជាយូរមកហើយ រហូតមានការឈ្លានពានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ដែលធ្វើឱ្យស្ថានការណ៍ព្រំដែនកាន់តែកើនកម្ដៅបន្ថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា កាលពីថ្ងៃទី៣ ខែមិថុនា បានប្រកាសថាកម្ពុជានឹងបញ្ជូនករណីជម្លោះនៅតំបន់ទាំង៤ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីបញ្ចប់បញ្ហាដែលរ៉ាំរ៉ៃនេះ និងត្រូវបានអង្គសមាជបោះឆ្នោតគាំទ្រជាសំឡេងរួមឱ្យបន្តដំណើរការបណ្ដឹងផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ