ព័ត៌មានជាតិ
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
កម្ពុជា បញ្ជាក់ថា កងទ័ពថៃបានដើរចូលដីកម្ពុជាទាំងបំពានលើកិច្ចព្រមព្រៀង រហូតទទួលគ្រោះថ្នាក់ដោយសារការជាន់គ្រាប់មីនផ្ទុះ ដែលជាសំណល់ពីសង្គ្រាម។ កម្ពុជាក៏ប្រាប់ទៅភាគីថៃឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពជាឯកតោភាគីនៅក្នុងតំបន់ជម្លោះដែលមិនទាន់មានការដោះស្រាយ។

នេះជាសេចក្ដីថ្លែងការណ៍ដោយក្រសួងការបរទេសកម្ពុជា ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រសួងការបរទេសថៃ កាលពីថ្ងៃទី២០ ខែកក្កដា ដែលចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាអូតាវ៉ាស្តីពីការហាមឃាត់ប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលបានបណ្តាលឱ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។
ក្រសួងការបរទេសកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងនេះ ហើយបញ្ជាក់ទៅភាគីថៃវិញថា ជារដ្ឋភាគីនៃអនុញ្ញាទីក្រុងអូតាវ៉ា កម្ពុជាបានចូលរួមយ៉ាងសកម្ម និងប្តេជ្ញាចិត្តក្នុងការខិតខំសម្រេចឱ្យបានក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់ខ្លួន ក៏ដូចការរួមចំណែកក្នុងប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិ នៅតាមប្រទេសនានាដែលបានបញ្ចប់ជម្លោះ។

ចំពោះហេតុការណ៍ទាហានជាន់មីន ក្រសួងការបរទេសកម្ពុជា អះអាងថា គឺបានកើតឡើងនៅក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាតំបន់មួយស្ថិតនៅក្នុងដែនដីកម្ពុជា ដែលទទួលស្គាល់ជាអន្តរជាតិ ដោយផ្អែកលើផែនទីខ្នាត ១/២០០០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

ប៉ុន្តែជាការសោកស្តាយដែលកម្លាំងយោធាថៃបានចូលទៅក្នុងតំបន់នេះដោយរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលមានចែងយ៉ាងច្បាស់អំពីការងារខណ្ឌសីមាព្រំដែនរួមគ្នា និងការហាមឃាត់មិនឱ្យមានសកម្មភាពឯកតោភាគីនៅក្នុងតំបន់ដែលមិនទាន់បានកំណត់ខ្សែព្រំដែនរួច។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា អះអាងថា ទាហានថៃបានងាកចេញពីផ្លូវល្បាតចាស់ ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងចូលកាត់មកដីកម្ពុជា រហូតមានគ្រោះថ្នាក់ដោយសារគ្រាប់មីនមិនទាន់ផ្ទុះ បន្សល់ពីសម័យសង្គ្រាម បើទោះបីជាកម្ពុជាបានរំលឹកជាញឹកញាប់អំពីគ្រោះថ្នាក់នេះក៏ដោយ។

ទោះបីជាការពិតច្បាស់លាស់ និងមិនអាចប្រកែកបានក៏ដោយ ក៏ភាគីថៃនៅតែបន្តប្រតិដ្ឋរឿងទម្លាក់កំហុសមកលើកម្ពុជា ដោយបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ពិសេសក្រោមសកម្មភាពបោសសម្អាតមីន តែកងទ័ពថៃបែរជាឈូសឆាយដីនៅតំបន់មុំ៣ទៅវិញ ដែលសកម្មភាពទាំងនេះ កម្ពុជាជំរុញឱ្យថៃបញ្ឈប់ជាបន្ទាន់ ហើយចាត់វិធានការឱ្យបានសមស្រប ដើម្បីកែតម្រូវការនិយាយមិនពិតរបស់ខ្លួន។
បើតាមក្រសួងការបរទេសកម្ពុជា ឧប្បត្តិហេតុខាងលើនេះ ក៏បង្ហាញអំពីភាពចាំបាច់ដែលប្រទេសទាំងពីរត្រូវរកដំណោះស្រាយជាបន្ទាន់ និងដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិ ដោយជំរុញឱ្យប្រទេសថៃទទួលយកយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


