ព័ត៌មានជាតិ
ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ចែករំលែកបទពិសោធន៍ «តួនាទី និងភារកិច្ចរបស់រដ្ឋសភា» ដល់សាស្ត្រាចារ្យលោកគ្រូ-អ្នកគ្រូ និងនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិជាង៣០០០នាក់
ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទ ពិសោធន៍ស្តីពី “តួនាទី និងភារកិច្ចរបស់រដ្ឋសភា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិត សរុបចំនួន ៣,២០៦នាក់។

កម្មវិធីនេះរៀបចំឡើងដោយ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមាន អ្នកចូលរួមផ្ទាល់ជាង ២,០០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) នៅទីតាំងទី១ (ទួលស្លែង) ជាង ១,០០០នាក់។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការទី៩ នៃរដ្ឋសភា និងថ្នាក់ដឹកនាំ ប៊ែលធី គ្រុប ផងដែរ។

លោក លី ណាវុឌ្ឍ សកលវិទ្យាធិការសកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរាយការណ៍ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សា ៥កម្រិតធំៗ ១-ថ្នាក់បំប៉នភាសាអង់គ្លេសនិងកុំព្យូទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)។

ទន្ទឹមគ្នានេះ សាកលវិទ្យាល័យក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាសនៅគ្រប់មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជា វាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ដល់និស្សិតឱ្យមានឱកាសបានសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង ជំនាញ សមត្ថភាព ពង្រឹងវិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូន លោកជំទាវ និន សាផុន ផ្តល់កិត្តិយសដ៏ឧត្ដុង្គឧត្ដមអញ្ជើញជាវាគ្មិន ចែករំលែកបទពិសោធន៍ការងារ ការដឹកនាំ និងចំណេះដឹងល្អៗពាក់ព័ន្ធនឹងតួនាទី និងភារកិច្ចរបស់រដ្ឋសភា ដែលជាស្ថាប័ន កំពូលរបស់ជាតិ ជូនដល់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតប៊ែលធី។

លោកបណ្ឌិត ក៏បានគោរព ថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការទី៩ នៃរដ្ឋសភា ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ និងមមាញឹកផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងបានផ្តាំផ្ញើអង្គសិក្ខាសាលា ទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកជំទាវ និន សាផុន ប្រធានគណៈអធិបតី និងជាវាគ្មិនកិត្តិយសបាន អញ្ជើញចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ជូនដល់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិត ដោយផ្តោត សំខាន់លើ តួនាទីនិងភារកិច្ចរបស់រដ្ឋសភា រចនាសម្ព័ន្ធដឹកនាំរដ្ឋសភា នីតិវិធីពិនិត្យនិងការអនុម័តសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ តួនាទីស្នូលសំខាន់ៗទាំងបីរបស់គណៈកម្មការជំនាញនៃរដ្ឋសភា ជាអាទិ៍ តួនាទីនីតិកម្ម តួនាទីតាមដាន ការអនុវត្តច្បាប់ និង តួនាទីភាពជាតំណាង។ ដោយឡែក ការទូតសភាក៏ជាការងារសំខាន់មួយរបស់រដ្ឋសភានៅក្នុងការ នាំនូវផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ និងប្រទេសជាតិបន្ថែមលើតួនាទីស្នូលទាំងបី តាមរយៈការចូលជាសមាជិកវេទិកា អន្តរសភាសំខាន់ៗ ព្រមទាំងបានបង្កើតក្រុមមិត្តភាពរដ្ឋសភា ជាមួយរដ្ឋសភានៃបណ្តាប្រទេសជាមិត្តក្នុងតំបន់ និងពិភពលោក បានចំនួនជាច្រើនប្រទេសថែមទៀត។ លោកជំទាវប្រធាន ក៏បានរម្លឹកជូនអំពីប្រវត្តិរដ្ឋសភាតាមសម័យកាលនីមួយៗ និងព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសស្នាដៃជាប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរបានចងចាំ និងដឹងគុណដល់វីរៈភាពឥស្សរជន ខ្មែរគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀតដែលបានតស៊ូនិងលះបង់ខ្ពស់បំផុត ដើម្បីរំដោះប្រទេស ស្វែងរកសុខសន្តិភាព ហើយបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជឿនលឿនដូចសព្វថ្ងៃនេះ។
ជាទីបញ្ចប់ លោកជំទាវប្រធាន បានផ្តល់កិត្តិយសអញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិត ដែលបានអញ្ជើញចូលរួមនាពេលនោះ ក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕
ដោយ ៖ សុខា









-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


