ព័ត៌មានជាតិ
សាកលវិទ្យាល័យ ប៊ែលធី រៀបចំសន្និសីទអន្តរជាតិ ASAIHL ២០២៥ ដែលមានសាកលវិទ្យាល័យចូលរួម១៧ប្រទេសជុំវិញពិភពលោក
នៅថ្ងៃទី៦-៨ ខែកក្កដា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ASAIHL 2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ – The Association of Southeast Asian Institution of Higher Learning) លើប្រធានបទ “ឌីជីថលនីយកម្មក្នុងការអប់រំឧត្តមសិក្សា-Digitalization in Higher Education” ដែលពិធីបើកបានប្រព្រឹត្តទៅនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងពិធីបិទបានប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
សន្និសីទអន្តរជាតិនេះ មានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស និងអ្នកស្រាវជ្រាវ មកពី ៤៦សាកលវិទ្យាល័យ នៃ ១៧ប្រទេសជុំវិញពិភពលោក ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង និស្សិតប៊ែលធី សរុបចំនួន ១,៥២៥នាក់។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ASAIHL គឺជាសន្និសីទ ស្រាវជ្រាវលក្ខណៈអន្តរជាតិ ដែលតែងតែរៀបចំឡើង ២លើកក្នុង១ឆ្នាំ និងមានសមាជិកចំនួន ២៤៦គ្រឹះស្ថានឧត្តមសិក្សា មកពី ២៦ ប្រទេស។ សម្រាប់ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសត្រូវបានសមាគមជ្រើសរើសជាម្ចាស់ផ្ទះ ដើម្បីរៀបចំសន្និសីទរបស់សមាគម។ សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានានា នៅឯក្រៅប្រទេសដែលជាសមាជិកសមាគម ជាពិសេស ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ក៏ដូចជាវិស័យ សិក្សាស្រាវជ្រាវឱ្យមានការទទួលស្គាល់ជាអន្តរជាតិ តាមរយៈ ៧ចំណុចសំខាន់ៗ៖
១- ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក។
២- ជំរុញការផ្លាស់ប្តូរគំនិត យោលបល់ និងការរៀនសូត្រពីគ្នារវាងអ្នកស្រាវជ្រាវមកពីវិស័យ និងជំនាញផ្សេងៗ។
៣- បង្កើតវេទិកាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអ្នកស្រាវជ្រាវក្នុងគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
៤- បង្ហាញស្នាដៃស្រាវជ្រាវដែលមានគុណភាពខ្ពស់ វិធីសាស្ត្រស្រាវជ្រាវ និងលទ្ធផលស្រាវជ្រាវសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយសកម្មភាពស្រាវជ្រាវឱ្យកាន់តែប្រសើរឡើង។
៥- ស្វែងយល់ពីបញ្ហាទូទៅ ចំណុចខ្វះខាត និងឱកាសក្នុងការស្រាវជ្រាវ និងពិភាក្សាអំពីយុទ្ធសាស្ត្រដែលអាចដោះស្រាយបាន យ៉ាងមានប្រសិទ្ធភាព។
៦- ចែករំលែកនូវវិធីសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដែលអាចជំរុញវឌ្ឍនភាពក្នុងវិស័យផ្សេងៗ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៧- គាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរួមចំណែកពង្រឹងប្រព័ន្ធអប់រំ និងការអភិវឌ្ឍមូលធន មនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើ គ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់អាទិភាព គន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែក ស្នាដៃស្រាវជ្រាវ និងចំណេះដឹងល្អៗជូនដល់សិស្ស-និស្សិតកម្ពុជា។

លោកបណ្ឌិតបានបន្ថែមថា សន្និសីទនេះបានរួមចំណែកយ៉ាង ធំធេងក្នុងការបង្កើនមូលធនមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។

ថ្លែងក្នុងពិធីបើក លោកបណ្ឌិត សាន វឌ្ឍនា បានកោតសរសើរចំពោះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានទទួល ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ASAIHL 2025 នេះ ដែលជាការរួមចំណែកយ៉ាងធំធេងរបស់សាកលវិទ្យាល័យ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបង្កើនកិត្យានុភាព ជាតិនៅលើឆាកអន្តរជាតិ។

លោកបណ្ឌិតរដ្ឋលេខាធិការ បានគូសបញ្ជាក់ថាបរិវិត្តកម្មឌីជីថលនៅថ្នាក់ឧត្តមសិក្សា គឺជាបញ្ហាដែល យើងត្រូវឆ្លើយតបឱ្យបានលឿន និងល្អបំផុត។ វាមិនមែនគ្រាន់តែជាការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ។ ប៉ុន្តែ វាត្រូវទាមទារនូវការ កំណត់អត្តសញ្ញាណច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងយល់ច្បាស់អំពីគោលបំណងនៃស្ថាប័នរបស់យើង។

លោកបណ្ឌិត ក៏បាន លើកឡើងនូវតួនាទីដ៏សំខាន់ចំនួន ៥ របស់គ្រឹះស្ថានឧត្តមសិក្សា ដែលយើងត្រូវគិតពិចារណា ជាអាទិ៍ ១-សាកលវិទ្យាល័យជា មជ្ឈមណ្ឌលនៃការផ្លាស់ប្តូរដែលមិនចេះរីងស្ងួត ២-សាកលវិទ្យាល័យជាស្ថាបត្យករនៃសេវាកម្ម និងទីផ្សារនាពេលអនាគត ៣-សាកលវិទ្យាល័យជាអ្នកដោះស្រាយភាពស្មុគស្មាញនៃសង្គម ៤-សាកលវិទ្យាល័យជាមជ្ឈមណ្ឌលនៃឧត្តមភាពសម្រាប់សមាហរណ កម្មឌីជីថល និង ៥-សាកលវិទ្យាល័យជាវេទិកាសម្រាប់ការរៀនតាមបែបសម័យទំនើប និងជាគំរូអាជីវកម្ម។

សន្និសីទអន្តរជាតិ ASAIHL 2025 រយៈពេលបីថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន ព្រមទាំងទទួលបានជោគជ័យ និងសមិទ្ធផល ថ្មីៗបន្ថែមទៀតជាច្រើនគួរជាទីមោទនៈសម្រាប់ប៊ែលធី គ្រុប ក៏ដូចជាវិស័យអប់រំនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ៕
ដោយ ៖ សុខា



















-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ